មូលហេតុ៥យ៉ាងនេះ អ្នកគាំទ្រមិនគួររំលងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League
វាជាពេលវេលាដ៏អស្ចារ្យដែលអ្នកគាំទ្រមិនគួរឲ្យឱកាសនេះកន្លងហួសទៅ។ សារព័ត៌មាន«កម្ពុជាថ្មី»សូមលើកយកហេតុផលសំខាន់ចំនួន៥ដែលអ្នកគាំទ្រគួរតែទៅមើលផ្ទាល់។ The post មូលហេតុ៥យ៉ាងនេះ អ្នកគាំទ្រមិនគួររំលងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.

វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រវាងក្លិប ព្រះខ័នរាជស្វាយរៀង និង FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាការប្រកួតជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតមិនធ្លាប់មាននៅក្នុងវិស័យបាល់ទាត់កម្ពុជា។

វាជាពេលវេលាដ៏អស្ចារ្យដែលអ្នកគាំទ្រមិនគួរឲ្យឱកាសនេះកន្លងហួសទៅ។ សារព័ត៌មាន«កម្ពុជាថ្មី»សូមលើកយកហេតុផលសំខាន់ចំនួន៥ដែលអ្នកគាំទ្រគួរតែទៅមើលផ្ទាល់។
ចារប្រវត្តិសាស្ត្រ វគ្គផ្តាច់ព្រ័ត្រ ពានអាស៊ីដំបូងនៅកម្ពុជា
មុនសម័យសង្គមរាស្ត្រនិយម ពិតជាពិបាកស្វែងរកឯកសារផ្លូវការណាមួយដែលបង្ហាញពីកម្ពុជាធ្លាប់បានទទួលរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់លំដាប់អាស៊ីណាស់។ បើគិតចាប់តាំងពីសម័យក្រោយសង្គ្រាមមកគឺកម្ពុជាគ្មានប្រវត្តិទាល់តែសោះក្នុងការរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ី។

ការរង់ចាំអស់រយៈពេលរាប់សិបឆ្នាំ ទីបំផុតថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ត្រូវបានចារឈ្មោះជាប្រវត្តិសាស្ត្ររបស់បាល់ទាត់ទ្វីបអាស៊ី និងពិភពលោក។ ពានរង្វាន់ក្លិបអាស៊ីកម្រិតទី៣នេះមានអាយុកាល២០ឆ្នាំមកហើយដែលតាំងពីដើមមកប្រើឈ្មោះ AFC President’s Cup ប៉ុន្តែកម្ពុជាបានក្លាយជាប្រទេសទី១ក្នុងការធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីពានរង្វាន់នេះត្រូវបានប្តូរឈ្មោះជា AFC Challenge League កាលពី២០២៤។
ក្រុមតំណាងកម្ពុជាឡើងវគ្គផ្តាច់ព្រ័ត្រ លើកដំបូងលើទឹកដីរបស់ខ្លួន
វាជារឿងកម្របំផុតដែលក្លិបតំណាងកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់កម្រិតអាស៊ីនៅលើទឹកដីរបស់ខ្លួន។ ព្រះខ័នរាជស្វាយរៀង ជាក្លិបកម្ពុជាទីមួយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រលើទឹកដីរបស់ខ្លួន និងជាក្លិបកម្ពុជាទី២បានឡើងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីទី៣នេះ បន្ទាប់ពីភ្នំពេញក្រោន ដែលធ្លាប់បានបង្កើតកំណត់ត្រាជាក្រុមកម្ពុជាដំបូងឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១១ នៅឆាយនីស តៃប៉ិ។

បង្កើតកំណត់ត្រាអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនបំផុត
ក្នុងព្រឹត្តិការណ៍ AFC Challenge League រដូវកាល២០២៤-២៥ តាំងពីវគ្គសន្សំពិន្ទុក្នុងពូល រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតរវាងក្រុម East Bengal និង Arkadag វគ្គ៨ក្រុមចុងក្រោយ កាលពី៤ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌាគឺជាការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ច្រើនជាងគេបំផុតរហូតដល់ ២៥.៤៩៧នាក់។
អ្នកគាំទ្រច្រើនបំផុតលំដាប់លេខ២បានមកទឹកដីកម្ពុជា នៅពេល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Shan United ដោយលទ្ធផល ៦-២ វគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ មានអ្នកទស្សនាផ្ទាល់ចំនួន ១៥.៧៧៨នាក់។

តាមរយៈតម្លៃសំបុត្រទាប កន្លែងអង្គុយនៅពហុកីឡដ្ឋានជាតិមរតកតេជោអាចដាក់មនុស្សបានជាង៦ម៉ឺននាក់ និងការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង អ្នកគាំទ្រកម្ពុជាអាចនឹងទៅមើលផ្ទាល់ច្រើនជាង៣ម៉ឺននាក់ដើម្បីបំបែកកំណត់ត្រាអ្នកគាំទ្រទស្សនាផ្ទាល់ច្រើនជាងគេបំផុតនៅក្នុងរដូវកាលនេះ។
ជោគជ័យរបស់ក្លិបគឺជាជោគជ័យរបស់បាល់ទាត់កម្ពុជាទាំងអស់គ្នា
អ្នកគាំទ្របានដឹងរួចហើយថា ការឈានដល់វគ្គផ្តាច់ព្រ័ត្ររបស់ ព្រះខ័នរាជស្វាយរៀង បានរុញច្រានឲ្យក្លិបបាល់ទាត់តំណាងកម្ពុជាទទួលបាន១កៅអីកន្លះនៅក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២គឺ AFC Champions League Two នៅរដូវកាល២០២៦/២០២៧។ ១កៅអីនៅវគ្គសន្សំពិន្ទុក្នុងពូលដោយស្វ័យប្រវត្តិ និងកន្លះកៅអីទៀតស្ថិតនៅវគ្គជម្រុះ។

ការឡើងដល់វគ្គផ្តាច់ព្រ័ត្ររបស់ ព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្លិបតំណាងកម្ពុជាបានឡើងឈរពីលើក្លិបរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសខ្លាំងផ្នែកបាល់ទាត់អាស៊ាន។ វាមិនមែនជាជោគជ័យរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងតែម្យ៉ាងនោះទេ ប៉ុន្តែគឺជាជោគ័យមួយដ៏ធំរបស់វិស័យបាល់ទាត់កម្ពុជាទាំងអស់គ្នា។
អ្វីដែលកាន់តែពិសេសទៀតនោះ ប្រសិនបើ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯក AFC Challenge League នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះគឺ ក្លិបព្រះខ័នរាជស្វាយរៀង ទទួលបានកៅអីទៅលេងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two នៅរដូវកាលក្រោយតែម្តងគឺរដូវកាល២០២៥/២០២៦។ ពិន្ទុសម្រាប់ក្លិបតំណាងបាល់ទាត់កម្ពុជា និងកេរ្តិ៍ឈ្មោះបាល់ទាត់កម្ពុជា កាន់តែត្រូវបានពិភពលោកស្គាល់ ជាមួយភាពរីកចម្រើន។ ទាំងនេះមិនអាចខ្វះបានសម្រាប់ការចូលរួមចំណែករបស់អ្នកគាំទ្រ។

បើមិនទៅមើលផ្ទាល់ពេលនេះ តើចាំពេលណា
និយាយភាសាមញ្ញគឺថា ស្ទើរមួយជីវិតហើយទើបមានម្តងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ីនៅលើទឹកដីកម្ពុជា។ រយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ដ៏សំខាន់បានកើតមានដំបូងនៅទឹកដីកម្ពុជា ហើយក៏មិនច្បាស់ថា ទៅថ្ងៃក្រោយកើតមានទៀតឆាប់ ឬក៏យូរយ៉ាងណានោះទេ។ នេះជាឱកាសអស្ចារ្យកម្រមានដែលអ្នកគាំទ្រនៅរាជធានីភ្នំពេញ និងជិតៗភ្នំពេញគួរតែចំណាយពេលវេលាដើម្បីទៅមើលផ្ទាល់។

ថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀងពិតជាចង់ឃើញមុខបងប្អូនអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួមចំណែកក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។ ដូច្នេះកុំភ្លេចណា! ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ជាពេលវេលាចារជាប្រវត្តិសាស្ត្រនៅក្នុងបាល់ទាត់អាស៊ី៕
ព័ត៌មានច្រើនទៀតអំពីពានរង្វាន់ក្លិបអាស៊ីទី៣ សូមចូល AFC Challenge League
អត្ថបទ៖ វីរបុត្រ
The post មូលហេតុ៥យ៉ាងនេះ អ្នកគាំទ្រមិនគួររំលងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League appeared first on Kampuchea Thmey Daily.