​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

យ៉ាងហោចណាស់មនុស្ស ១៥នាក់ ភាគច្រើនជាស្រ្តីកសិករបានស្លាប់ និងរាប់សិបនាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជាយក្រុងភាគខាង... The post ​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី appeared first on Kampuchea Thmey Daily.

​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី

យ៉ាងហោចណាស់មនុស្ស១៥នាក់​ភាគច្រើនជា​កសិករ​ស្រ្តី​​បានស្លាប់ និងរាប់សិបនាក់បានរងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជាយក្រុងភាគខាងជើងនៃប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០២ខែកុម្ភៈនេះ។

(រូបភាព៖ X)

កងការពារស៊ីវិលស៊ីរីក្នុងតំបន់បានរាយការណ៍ថា រថយន្តនៅជាយក្រុង Manbij ត្រូវបានបំផ្ទុះនៅក្បែររថយន្តដឹកកសិករ​ដោយបានសម្លាប់ស្ត្រី​១៤នាក់ និងបុរសម្នាក់។ ស្ត្រី​១៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ។ ប៉ុន្តែបើតាម អង្គការ​ឃ្លាំមើលសង្រ្គាម The Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានលើក​ឡើង​ថា ស្ត្រី១៨នាក់ត្រូវបានសម្លាប់ រួមទាំងបុរសម្នាក់ផង។

ក្រុង Manbij ក្នុងខេត្ត Aleppo ភាគឦសាននៅតែបន្តមានអំពើហិង្សា ចាប់តាំងពីការដួលរលំការគ្រប់គ្រងរបស់ប្រធានាធិបតី Bashar Assad ក្នុងខែធ្នូ ដែលក្រុមគាំទ្រដោយតួ​ក​គី គេស្គាល់ថាជាកងទ័ពជាតិស៊ីរី បន្តប៉ះទង្គិចជាមួយ​កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក។

ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ចំនួន​អ្នកស្លាប់ទំនងជាបន្តកើនឡើង។ ទោះយ៉ាងណាមិន​ទាន់​មាន​ការ​អះអាង​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​​ទេ។

ការ​ផ្ទុះ​នេះ​ជា​លើក​ទី​ពីរ​​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ព្រោះកាល​ពី​ថ្ងៃ​សៅរ៍ ជន​ស៊ី​វិល​៤​នាក់​បាន​ស្លាប់និង​៩​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​ផ្សេង​ទៀត​នៅក្រុង Manbijនេះដដែល។ ទីក្រុង​នេះ​ស្ថិត​ក្នុង​តំបន់​ជនបទ ចម្ងាយ​ប្រហែល ៣០គីឡូម៉ែត្រ ភាគខាងត្បូង​នៃ​ព្រំដែន​តួ​ក​គី និងជាប់ជាមួយទន្លេ Euphrates នៅ​ខាងកើត៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ​បំផ្ទុះគ្រាប់បែកក្នុងឡានសម្លាប់​មនុស្ស​១៥នាក់ នៅ​ភាគខាងជើងស៊ីរី appeared first on Kampuchea Thmey Daily.