ពលរដ្ឋជីករុករករ៉ែមាស តាមកោះតាមដងទន្លេមេគង្គ ត្រូវបានអាជ្ញាធរស្រុកសំបូរហាមឃាត់
ពលរដ្ឋ ប្រមាណជា ៣០គ្រួសារ ដែលធ្វើសកម្មជីករុករករ៉ែមាស....... The post ពលរដ្ឋជីករុករករ៉ែមាស តាមកោះតាមដងទន្លេមេគង្គ ត្រូវបានអាជ្ញាធរស្រុកសំបូរហាមឃាត់ appeared first on Kampuchea Thmey Daily.

ពលរដ្ឋ ប្រមាណជា ៣០គ្រួសារ ដែលធ្វើសកម្មជីករុករករ៉ែមាស ដោយអនាធិបតេយ្យ នៅតាមកោះមួយចំនួន ភាគខាងលើនៃដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំបូរ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកសំបូរ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរ៉ែ និងថាមពលខេត្តក្រចេះ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព និងរុះរើសម្ភារចេញជាបន្ទាន់ក្នុងរយៈពេល ១ថ្ងៃ។

ការចុះអប់រំណែនាំខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំសំបូរ និងឃុំកោះខ្ញែរ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។




តាមការឲ្យដឹងពីអភិបាលស្រុកសំបូរ លោក គង់ មេត្តា បានបញ្ជាក់ថា កម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុក សហការជាមួយមន្ទីររ៉ែ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ លើពលរដ្ឋ ៣០គ្រួសារ នៅចំណុច ៣ ទីតាំងផ្សេងគ្នា ដោយរួមមាន៖
ទីតាំងទី១៖ នៅចំនុចក្បាលកោះរាល ស្ថិតក្នុងភូមិកោះរាល ឃុំសំបូរ គឺមាន ៣គ្រួសារ ស្នើនឹង ១២នាក់។ ទីតាំងទី២៖ នៅចំនុចក្បាលកោះពោត ភូមិជើងពាត ឃុំកោះខ្ញែរ មាន ៥គ្រួសារ ស្មើនឹង ១០នាក់ និងទីតាំងទី៣៖ នៅចំនុចក្បាលកោះព្រែង ភូមិជើងពាត ឃុំកោះខ្ញែរ មាន ២២គ្រួសារ ស្មើនឹង ៥០នាក់។
លោកអភិបាលស្រុកសំបូរ បានបញ្ជាក់ថា តាមការពិនិត្យជាក់ស្ដែង គឺពលរដ្ឋប្រើប្រាស់កម្លាំងមនុស្សលើកចាក់ចូលទរប៉ូមទឹក ដោយពុំមានការប្រើថ្នាំ ឬម៉ាស៊ីនប៉ូមខ្នាតធំនោះទេ។ ដូច្នេះក្រុមការងារ បានអប់រំណែនាំធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព និងរុះរើយកសម្ភារចេញក្នុងរយៈពេល១ថ្ងៃ៕
អត្ថបទ៖ ប្រុញ វិធិន
The post ពលរដ្ឋជីករុករករ៉ែមាស តាមកោះតាមដងទន្លេមេគង្គ ត្រូវបានអាជ្ញាធរស្រុកសំបូរហាមឃាត់ appeared first on Kampuchea Thmey Daily.