នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ដែលរំលោភក្មេងអាយុ៦ឆ្នាំក្នុងសង្កាត់ស្រះចក
សមត្ថកិច្ចចាប់បានហើយ ជនសង្ស័យដែលរំលោភកុមារីវ័យ០៦ឆ្នាំ បណ្តាលឱ្យរបួសដេរជាច្រើនថ្នេរ នៅសង្កាត់ស្រះចក The post នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ដែលរំលោភក្មេងអាយុ៦ឆ្នាំក្នុងសង្កាត់ស្រះចក appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ សមត្ថកិច្ចចាប់បានហើយ ជនសង្ស័យដែលរំលោភកុមារីវ័យ០៦ឆ្នាំ បណ្តាលឱ្យរបួសដេរជាច្រើនថ្នេរ នៅសង្កាត់ស្រះចក កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។

ការឃាត់ខ្លួននេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ០៣រសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិ១៧ ក្បែរគល់ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្រ្តីជាម្តាយបានបញ្ជាក់ថា កូនស្រីរបស់ខ្លួន គឺដេរច្រើនថ្នេរ ក្រោយពេលត្រូវជនសង្ស័យរំលោភ។
តាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា ក្រោយបានទទួលពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះ លោកឧត្តមសេនីយ៍ត្រី ហ៊ុន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទ ចុះស្រាវជ្រាវចាប់ជនល្មោភកាម ដែលបានរំលោភកុមារីអាយុ៦ឆ្នាំ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយបើកការស្រាវជ្រាវអស់រយៈពេល០៤ថ្ងៃ សមត្ថកិច្ចបានកំណត់ទីតាំងរបស់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួននៅចំណុចក្បែរគល់ស្ពានជ្រោយចង្វារ ស្ថិតនៅភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលកំពុងពួនសម្ងំលាក់ខ្លួន។
បច្ចុប្បន្ន កម្លាំងជំនាញបានយកជនសង្ស័យខាងលើ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់តាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ស្រ្តីជាម្តាយបានបញ្ជាក់ថា ជនសង្ស័យឃើញកុមារីខាងលើឈរកន្លែងភ្លឺ ស្របពេលនោះក៏បានហៅកូនរបស់គាត់មកកន្លែងងងឹត ហើយបាននិយាយថា « បើហ៊ានមាត់ នឹងច្របាច់ក៎សម្លាប់ចោលតែម្តង »។

ខណៈពេលធ្វើសកម្មភាពរំលោភរួច កុមារីខាងលើបានរត់ចេញមកក្រៅ រួចដួលតែម្តង។ ស្របពេលនោះ កូនរបស់គាត់បានឱ្យអ៊ំប្រុស ឌុបទៅកន្លែងលក់បាយរបស់គាត់។ លុះមួយសន្ទុះក្រោយមក កូនស្រីរបស់គាត់បានចូលបន្ទប់ក្នុងសភាពស្លេកស្លាំង ហាក់បីជាគ្មានកម្លាំងកំហែងសោះ តែពេលចេញពីបន្ទប់ទឹកគាត់ឃើញដៃកូនស្រីមានឈាម ប៉ុន្តែកូនស្រីគាត់គ្រាន់តែប្រាប់ថា « ដៃរបស់ខ្លួនមុត ពេលចូលបន្ទប់ទឹក”។ ភ្លាមៗនោះ គាត់បានប្រទះឃើញខោរបស់កូនស្រីខ្លួនមានឈាម ទើបសួរនាំចុះឡើងៗ ក៏បែកធ្លាយថាមានជនល្មោភកាមបានធ្វើបាបកូនស្រីខ្លួនហើយ ខណៈនោះក៏ប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីសង្រ្គោះ ៕
អត្ថបទ ៖ រដ្ឋា

The post នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ ដែលរំលោភក្មេងអាយុ៦ឆ្នាំក្នុងសង្កាត់ស្រះចក appeared first on Kampuchea Thmey Daily.