ដ្បិតសកម្មភាពខុសគ្នា តែបុគ្គល ៥រូប កំពុងរួមចំណែកជួយសង្គមជាតិយ៉ាងសកម្មដូចគ្នា

បច្ចុប្បន្ន សាធារណជនពិសេសយុវវ័យ បានងាកមកចាប់ផ្តើមនឹងកិច្ចការរួមចំណែកជួយសង្គម និងសហគមន៍ច្រើនអណេក The post ដ្បិតសកម្មភាពខុសគ្នា តែបុគ្គល ៥រូប កំពុងរួមចំណែកជួយសង្គមជាតិយ៉ាងសកម្មដូចគ្នា appeared first on Kampuchea Thmey Daily.

ដ្បិតសកម្មភាពខុសគ្នា តែបុគ្គល ៥រូប កំពុងរួមចំណែកជួយសង្គមជាតិយ៉ាងសកម្មដូចគ្នា

បច្ចុប្បន្ន សាធារណជនពិសេសយុវវ័យ បានងាកមកចាប់ផ្តើមនឹងកិច្ចការរួមចំណែកជួយសង្គម និងសហគមន៍ច្រើនអណេក ខណៈខ្លះ រួមចំណែកតាមរយៈការកៀរគរថវិកាក្នុងសកម្មភាពមនុស្សធម៌ ខ្លះទៀត ប្រមូលគ្នាធ្វើសកម្មភាពនានា គាំទ្រដល់បរិស្ថាន ផ្តល់ជាចំណេះដឹង ក៏ដូចជាគុណតម្លៃដល់សង្គមជាតិផ្សេងៗ។ល។ ក្នុងចំណោមនោះ ក៏មានបុគ្គល ៥រូប ដែលសកម្មខ្លាំងក្នុងការរួមចំណែកជួយដល់សហគមផងដែរ ដ្បិតសកម្មភាពមិនដូចគ្នាក៏ដោយ។

១. និស្សិតប្លាស្ទិក (Nisset Plastic) 
លោក ហែម សុភេម ដែលគេស្គាល់ថា ស្ថាបនិកនិស្សិតប្លាស្ទិក និងជានិស្សិតនៃវិទ្យាស្ថានភាសាបរទេស (IFL) តែងរួមចំណែកជួយលើកកម្ពស់សោភ័ណភាពបរិស្ថាន ពិសេសក្នុងរាជធានីភ្នំពេញ។ ផ្ដើមការឈឺឆ្អាល យុវជនរូបនេះ បានប្រមូលគ្នីគ្នាជាបន្តបន្ទាប់ ដើររើសនិងប្រមូលសំរាមប្លាស្ទិកនៅមាត់ទន្លេ ប្រឡាយ ក៏ដូចជាតាមលូទឹកស្អុយ នៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មកទល់នឹងបច្ចុប្បន្ន។  

២. លោក អ៊ុក វណ្ណដេ
លោក អ៊ុក វណ្ណដេ ដែលគេស្គាល់ថាស្ថាបនិកសាលាដូងគិរីរម្យ បានបង្កើតកម្មវិធីទេសចរណ៍អំណានតាមរថយន្តចល័ត ដែលផ្ទុកសៀវភៅប្រមាណជា ២០០០ក្បាល ដើម្បីជំរុញទឹកចិត្តយុវជន ឱ្យចេះស្រឡាញ់ការអានសៀវភៅឡើងវិញ ដោយធ្វើដំណើរទូទាំងរាជធានីភ្នំពេញ។ ជាមួយនឹងកម្មវិធីទេសចរណ៍អំណាន លោកបានធ្វើដំណើរទៅកន្លែងជាច្រើន ខណៈទទួលបានការសាទរពីមហាជនផងដែរ។

៣. លោក Orn Richard
Orn Richard ដែលគេស្គាល់ថា Rick គោប្រាក់ អ្នកផលិតមាតិកាល្បីឈ្មោះមួយរូប ដែលនិយមផលិតវីដេអូទាក់ទង នឹងចំណេះដឹង សកម្មភាពសង្គម និងដំណើរកម្សាន្តស្វែងយល់ពីប្រវត្តិសាស្ត្រ ក៏តែងរួមចំណែកជួយដល់សង្គមជាតិដែរ ដោយផ្តោតលើផ្នែកអប់រំ។ ក្រៅពីការផលិតមាតិកាដែលមានគុណតម្លៃ និងចំណេះដឹង យុវជនរូបនេះ ក៏តែងចូលរួមជួយសហគម តាមរយៈសកម្មភាពសប្បុរសធម៌នានា ដូចជាការឧបត្ថម្ភសម្ភារៈសិក្សា និងផ្តល់ផ្ទះស្នាក់នៅដល់សិស្សនិស្សិតជាដើម។ តួយ៉ាង លោកក៏ទើបតែបង្កើតបណ្ណាល័យសាធារណៈមួយ លើទឹកដីនៃ ខេត្តសៀមរាប ដែលអាចឱ្យកុមារនិងមនុស្សពេញវ៏យ ចូលអាន និងខ្ចីឥតគិតថ្លៃផងដែរ។

៤. លោក អួន បឋម 
ក្រៅពីអាជីពជាអ្នកសិល្បៈ សាយ ត្រូវបានគេស្គាល់ថា ជាយុវជនមួយរូបដែលតែងចូលរួមជួយសង្គមជាតិ និងជាស្ថាបនិក Run With Sai តាមរយៈសកម្មភាពសប្បុរសធម៌ ដោយការបង្កើតកម្មវិធីរត់ស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់សាលារៀន និងមន្ទីរពេទ្យជាដើម។

កាលពីអំឡុងឆ្នាំ២០២០ សាយ បានផ្តួចផ្តើមសកម្មភាពមនុស្សធម៌មួយ «រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ដើម្បីស្វែងរកថវិកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោកបានចាប់ផ្តើមបេសកកម្មរត់ពីថ្ងៃទី ០៦ តុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយរត់ចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្លងកាត់ ២១ រាជធានី-ខេត្ត ក្នុងចម្ងាយ ២៤០៨គីឡូម៉ែត្រ ដោយទទួលបានថវិកាសរុបជាង ៤៧ម៉ឺនដុល្លារ ។

ក្រោយមក លោកបានបន្តជំហាននៃសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់ ជាមួយនឹងប្រធានបទនៃកម្មវិធីជាច្រើន ដោយផ្តល់ឱកាសឱ្យសប្បុរជនបានចូលរួមជាមួយលោកផងដែរ ក្នុងនោះមានទាំងការរត់ចម្ងាយ ក៏ដូចជាការជិះកង់ឆ្លងខេត្តជាដើម។ តួយ៉ាង ដើមខែឧសភានេះ សាយ បានបន្ថែមកម្មវិធីសប្បុរធម៌មួយទៀត គឺ «រត់ដោយបេះដូង-RUN BY HEART» លើកទី២ ក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ គាំទ្រដល់ សាលារៀនទន្សាយ ក្នុងបេសកកម្មថែទាំ និងបង្ហាត់បង្រៀនដល់កុមារអូទីហ្ស៊ីមប្រមាណជាជាង ២០០ នាក់ និងដើម្បីលើកកម្ពស់ការថែទាំសុខភាពតាមរយៈការរត់ផងដែរ។

៥. លោក ទីវ តារារិទ្ធ
ក្រោយបញ្ចប់បេសកកម្មជិះកងរៃអង្គាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ជិត ៣ខែ ក្នុងដំណើរ ៩៧៥០គីឡូម៉ែត្រ កាលពីឆ្នាំ២០២៣ ដោយនាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ អ្នកជិះកង់សប្បុរសធម៌រូបនេះ បានបន្តបេសកកម្មជិះកង់រៃអង្គាសថវិកាមួយទៀត ក្នុងទិសដៅទៅកាន់ទ្វីបអឺរ៉ុប ក្នុងចម្ងាយប្រមាណជាជាង ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ២៥ប្រទេស។

បើគិតមកទល់ពេលនេះ ដំណើរបេសកកម្មរបស់លោកប្រើពេលជាង ១១ខែទៅហើយ ខណៈជួបឧបសគ្គ និងការរាំងស្ទះជាច្រើន ខណៈថ្មីៗនេះ លោកក៏ប្រទះនឹងឧបសគ្គដ៏ធំមួយទៀត គឺលក្ខខណ្ឌតម្រូស្នើរសុំ Visa ឆ្លងកាត់ទឹកដី Turkey និង ប៉ែកអឺរ៉ុប ដែលទាមទារឱ្យការដាក់ពាក្យស្នើ ត្រូវតែស្នើពីទឹកដីប្រទេសកំណើត។ ហេតុនេះហើយ លោកត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញ ដើម្បីតែស្នើសុំ Visa បន្តបេសកកម្មរបស់លោកបន្តទៀត៕

The post ដ្បិតសកម្មភាពខុសគ្នា តែបុគ្គល ៥រូប កំពុងរួមចំណែកជួយសង្គមជាតិយ៉ាងសកម្មដូចគ្នា appeared first on Kampuchea Thmey Daily.