ទោះបីកើនប្រជាប្រិយភាពខ្លាំង អូស្ត្រាលីហាមអង្គភាពរដ្ឋប្រើ DeepSeek
ប្រទេសអូស្ត្រាលីបានហាមឃាត់ DeepSeek ពីឧបករណ៍ និងប្រព័ន្ធរបស់រដ្ឋាភិបាលទាំងអស់ ជុំវិញបញ្ហាសុវត្ថិភាព ខណៈដែល DeepSeek បង្កើតឡើងដោយប្រទេសចិន... The post ទោះបីកើនប្រជាប្រិយភាពខ្លាំង អូស្ត្រាលីហាមអង្គភាពរដ្ឋប្រើ DeepSeek appeared first on Kampuchea Thmey Daily.

ការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានហាមឃាត់ការប្រើប្រាស់កម្មវិធី AI របស់ DeepSeek ដើម្បីជំនួយដល់ការស្វែងរក នៅលើឧបករណ៍ និងប្រព័ន្ធរបស់រដ្ឋាភិបាលទាំងអស់ ដោយលើកឡើងបញ្ហាសុវត្ថិភាព ខណៈដែលមានប្រជាប្រិយភាពខ្លាំងនៃឧបករណ៍ស្វែងរកបញ្ញាសិប្បនិម្មិត DeepSeek ជារបស់ប្រទេសចិន។

ចំណាត់ការរបស់អូស្រ្តាលីជាពិសេសតម្រូវឱ្យអង្គភាពរដ្ឋាភិបាលទាំងអស់ ទប់ស្កាត់ការប្រើប្រាស់ ឬការដំឡើងកម្មវិធី DeepSeek ក្នុងឧបករណ៍និងប្រព័ន្ធផ្សេងៗ ក៏ដូចជាការដកចេញនូវរាល់ការដំឡើងពីមុន នៅលើប្រព័ន្ធ ឬឧបករណ៍របស់រដ្ឋាភិបាល។ នោះមានន័យថា មនុស្សជាច្រើននឹងមិនអាចប្រើប្រាស់ DeepSeek ក្នុងប្រទេសនេះទេ រួមទាំងអ្នកដែលធ្វើការនៅស្ថាប័នផ្សេងៗគ្នាដូចជា គណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី និងការិយាល័យឧតុនិយមជាដើម។
ទោះយ៉ាងណា រដ្ឋាភិបាលអូស្ត្រាលី បានអះអាងថា ការហាមប្រាមនេះមិនមែនដោយសារតែកម្មវិធីនេះជារបស់ចិនរបនោះទេ ប៉ុន្តែដោយសារតែ «ហានិភ័យដែលមិនអាចទទួលយកបាន» ដែលវាបង្កដល់សន្តិសុខជាតិ។ វាមិនសូវច្បាស់ទេថាតើ DeepSeek នឹងត្រូវបានហាមឃាត់ពីកុំព្យូទ័រផ្នែកសាធារណៈនៅក្នុងផ្នែកផ្សេងៗនៃសេដ្ឋកិច្ច ដូចជាសាលារៀនជាដើម ខណៈការហាមឃាត់មិនពង្រីកដល់ឧបករណ៍របស់ពលរដ្ឋឯកជនទេ។
គួររម្លឹកថា DeepSeek បានធ្វើឱ្យពិភពលោកកក្រើករញ្ជួយកាលពីខែមករា នៅពេលដែលវាបានបង្ហាញ chatbot ដែលមានតម្លៃទាបជាង និងមានសម្ថភាពប្រហាក់ប្រហែល ChatGPT របស់សហរដ្ឋអាមេរិក។ លុយរាប់ពាន់លានដុល្លារត្រូវបានខាតបង់ពីទីផ្សារភាគហ៊ុនអន្តរជាតិ រួមទាំងនៅក្នុងប្រទេសអូស្ត្រាលី ដោយភាគហ៊ុនដែលភ្ជាប់ជាមួយ AI ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប Brainchi បានធ្លាក់ចុះយ៉ាងខ្លាំងនាពេលនោះ។

បណ្តាប្រទេសលោកខាងលិចមានការសង្ស័យលើបច្ចេកវិទ្យារបស់ចិន ជាពិសេសក្រុមហ៊ុនទូរគមនាគមន៍ Huawei និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលទាំងពីរនេះត្រូវបានដាក់កម្រិតលើការប្រើប្រាស់។ រដ្ឋមន្ត្រីវិទ្យាសាស្ត្រអូស្ត្រាលីម្នាក់ធ្លាប់បាននិយាយកាលពីខែមករាថា បណ្តាប្រទេសនានាចាំបាច់ត្រូវប្រយ័ត្នប្រយែងខ្លាំងចំពោះ DeepSeek ដោយលើកឡើងពីកង្វល់អំពីទិន្នន័យ និងឯកជនភាព។
ដោយសារបញ្ហាឯកជនភាពកន្លងមក chatbot ត្រូវបានលុបចេញពីក្នុងប្រទេសអ៊ីតាលី។ រដ្ឋាភិបាលអ៊ីតាលីក្នុងខែមីនា ឆ្នាំ២០២៣ ក៏បានបិទ ChatGPT ជាបណ្ដោះអាសន្នជុំវិញបញ្ហាឯកជនភាព។
និយតករនៅក្នុងប្រទេសកូរ៉េខាងត្បូង អៀរឡង់ និងបារាំង បានចាប់ផ្តើមការស៊ើបអង្កេតអំពីរបៀបដែល DeepSeek គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ ដែលវារក្សាទុកនៅក្នុងម៉ាស៊ីនមេនៅក្នុងប្រទេសចិន។ លើសពីនេះប្រធានអង្គភាពព័ត៌មាននៃសេតវិមាន លោកស្រី Karoline Leavitt ក៏បានឲ្យដឹងដែរថា សហរដ្ឋអាមេរិកឥឡូវនេះក៏កំពុងរកមើលផលប៉ះពាល់សន្តិសុខដែលអាចកើតមាន។
គួរបញ្ជាក់ថា DeepSeek ក៏ដូចកម្មវិធីដូចជា ChatGPT និង Google Geminiដែរ។ កម្មវិធីទាំងនេះប្រមូល និងរក្សាទុកព័ត៌មាន រួមទាំងអាសយដ្ឋានអ៊ីមែល និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកប្រើប្រាស់។ អ្នកជំនាញផ្នែកសន្តិសុខធ្លាប់បានព្រមានថា អ្នកណាដែលធ្វើការលើផ្នែកសម្ងាត់ ឬសន្តិសុខជាតិ ត្រូវតែដឹងអំពីហានិភ័យពេលពួកគេចូលប្រើ chatbots ព្រោះវាបានរក្សាទុក និងវិភាគដោយអ្នកបង្កើតឧបករណ៍ទាំងនោះ។
DeepSeek ក៏ប្រឈមនឹងការចោទប្រកាន់ថាបានលួចទិន្នន័យពីបច្ចេកវិទ្យារបស់អាមេរិកផងដែរ ដោយOpenAI បានត្អូញត្អែរថា គូប្រជែងរបស់ខ្លួន រួមទាំងនៅក្នុងប្រទេសចិន កំពុងប្រើប្រាស់កម្មវិធីរបស់ខ្លួន ដើម្បីជួយការងាររបស់ពួកគេឲ្យមានការរីកចម្រើនឆាប់រហ័ស៕

អត្ថបទ៖ ប៊ុន សុភាព
The post ទោះបីកើនប្រជាប្រិយភាពខ្លាំង អូស្ត្រាលីហាមអង្គភាពរដ្ឋប្រើ DeepSeek appeared first on Kampuchea Thmey Daily.