ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន
ដោយសារតែមិនសនប្បាយចិត្តក្រោយលោក ពូទីន បាញ់មីស៊ីលស្រោចលើទីក្រុងកៀវ កាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ... The post ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ដោយសារតែមិនសប្បាយចិត្តក្រោយលោក ពូទីន បាញ់មីស៊ីលស្រោចលើទីក្រុងកៀវ កាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើប្រទេសរុស្ស៊ី។

លោក ត្រាំ បានគំរាមបែបនេះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ទី២៦ខែមេសាឆ្នាំ២០២៥ បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី មួយភ្លែត នៅបុរីវ៉ាទីកង់។
លោកត្រាំ បង្ហោះថា «គ្មានហេតុផលដែល ពូទីន ត្រូវបាញ់មីស៊ីលដាក់តំបន់ស៊ីវិល ទីក្រុង និងទីប្រជុំជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ។ វាបណ្តាលចិត្តឲ្យខ្ញុំគិតថា ប្រហែលជាគាត់ មិនចង់បញ្ឈប់សង្រ្គាមឡើយ ដូច្នេះខ្ញុំត្រូវតែដោះស្រាយតាមរបៀបខុសគ្នា ដូចជាតាមរយៈធនាគារឬទណ្ឌកម្មបន្ទាប់បន្សំ។ មានមនុស្សជាច្រើនកំពុងស្លាប់!!!»។

មុននេះ លោក ត្រាំ ក៏ព្រមានថែមទាំងផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ទៅលោកពូទីន ដែរថា «រឿងអ្វីក៏អាចកើតឡើងដែរ បើទីក្រុងមូស្គូមិនព្រមឈប់វាយប្រហារអ៊ុយក្រែននិងឯកភាពនាំសន្តិភាពយូរអង្វែងមកឲ្យតំបន់»។
លោកប្រាប់អ្នកសារព័ត៌មានក្នុងការិយាល័យពងក្រពើថា លោកមិនពេញចិត្តទាល់តែសោះដែលរុស្ស៊ីបាញ់មីស៊ីលលើទីក្រុងកៀវទាំងយប់។ រឿងអ្វីក៏អាចកើតឡើងបានដែរ បើ ពូទីន មិនព្រមនាំយកសន្តិភាពមកឲ្យតំបន់នោះបាន។

សូមជម្រាបជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែមេសាឆ្នាំ២០២៥ រុស្ស៊ី បានបើកការវាយប្រហារលើរដ្ឋធានីកៀវ បណ្តាលឲ្យមនុស្សចំនួន១២នាក់ស្លាប់ និងជាង៧០នាក់ទៀតរងរបួស ខណៈការបាញ់ស្រោចនោះ ក៏បង្កជាអគ្គិភ័យនៅទីតាំងចំនួន៦កន្លែង និងកម្ទេចអគារនានា ធ្វើឲ្យបំណែកថ្មបាក់សង្កត់លើមនុស្សផងដែរ។
ពាក់ព័ន្ធការវាយប្រហារនោះ លោក ហ្សេលេនស្គី ឯណោះបានលុបផ្នែកខ្លះនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយត្រឡប់ទៅអ៊ុយក្រែនវិញយ៉ាងប្រញាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមាននិងផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ទៅ ពូទីន ដែលនៅតែគឃ្លើនវាយប្រហារទីក្រុង កៀវ
The post ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀត ព្រោះ ពូទីន មិនព្រមឈប់បាញ់ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.