ផលិតផលកសិកម្ម៥មុខនៅខេត្តកែប កំពុងកែច្នៃវេចខ្ចប់នាំចេញទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស
នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥នេះលោក មាន ដែន អ្នកគ្រប់គ្រងកសិដ្ឋានបេប៊ីដែលស្ថិតនៅតាមតំបន់ភ្នំវល្លិ៍ ក្នុងសង្កាត់ព្រៃធំក្រុងកែប ខេត្តកែប The post ផលិតផលកសិកម្ម៥មុខនៅខេត្តកែប កំពុងកែច្នៃវេចខ្ចប់នាំចេញទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស appeared first on Kampuchea Thmey Daily.

កែប ៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥នេះលោក មាន ដែន អ្នកគ្រប់គ្រងកសិដ្ឋានបេប៊ីដែលស្ថិតនៅតាមតំបន់ភ្នំវល្លិ៍ ក្នុងសង្កាត់ព្រៃធំក្រុងកែប ខេត្តកែប បានប្រាប់ឱ្យដឹងថា នៅបច្ចុប្បន្ននេះកសិដ្ឋានកំពុងតែកែច្នៃវេចខ្ចប់នូវផលិតផលកសិកម្មចំនួន ៥ មុខដើម្បីធ្វើការផ្តត់ផ្គង់យកទៅលក់នៅលើទីផ្សារនិងការនាំចេញនៅក្នុងនោះមានម្រេច ម្សៅល្មៀត ម្សៅខ្ចី ម្ទេសក្រៀម និង ទឹកឃ្មុំ ហើយក្នុងនេះកសិដ្ឋានក៏កំពុងដំណើរការឯកសារផងដែរក្នុងការនាំចេញផលិតផលវេចខ្ចប់ទាំងនេះទៅកាន់ទីផ្សារប្រទេសចិននិងអាមេរិចជាដើមផងដែរ។

ដាំដុះលើផ្ទៃដីជាង ៩០ហិកតា ដំណាំកសិកម្មចម្រុះជាច្រើនប្រភេទ រួមទាំងឈើខ្លឹម កំពុងហុចផលត្រឡប់មកវិញ ដំណាំសក្តានុពលទាំងនោះមាន ម្រេច ក្រូច ម្ទេស រមៀត ខ្ញី ជាដើម។ ក្នុងនោះដំណាំកសិកម្មដែលមានសក្តានុពលចំនួន ៥មុខ កំពុងត្រូវបានកែច្នៃ វេចខ្ចប់នៅហ្នឹងកន្លែង ដើម្បីលក់ចេញទៅកាន់ទីផ្សាក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោកបន្តថា សម្រាប់ដំណាំម្រេចជាប្រភេទម្រេច GI កាលពី ឆ្នាំ២០២៤ យើងទទួលបានទិន្នផលប្រមាណ៦តោន ដាំលើផ្ទៃដី ៤ហិកតា ក្រោយសម្ងួតរួចយើងទទួលបានម្រេចស្ងួតជាង ៣តោន ដោយឡែកឆ្នាំនេះយើងរំពឹងខ្ពស់ថា ទិន្នផលម្រេចស្ងួតនឹងកើនឡើងអាចរហូតដល់ ៥តោនសម្រាប់នាំចេញ។

ដោយឡែកផលិតផលវេចខ្ចប់ផ្សេងទៀតមាន ម្សៅល្មៀត ម្សៅខ្ញី ម្រេសក្រៀម កាលឆ្នាំកន្លងទៅយើងលក់ចេញបានប្រមាណ ៧០០គ.ក ដោយឡែកឆ្នាំនេះ នឹងរំពឹងដែរថា អាចទទួលបានទិន្នផលខ្ពស់ដើម្បីនាំចេញដូចម្រេចដែរ។

លោកគូសបញ្ជាក់ថា សម្រាប់កសិដ្ឋាននេះរាល់ដំណាំដែលដាំបាន មិនបារម្ភពីទីផ្សារនោះទេ ខ្លាចតែមិនអាចមានគ្រប់ទៅតាមតម្រូវការរបស់អតិថិជន។

គួរបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ ធ្លាប់បានចុះមកពិនិត្យដំណើរការដាំដុះ និងវេចខ្ចប់នូវផលិតផលកសិកម្មរបស់កសិដ្ឋាននេះដែរ ក្នុងនោះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកទឹកចិត្តខ្ពស់ ឱ្យម្ចាស់ទីតាំងខាងលើបន្តប្រឹងប្រែងបង្កើននូវផលិតផលសម្រេចរបស់ខ្លួនដែលផលិតបាននៅលើទឹកដីខេត្តកែប ដើម្បីផ្គតផ្គង់ទីផ្សារក្នុងស្រុកកាត់បន្ថយការនាំចូល និងជំរុញការនាំចេញនៅកាន់ទីផ្សារអន្តរជាតិ៕
ដោយ ៖ សឹង រ៉ាត់






The post ផលិតផលកសិកម្ម៥មុខនៅខេត្តកែប កំពុងកែច្នៃវេចខ្ចប់នាំចេញទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស appeared first on Kampuchea Thmey Daily.