ប្រទេសចំនួន១១ ប្ដេជ្ញាអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើងឲ្យបានខ្ជាប់ខ្ជួន
ប្រទេសចំនួន១១ បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង... The post ប្រទេសចំនួន១១ ប្ដេជ្ញាអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើងឲ្យបានខ្ជាប់ខ្ជួន appeared first on Kampuchea Thmey Daily.

ប្រទេសចំនួន១១ បានប្តេជ្ញាអនុវត្តយ៉ាងពេញលេញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង។

ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីប្រទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នូវែលសេឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បើកកិច្ចប្រជុំដំបូងនៃក្រុមត្រួតពិនិត្យទណ្ឌកម្មពហុភាគី (MSMT) ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃ១៩កុម្ភៈ ហើយបានពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា៖ «រដ្ឋដែលចូលរួមនៃ MSMT ត្រូវបានមូលមតិគ្នានៅក្នុងការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការពាររបបមិនរីកសាយភាយនុយក្លេអ៊ែរជាសកល និងដោះស្រាយការគំរាមកំហែងដែលកើតឡើងពីកម្មវិធីមីស៊ីលប៉ាលិស្ទិក និងអាវុធប្រល័យលោក (WMD) របស់កូរ៉េខាងជើង»។
MSMT ត្រូវបានបង្កើតឡើងក្នុងខែតុលាឆ្នាំមុន បន្ទាប់ពីមានការវេតូរបស់រុស្ស៊ីក្នុងខែមីនាឆ្នាំ២០២៤ ដែលបានរំសាយក្រុមអ្នកជំនាញ 1718 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គោលបំណងរបស់ MSMT គឺដើម្បីជួយដល់ការអនុវត្តពេញលេញនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសកូរ៉េខាងជើង ដោយការបោះពុម្ពផ្សាយរបាយការណ៍ និងព័ត៌មានផ្អែកលើការស៊ើបអង្កេតយ៉ាងម៉ត់ចត់លើការរំលោភទណ្ឌកម្មពាក់ព័ន្ធ និងការប៉ុនប៉ងគេចវេស។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «យើងបញ្ជាក់ម្តងទៀតថាផ្លូវទៅកាន់ការសន្ទនានៅតែបើកចំហ ហើយអំពាវនាវឲ្យរដ្ឋទាំងអស់ចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ពីកូរ៉េខាងជើង និងអ្នកដែលចូលរួមក្នុងការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
កាលពីឆ្នាំមុន រុស្ស៊ីបានវេតូលើសេចក្តីព្រាងនៃសេចក្តីសម្រេចដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានអំពាវនាវឲ្យបន្តអាណត្តិគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើងមួយឆ្នាំទៀត៕
ដោយ៖ ឈាង
The post ប្រទេសចំនួន១១ ប្ដេជ្ញាអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើងឲ្យបានខ្ជាប់ខ្ជួន appeared first on Kampuchea Thmey Daily.