ប្រវត្តិ​នៃ​ការ​បង្កើត​កងកម្លាំង​នគរបាល​ជាតិកម្ពុជា

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៨០ នៃការចាប់បដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៥) The post ប្រវត្តិ​នៃ​ការ​បង្កើត​កងកម្លាំង​នគរបាល​ជាតិកម្ពុជា appeared first on Kampuchea Thmey Daily.

ប្រវត្តិ​នៃ​ការ​បង្កើត​កងកម្លាំង​នគរបាល​ជាតិកម្ពុជា

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាខួបអនុស្សាវរីយ៍លើកទី៨០ នៃការចាប់បដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥) ដែលជាអង្គប្រតិបត្តិច្បាប់ពោរពេញដោយពលានុភាព ប្រសូត្រឡើងក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលមានតួនាទីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

រយៈពេល៨០ឆ្នាំហើយ ដែលនគរបាលជាតិកម្ពុជា បានចាប់បដិសន្ធិ និងបានវិវត្តន៍ឆ្លងកាត់វិញ្ញាសាជាច្រើន រួមទាំងឧបសគ្គ និងបញ្ហាប្រឈមប្រែប្រួលដ៏ស្មុគស្មាញនៃរបត់សង្គម ប៉ុន្តែមុនឈានមកដល់ពេលនេះជាអកុសលក្នុងសម័យកាលខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ស្ថាប័ននគរបាលជាតិកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ នៅក្នុង​ឱកាស​ខួប​៨០ឆ្នាំ​ថ្ងៃ​កំណើតនគរបាល​ជាតិ «កម្ពុជាថ្មី» ​សូម​លើក​យក​ប្រវត្តិ​នៃ​ការ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ ដូចខាងក្រោម៖

តាមការស្រាវជ្រាវរបស់គណៈកម្មការស្រាវជ្រាវចងក្រងប្រវត្តិកងកម្លាំងនគរបាលជាតិ បានរកឃើញនូវឯកសារជាដែលចំណាស់ជាងគេស្តីពីវិស័យនគរបាល មានចាប់ពីឆ្នាំ១៨៨៤ តម្កល់ទុកក្នុងបណ្ណសារដ្ឋានជាតិ រាជធានីភ្នំពេញ សព្វថ្ងៃនេះ ជាមូលដ្ឋានច្បាស់លាស់ អាចធ្វើការចងក្រងអំពីប្រវត្តិសកម្មភាព និងសមិទ្ធផល នៃកងកម្លាំងនគរបាលកម្ពុជា។ យោងតាមឯកសារទាំងនោះ បានបញ្ជាក់ថា ជនរួមជាតិខ្មែរជាច្រើននាក់ បានរួមចំណែកក្នុងការពង្រឹង សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមជាមួយបារាំង ក្នុងវិស័យនគរបាល អស់រយៈពេល៦១ឆ្នាំ (១៨៨៤-១៩៤៥) មុនពេលបង្កើតកងកម្លាំងនគរបាលជាតិ ជាផ្លូវការ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥។

ដោយសារកម្ពុជា ធ្លាប់បានហែលឆ្លងកាត់ទាំងដំណាក់កាលសុខសន្តិភាព និងធ្លាប់ជាប់ឈ្មោះជាដែនដីដែលពោរពេញទៅដោយជម្លោះ និងសង្គ្រាបែកបាក់ផងនោះ ៨០ឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ ក៏ត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ទៅតាមការផ្លាស់ប្តូរនៃរបត់នយោបាយ។ តែយ៉ាងណាក៏ដោយ ក៏កងកម្លាំងនគរបាលជាតិ នៅតែស្តាយជាប់នឹងស្មានូវតួនាទី និងភារកិច្ចក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ក្នុងន័យថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខក្សេមក្សាន្តជូនពលរដ្ឋជាប់ជានិច្ច។

ជាក់ស្តែងក្នុងសម័យឯករាជ្យ ដោយមានការយកព្រះទ័យទុកដាក់ពីសម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ ស្ថាប័ននគរបាល ត្រូវបានកែសម្រួលរចនាសម្ព័ន្ធជាបន្តបន្ទាប់ ព្រមទាំងបានពង្រឹងទាំងកម្លាំង និងសមត្ថភាព ពិសេសចាប់ពីឆ្នាំ១៩៥៩ បានបង្កើតជាកងរាជតម្រួត និងរាជបណ្ឌិត្យសភាតម្រួត។ នៅសម័យសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ចំណុចដែលអាចកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រនគរបាលនោះ គឺការបង្កើត “ប៉ូលិសសាធារណរដ្ឋ” ដែលមានបេសកកម្ម ក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ញត្តិទាំងឡាយក្នុងការប្រតិបត្តិការខាងតុលាការ និងរ៉ាប់រងការរៀបរយសន្តិសុខ ភាពសុខសាន្ត និងភាពស្ងប់ជាសាធារណៈ។

បើទោះជាបែបនេះក្តី រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោយរបបសាធារណរដ្ឋខ្មែរ ត្រូវបានផ្តួលរំលំ ពោលគឺក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយខ្មែរក្រហម (១៩៧៥-១៩៧៩) គេមិនអាចកត់ត្រា និងរាប់បញ្ចូលនូវប្រវត្តិកងកម្លាំងនគរបាល ក្នុងរយៈពេលជិត ៤ឆ្នាំ នៃរបបនេះបាននោះឡើយ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាបានរស់ឡើងវិញ ឆ្លងផុតពីរណ្តៅមរណៈ និងសោកនាដកម្ម ដោយបានបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា។ ដើម្បីរួមចំណែកក្នុងការរៀបចំសង្គមឡើងវិញស្ថាប័ននគរបាល ដែលនៅពេលនោះ ត្រូវបានគេស្គាល់ថា “កងកម្លាំងនគរបាលប្រជាជន” បានចាប់ផ្តើមដំណើរការឡើងវិញ និងមានការវិវត្តប្រែប្រួលទៅតាមស្ថានភាពនយោបាយ យោធា សន្តិសុខ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ និងសភាពការណ៍អន្តរជាតិ។

ចាប់ពីឆ្នាំ១៩៧៩ កងកម្លាំងនគរបាលប្រជាជន ត្រូវបានជ្រើសរើសជាបន្តបន្ទាប់ ហើយត្រូវបានចាត់បញ្ជូនចូលហ្វឹកហ្វឺនក្នុងសាលានគរបាលប្រជាជន រយៈពេល ៣ ទៅ ៦ខែ។ ប៉ុន្តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្ថាប័ននគរបាលប្រជាជន បានវិវត្តខ្លួនឥតឈប់ឈរ ហើយកាន់តែរឹងមាំឡើងលំដាប់។ លុះដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ រចនាសម្ព័ន្ធកងកម្លាំងនគរបាល ត្រូវបានរៀបចំឡើងវិញទាំងស្រុង និងបានប្តូរឈ្មោះមកជា នគរបាលជាតិកម្ពុជា ដោយបង្កើតជាអគ្គនាយកដ្ឋាននគរបាលជាតិ និងបន្ទាប់មកជា អគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់បច្ចុប្បន្ននេះ ដែលមានអាយុកាល៨០ឆ្នាំហើយ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិ ក្នុងឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបចំឡើងទ្រង់ទ្រាយធំ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានភ្ជាប់ជាមួយនឹងការហែរក្បួនព្យុះហយាត្រារបស់កងកម្លាំងនគរបាលជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

The post ប្រវត្តិ​នៃ​ការ​បង្កើត​កងកម្លាំង​នគរបាល​ជាតិកម្ពុជា appeared first on Kampuchea Thmey Daily.