មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់
អ្នកជំងឺមហារីកដែលជួបច្រើនជាងគេ គឺមហារីកសុដន មានចំនួន ២០,៤% និងជំងឺមហារីកមាត់ស្បូន ១១,៤%... The post មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់ appeared first on Kampuchea Thmey Daily.

ក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤៤ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺមហារីក បានទទួលការព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣១ ៥១៨នាក់ កើនឡើង ៨៧,៤២% ក្នុងនោះអ្នកជំងឺ ១២៧នាក់ បានទទួលមរណភាព។

មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បានបញ្ជាក់ថា អ្នកជំងឺមហារីកដែលជួបច្រើនជាងគេ គឺមហារីកសុដន់ មានចំនួន ២០,៤% និងជំងឺមហារីកមាត់ស្បូន ១១,៤%។ ទន្ទឹមនេះ ករណីថ្មី ប្រើប្រាស់ជំងឺទឹកនោមផ្អែម មានចំនួន ២៣០ ២៧៩ករណី កើនឡើង ៥៩,១៨% និងអ្នកជំងឺសម្រាកពេទ្យមានចំនួន ១៧ ៥៣៤នាក់ កើនឡើង ៤៣,២៥% ធៀបនឹងឆ្នាំ២០២៣។ ចំណែកករណីថ្មី ប្រើប្រាស់សេវាជំងឺឡើងសម្ពាធឈាម មានចំនួន ៤០១ ៩៣៦ករណី កើនឡើង ២១,៤៤% និងអ្នកជំងឺសម្រាកព្យាបាលមានចំនួន ៣៤ ៧៩២នាក់ ឬកើនឡើង ២៩,៥៣% ធៀបនឹងឆ្នាំ២០២៣។ អ្នកជំងឺបេះដូងសរសៃឈាម បានមកពិនិត្យពិគ្រោះជំងឺមានជំនួន ១៣ ៧១៦ករណី និងសម្រាកព្យាបាលមានចំនួន ២២ ២១៨នាក់ ក្នុងនោះអ្នកជំងឺ ១ ០៧៤ បានទទួលមរណភាព។
ដោយឡែក អ្នកជំងឺអេដស៍ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បានកើនឡើងពី ៦៧ ៧១៧នាក់ ៦៩ ៦៩៤នាក់ ឬកើនឡើង ៣,៣៦% ធៀបនឹងឆ្នាំ២០២៣។ អត្រាស្លាប់ដោយជំងឺរបេង បានធ្លាក់ចុះពី ២៣នាក់ ក្នុងប្រជាជន១០០ ពាន់នាក់នៅឆ្នាំ២០២២ មក ២១នាក់ នៅឆ្នាំ២០២៣ រីឯអត្រាព្យាបាលជោគជ័យនៃជំងឺរបេងនៅរក្សាបានខ្ពស់លើសពី៩០% ក្នុងរយៈពេល ២៤ឆ្នាំជាប់ៗគ្នា។ ករណីជំងឺគ្រុនចាញ់ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ១ ៣៨៤ មកនៅត្រឹម ៣៥៥ករណី រីឯករណីស្លាប់ដោយជំងឺគ្រុនចាញ់បានចាប់ផ្តើមធ្លាក់ដល់សូន្យករណីចាប់បីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៤។ យ៉ាងណាមិញ ករណីជំងឺគ្រុនឈាម បានថយចុះប្រហែល ៤ដង នៃចំនួនដែលបានព្យាករ ដោយសារភាពបុរេសកម្មនៅក្នុងការធ្វើអន្តរាគមន៍ និងការទប់ស្កាត់ទុកជាមុន។

បើតាមលោក ឡូ វាសនាគីរី ការពិនិត្យជំងឺក្រៅសរុប នៅមូលដ្ឋានសុខាភិបាលទូទាំងប្រទេស មានចំនួន ១៨ ៦៦៤ ៣៩៧ ករណី កើនឡើង ២៣,១១% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះករណីថ្មី ពិនិត្យជំងឺក្រៅមានចំនួន ១៣ ៦៧២ ១៥៩ករណី ដោយកើនឡើង ១២,៦១% អ្នកជំងឺសម្រាកពេទ្យមានចំនួន ១ ២៧៦ ៣១៩នាក់ ដោយកើនឡើង ១៦,៣៦% ធៀបនឹងឆ្នាំ២០២៣ រីឯអត្រាស្លាប់នៅមន្ទីរពេទ្យ នៅក្រោម ១% ធ្លាក់ចុះ ០,១៤%៕
ដោយ៖ គេន ម៉ាលិះ
The post មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់ appeared first on Kampuchea Thmey Daily.