ទំនប់អាងទឹក ៣០កញ្ញា រក្សាទឹកបាន ១០០% អាចស្រោចស្រពស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា
បរិមាណទឹកនេះ គឺរក្សាទុកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម... The post ទំនប់អាងទឹក ៣០កញ្ញា រក្សាទឹកបាន ១០០% អាចស្រោចស្រពស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា appeared first on Kampuchea Thmey Daily.
លោក អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានឱ្យដឹងថា ទំនប់អាងទឹក ៣០កញ្ញា នាពេលបច្ចុប្បន្នត្រូវបានរក្សាទឹកទុកក្នុងអាងពេញបាន១០០% តាមការកំណត់ ដែលអាចស្រោចស្រពស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា។
លោកបានឱ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹក ៣០កញ្ញា ស្ថិតក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សូមជម្រាបថា ទំនប់អាងទឹក ៣០កញ្ញា មានសមត្ថភាពស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប និងមានសំណង់សំខាន់ៗដូចជា ទំនប់ប្រវែង ១ ២០០ម៉ែត្រ ប្រឡាយមេបេតុងចំនួន ៣ខ្សែ មានប្រវែងសរុប ៥១ ០០០ម៉ែត្រ ប្រឡាយរងទី១បេតុងចំនួន ១៣ខ្សែ មានប្រវែងសរុប ៩១ ៧០០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនកន្លែងទៀត។
បើតាមលោក អឿង ចន្ថា ទំនប់អាងទឹក ៣០កញ្ញា នាពេលបច្ចុប្បន្នត្រូវបានរក្សាទឹកទុកក្នុងអាងពេញបាន១០០% តាមការកំណត់ ហើយបរិមាណទឹកនេះ គឺរក្សាទុកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា និងផ្តល់ប្រភពទឹកប្រើប្រាស់នារដូវប្រាំង សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជួយកាត់បន្ថយនូវគ្រោះទឹកជំនន់ និងរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីផងដែរ។
ក្នុងឱកាសនោះដែរ លោកអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀតក្នុងការគ្រប់គ្រង និងរក្សាទឹកទុកក្នុងអាង ហើយរៀបចំផែនការក្នុងការប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង៕
The post ទំនប់អាងទឹក ៣០កញ្ញា រក្សាទឹកបាន ១០០% អាចស្រោចស្រពស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា appeared first on Kampuchea Thmey Daily.