ប្រាក់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនឡើងជាង ៤%
វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថិរភាពដោយមានកំណើនទាំងឥណទាន និងប្រាក់បញ្ញើ... The post ប្រាក់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនឡើងជាង ៤% appeared first on Kampuchea Thmey Daily.

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានចំនួន ៥,៣៧ ពាន់លានដុល្លារ កើនឡើង ៤,១% ធៀបនឹងត្រីមាសទី ៤ ក្នុងឆ្នាំ ២០២៤ ដល់អតិថិជនជាង ១,៥ លាននាក់ (១.៥០៣.១៧២) កើនឡើង ១,៧% នៅទូទាំងប្រទេសកម្ពុជា។

វិស័យមីក្រូហិរញ្ញវត្ថុ បានទទួលប្រាក់បញ្ញើជាង ២,៧៨ ពាន់លានដុល្លារកើនឡើង ៩,៦%ធៀបនឹងត្រីមាសមុន ពីអតិថិជន ១.៩៥៥.០១៣នាក់ ថយចុះ ៨,៨%។ ចំពោះឥណទាន ដែលអតិថិជនបង់សងយឺតលើស ៣០ថ្ងៃ (PAR +30) បានឡើងដល់ ៩.៥% កើនឡើង១,៣%ធៀបនឹងត្រីមាសមុន។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានស្ថិរភាពដោយមានកំណើនទាំងឥណទាន និងប្រាក់បញ្ញើ បើទោះជាឥណទានយឺតយ៉ាវមានការកើនឡើង។ លោកបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

វិស័យមីក្រូហិរញ្ញ្ញវត្ថុកម្ពុជា បានផ្តល់ទៅកាន់វិស័យ សំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ អង្គភាពគ្រួសារ ៣២,៨% កសិកម្ម ២០,៨% ពាណិជ្ជកម្មនិងជំនួញ ២០,១% សេវាកម្ម ១១,៨% សំណង់ ៦,៧% ដឹកជញ្ជូន ២,៧% កម្មន្តសាល ២,៧% និងផ្សេងៗ ២,៤%។
យោងតាម CBC គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,០៤ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៩ ពាន់លានដុល្លារ។
គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៧% រហូតដល់ ៩១,១ ពាន់លានដុល្លារ ខណៈឥណទានបន្តមានកំណើនទាប ៣% ប្រមាណ ៥៩,៩ ពាន់លានដុល្លារ ក្នុងពេលដែលប្រាក់បញ្ញើបានកើនឡើង ១៦,៣% ប្រមាណ ៥៧ ពាន់លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
The post ប្រាក់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនឡើងជាង ៤% appeared first on Kampuchea Thmey Daily.