នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ

ជាមួយនឹងការអរគុណកម្ពុជា នាយករដ្ឋមន្ត្រីថៃ បានអះអាងពីការបន្តសហការគ្នាដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃ The post នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការល្អក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានឡើងនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ។

ជាមួយនឹងការអរគុណកម្ពុជា លោកស្រី នាយករដ្ឋមន្ត្រីថៃ តាមរយៈសេចក្ដីថ្លែងការណ៍រួម ក្រោយជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ក៏បានអះអាងពីការបន្តសហការគ្នាដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃផងដែរ។

នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងពង្រឹងភាពជាដៃគូសន្តិសុខជាមួយកម្ពុជា ដោយឯកភាពជំរុញនូវកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែជិតស្និទ្ធ និងគ្រប់កម្រិត ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។

ទាក់ទិននឹងលើវិស័យសន្តិសុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអះអាងពីការឯកភាពរបស់ កម្ពុជា-ថៃ ក្នុងការបន្តកិច្ចសហការបន្ថែមទៀតដែលមានស្រាប់ នៅក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់ ជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តយ៉ាងដូច្នេះថា៖ «កម្ពុជាសូមគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយ ប្រកបដោយសន្តិភាព ស្ថិរភាព​ វិបុលភាព​ ដោយយើងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព​ ជាពិសេសក្នុងចំណោមបណ្ដាអង្គភាពដែលឈរជើងនៅតាមបណ្ដោយព្រំដែន»

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពបន្តធ្វើការជាមួយគ្នា ដើម្បីជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យ ឈានដល់កម្រិត​កាន់តែខ្ពស់ថែមទៀត ធ្វើយ៉ាងណាធានាមកនូវកំណើន សុខមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ appeared first on Kampuchea Thmey Daily.