ត្រាំ ប្រហែលលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ ព្រោះខំដែរតែមិនបានផល

មិនដូចការអួតអាងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងឡើយ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកប្រហែលជាដកខ្លួនជាផ្លូវការ... The post ត្រាំ ប្រហែលលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ ព្រោះខំដែរតែមិនបានផល appeared first on Kampuchea Thmey Daily.

ត្រាំ ប្រហែលលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ ព្រោះខំដែរតែមិនបានផល

មិនដូចការអួតអាងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងឡើយ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកប្រហែលជាដកខ្លួនជាផ្លូវការ ឈប់ជួយដោះស្រាយជម្លោះនេះទៀតហើយ ព្រោះតែការខិតខំរបស់លោក មើលទៅហាក់ដូចជាគ្មានបានផលអ្វីសោះ។

លោក ត្រាំ, ហ្សេលេនស្គី និងពូទីន (រូបថត៖ AP) 

ក្នុងសេចក្តីរាយការណ៍របស់ Reuters, តាមពិតទៅ លោកត្រាំ បង្ហាញបំណងបែបនេះតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ពោលគឺក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ប៉ុន្តែទើបត្រូវសារព័ត៌មានទម្លាយកាលពីថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ប៉ុណ្ណោះ។

អំឡុងការសន្ទនានោះ លោកត្រាំ ត្រូវគេរាយការណ៍ថា មានការភ្ញាក់ផ្អើលដែលពូទីនមិនព្រមបន្ទន់ជំហរផ្លាស់ប្តូរលក្ខខណ្ឌខ្លះ ដើម្បីដោះស្រាយវិបត្តិ ពោលគឺរុស្ស៊ីនៅតែរឹងទទឹងថា បើអ៊ុយក្រែន ចង់បានសន្តិភាពប្រកបដោយនិរន្តរភាព ទីក្រុងកៀវត្រូវតែធានាអព្យាក្រឹតភាព ភាពគ្មានយោធា លុបបំបាត់លទ្ធិណាស៊ីនិយមសម័យថ្មី និងត្រូវទទួលស្គាល់ទឹកដីថ្មីដែលរុស្ស៊ីដណ្តើមបាន។

លោក ត្រាំ (រូបថត​៖ Reuters)

សេចក្តីរាយការណ៍នេះកើតឡើងស្របពេលលោកត្រាំ ខឹងសម្បានឹងលោកពូទីន ថែមទាំងហៅប្រធា​នាធិបតីរុស្ស៊ីថាជាមនុស្សឆ្កួត ព្រោះការវាយប្រហារអ៊ុយក្រែន មិនដកដៃសម្លាប់ជនស៊ីវិលជាបន្តបន្ទាប់។

លើសពីនេះ ត្រាំ ក៏គំរាមដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើធម៌ក្តៅ ដោយដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើលបំផុត។ មិនត្រឹមប៉ុណ្ណឹង ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ហើយថា ប្រសិនបើ ពូទីន ចង់លេបយកប្រទេសអ៊ុយក្រែនទាំងមូលមែននោះ រុស្ស៊ីនឹងដួលរលំ ជាក់ជាមិនខាន។

លោក ពូទីន (រូបថត​៖ Reuters)

នេះមិនមែនទើបលើកដំបូងឡើយ ដែលត្រាំ បង្ហើបចង់ដកខ្លួនចេញឈប់ជួយដោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ពោលគឺកាលពីខែមេសា ប្រមុខសេតវិមាន ក៏ប្រកាសចង់ដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួល ស្វែងរកសន្តិភាពដែរ បើមើលទៅរឿងនេះពិបាកពេក ដោះស្រាយមិនចេញ។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយការអះអាងនោះ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គំរាមថា ប្រទេសអ៊ុយក្រែននឹងខ្ទេចឆាប់ៗ បើសិនជាមិនព្រមចូលតុចរចាជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ គំរាមប្រើធម៌ក្តៅ ដោយដាក់ទណ្ឌកម្មថ្មី ដែលនឹងធ្វើឲ្យពូទីន ភ្ញាក់ផ្អើល

The post ត្រាំ ប្រហែលលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ ព្រោះខំដែរតែមិនបានផល appeared first on Kampuchea Thmey Daily.