ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប
ប៉ូលិសថៃបានរឹបអូសទឹកអប់ម៉ាកល្បីៗក្លែងក្លាយជាង ២៨,០០០ ដបពីឃ្លាំងក្នុងទីក្រុងបាងកក និងចាប់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធនឹង... The post ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប appeared first on Kampuchea Thmey Daily.

យោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី០៥ខែឧសភានេះ ប៉ូលិសថៃបានរឹបអូសទឹកអប់ម៉ាកល្បីៗក្លែងក្លាយជាង ២៨ពាន់ដបពីឃ្លាំងសន្និធិ (ស្តុក) ក្នុងទីក្រុងបាងកក និងចាប់ខ្លួនជនជាតិចិនម្នាក់ពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់។

លោក វរសេនីយ៍ទោ Thanthawat Anurakniyom អធិការនៃកងពលលេខ៤ ពីនាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (CPPD) បាននិយាយថា មន្រ្តីបានធ្វើការត្រួតពិនិត្យនៅឃ្លាំងចំនួន៤ក្នុងទីក្រុងបាងកក ដែលជាកម្មសិទ្ធិរបស់ជនជាតិចិនម្នាក់កាលពីថ្ងៃទី ១ ខែឧសភាហើយបានរឹបអូសដបទឹកអប់ក្លែងក្លាយចំនួន ២៨,២៤៦ ដប។ ក្នុងចំណោមទឹកអប់ក្លែងក្លាយទាំងនោះមានមានឈ្មោះម៉ាកល្បីៗដូចជា Louis Vuitton, Burberry Hero, Coco Chanel Paris និង YSL។
ប៉ូលិសក៏បានឆែកឆេរផ្ទះជួលមួយកន្លែងទៀត ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យជនជាតិចិន នៅក្នុងសង្កាត់ Thonburi នៃទីក្រុងបាងកក និងរឹបអូសបានភស្តុតាងបន្ថែមទៀត។

គួរបញ្ជាក់ថាមុនឈានដល់ការរឹបអូសទ្រង់ទ្រាយធំនេះ គឺធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនបុរសថៃម្នាក់ក្នុងខែមីនាដោយចោទប្រកាន់ពីបទលក់ទឹកអប់ក្លែងក្លាយ។
ប៉ូលិសចោទថា ជនសង្ស័យបាននាំចូលទឹកអប់គ្មានម៉ាកគុណភាពទាប រួចយកមកវេចខ្ចប់លក់បន្តនៅប្រទេសថៃ។
សរុបមក មន្ត្រីរឹបអូសបានទឹកអប់ និងគ្រឿងសម្អាងក្លែងក្លាយចំនួន ៣៤៨០៦ ដែលមានតម្លៃប៉ាន់ស្មានផ្លូវ ៤.៣៦ លានបាត (១៣ម៉ឺនដុល្លារជាង)។
ជនសង្ស័យត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទ លក់គ្រឿងសម្អាងដោយគ្មានអាជ្ញាប័ណ្ណ លក់ផលិតផលក្លែងក្លាយ
ខណៈប៉ូលិសសង្ស័យថា ជនសង្ស័យបានចែកចាយរបស់ក្លែងក្លាយតាមបណ្តាញអនឡាញ និងលក់រាយអស់រយៈពេលជាង៣ឆ្នាំមកហើយ៕


អត្ថបទ៖ ប៊ុន សុភាព
The post ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប appeared first on Kampuchea Thmey Daily.