​តារាហុងកុង​នាង Gloria ក្រោយរៀបការខុស បាត់បង់អស់​កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ

រឿងរ៉ាវរបស់តារាសម្ដែងជើងចាស់ហុងកុងដ៏ល្បី Gloria Yip បើទោះបីជាវាកន្លងផុតទៅយូរឆ្នាំ ប៉ុន្តែទស្សនិកជន... The post ​តារាហុងកុង​នាង Gloria ក្រោយរៀបការខុស បាត់បង់អស់​កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ appeared first on Kampuchea Thmey Daily.

​តារាហុងកុង​នាង Gloria ក្រោយរៀបការខុស បាត់បង់អស់​កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ

រឿងរ៉ាវរបស់តារាសម្ដែងជើងចាស់ហុងកុងដ៏ល្បី អ្នកនាង ហ្គូរៀ យីព (Gloria Yip) បើទោះបីជាវាកន្លងផុតទៅយូរឆ្នាំ ប៉ុន្តែទស្សនិកជននៅតែចងចាំមិនភ្លេច អំពីដំណើរដើមទងដែលរូបនាងសម្រេចចាកចេញពីអាជីពសម្ដែង​ដែលកំពុង​ឡើងកូដខ្លាំង​ ជ្រើសរើសផ្លូវ​រៀបការជា​មួយ​គូស្នេហ៍សេដ្ធី ក្រោយពួកគេទាក់ទងគ្នា៣ឆ្នាំ។

ទោះជាយ៉ាងណា អាពាហ៍ពិពាហ៍មួយនេះមិនបានគង់វង្ស រស់នៅជាមួយគ្នាដល់ចាស់កោងខ្នងឡើយ ដូច​ការ​​ប៉ងប្រាថ្នាឡើយ​!  តារាស្រីវ័យ​៥២ឆ្នាំរូបនេះ បែរជាជួបរឿងអកុសល​ បាត់បង់ទាំងកេរ្តិ៍ឈ្មោះ និងអាជីព ដោយសារតែជ្រើសរើសដៃគូជីវិតខុស។

អ្នកនាង ហ្គូរៀ យីព បានចាប់ផ្តើមអាជីពដំបូងនៅក្នុងឧស្សាហកម្មកម្សាន្តតាំងពី​អាយុ​១៣ឆ្នាំ បន្ទាប់ពីត្រូវបានគេហៅឲ្យធ្វើអ្នកតំណាងផ្សាយផលិតផលមួយ។ ដោយសារមានសម្រស់ដ៏ស្រស់ស្អាត និងមានមន្តស្នេហ៍ពីកំណើត ទើបធ្វើឲ្យរូបនាងមានប្រជាប្រិយភាពយ៉ាងខ្លាំង។ នៅអាយុ ១៧ ឆ្នាំ តារាស្រីស្រាប់តែទទួលបាននូវ​ភាព​ល្បីល្បាញយ៉ាងខ្លាំង នៅក្នុងខ្សែភាពយន្តមួយក្រោមចំណងជើងថា «Peacock King» ក្នុងឆ្នាំ ១៩៨៨ ដែលជាជោគជ័យមួយយ៉ាងត្រចះត្រង់។

ក្រោយមក តារាជើងចាស់រូបនេះបានទទួលពានរង្វាន់ តារាសម្តែងថ្មីល្អបំផុត និង តារាសម្តែងបរទេសដែលពេញនិយមបំផុត​លំដាប់​លេខ​មួយ នៅក្នុងកម្មវិធីពានរង្វាន់ភាពយន្តជប៉ុនលើកទី១៧។ នាង​ក៏​ទទួល​បាន​ពាន​រង្វាន់ តារា​ស្រី​បរទេស​ដែល​មាន​ប្រជាប្រិយ​បំផុត​លេខ​១ នៅ​កូរ៉េ​ខាង​ត្បូង​ផង​ដែរ។ លើសពីនេះ អាជីព​ជា​តារា​សម្ដែងក៏ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ទឹកដីអាស៊ី។

Gloria Yip និងអតិតស្វាមី

បន្ទាប់ពីទទួលបាននូវភាពល្បីល្បាញជាសកល តួស្រីរូបនេះបានសហការការងារជាមួយកំពូលតារាហុងកុងដូចជា លោក Jackie Chan, លោក Aaron Kwok, លោក Andy Lau និង លោក Tony Leung ។ នាង​ក៏​បាន​រក​ឃើញ​ភាព​ជោគជ័យ​ក្នុង​វិស័យ​តន្ត្រី ដោយ​ទទួល​បាន​រហស្សនាម​ថា «ទេពធីតា​មិនចេះចាស់» ដោយសារ​តែមុខ​ក្មេង​ជាង​វ័យមិនរបូតទៅតាមពេលេវេលា។

ដោយសារតែមាន​កិត្តិនាមល្បីសុះសាយក្នុងអាជីពសម្ដែងជាហូរហែរ មាន​បុរស​ជា​ច្រើនបានតាមចែចង់ប្រលោមសុំស្នេហ៍នាង។ ម្នាក់​ក្នុង​ចំណោម​នោះ​គឺ Jimmy Lin ជា​តារា​ចម្រៀង តារា​សម្ដែង និង​ជា​អ្នក​បើក​រថយន្ត​ប្រណាំង​ដ៏​ល្បី​របស់​តៃវ៉ាន់​មួយរូប។ ក្រោយតាមចែចង់អស់រយៈពេល ៣ឆ្នាំ នៅទីបញ្ចប់អ្នកនាង ហ្គូរៀ បែរជាជ្រើសរើសណាត់ជួបជាមួយពាណិជ្ជករវ័យក្មេងម្នាក់ឈ្មោះ Chen Bohao ដែលមានពាក្យចចាមអារ៉ាមថា ជាអ្នកស្នងមរតករបស់គ្រួសារអ្នកមាននៅពេលនោះ។

តារាចម្រៀង Jimmy Lin និងតារាស្រី Gloria

នៅពេលសេពគប់គ្នាដំបូងៗ លោក Chen Bohao បាននៅក្បែរនិងមើលថែយ៉ាងដិតដល់បំផុត ជាពិសេសពេលនាង​ឈឺ​ថ្កាត់ម្ដងៗ។ ហើយនោះបានធ្វើឲ្យ អ្នកនាង ហ្គូរៀ យីព យល់ថា គាត់គឺជាស្នេហាពិតមួយដែលមិនអាចខ្វះបានក្នុងជីវិត។ ដោយសារតែគិតថា គេជាបុរសល្អម្នាក់ ទើបតារាស្រីបានសម្រេចចិត្តរៀបការជាមួយអ្នកជំនួញ នៅអាយុ ២២ ឆ្នាំ ហើយបានប្រកាសចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្ត ដើម្បីផ្ដោតសំខាន់លើគ្រួសារ។

បន្ទាប់ពីរៀបការរួច Gloria ត្រូវប្រឈមមុខនឹងការពិតដ៏ជូរចត់។ មិន​ត្រឹម​តែ​ត្រូវ​ម្តាយ​ក្មេក​មើល​ងាយ​នោះ​ទេ នាង​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ស្វាមី​ដែល​ចាប់​ផ្តើម​ផ្លាស់​ប្តូរបន្តិចម្ដងៗ។ នៅពេលដែលនាងមានផ្ទៃពោះកូនទី២ នាងតែងតែត្រូវបាន ស្វាមីស្តីបន្ទោស និងឈ្លោះប្រកែកគ្នាជាញឹកញយ។ ក្រោយមក នាង​ក៏​ចាប់​បាន​ថា​ស្វាមីបានបោក​ប្រាស់​នាងទាំងអស់។

បន្ទាប់ពីសម្រាលបានកូនពៅអស់រយៈពេលមួយខែ Gloria បានសម្រេចចិត្តលែងលះភ្លាមៗ។ តុលាការ​បាន​សម្រេច​ថា នាង​នឹង​ធ្វើ​ជា​អាណាព្យាបាល​កូន​ទាំង​ពីរ ហើយ​បាន​បង្គាប់​ឲ្យប្ដី​សង​សំណង​ជំងឺ​ចិត្ត ៨ លាន​ហុងកុង និង ៥០០០ ដុល្លារ​ហុងកុង ជា​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ។ ប៉ុន្តែអតីតស្វាមីស្រាប់តែក្ស័យធនដោយសារតែការវិនិយោគបរាជ័យ ហើយមិនព្រមបង់ប្រាក់តាមដីការបស់តុលាការ ដោយទុកឲ្យអតីតភរិយាចិញ្ចឹមកូនតែម្នាក់ឯង។

អ្វីដែលកាន់តែអាក្រក់នោះ នៅពេលដែលនាងព្យាយាមចូលប្រឡូកក្នុងវិស័យនេះវិញ Chen Bohao បានចេញមកផ្តល់បទសម្ភាសន៍វាយប្រហារនាងតាមប្រព័ន្ធផ្សព្វផ្សាយ ដោយចោទប្រកាន់នាងថា អតីតភរិយាលោកឈ្លក់វង្វេងនឹងកេរ្តិ៍ឈ្មោះ និងញៀនផ្លូវភេទ។ នេះបានធ្វើឲ្យរូបនាងខូចមុខមាត់យ៉ាងធ្ងន់ធ្ងរ ហើយផែនការក្នុងការវិលត្រឡប់ទៅកាន់ឧស្សាហកម្មនេះបានធ្លាក់ចុះសឹងមិនគួរឲ្យជឿ។

យាងណាមិញ បន្ទាប់ពីរឿងរ៉ាវអាក្រក់ៗនទាំងនោះបានកន្លងផុតទៅជិត ២៥ ឆ្នាំ កាលពីថ្មីៗ​នេះដែរតារាស្រី ​Gloria Yip ​បាន​លាតត្រដាង​ការពិត​អំពី​ជីវិត​អាពាហ៍ពិពាហ៍​កាលពី​អតីតកាល ប្រាប់ដល់មហាជន ជាពិសេសអ្នកគាំទ្ររូបនាងកន្លងមក។

តារាស្រីជើងចាស់លើទឹកដីហុងកុង បានបដិសេធពាក្យចចាមអារ៉ាមដែលថា អតីតស្វាមីគឺជាមហាសេដ្ឋី។ Chen Bohao មិនដែលទិញរបស់ប្រណិតឲ្យនាង ដូចដែលមានក្នុងព័ត៌មាននោះទេ មិនថាជារថយន្តទំនើប ឬផ្កាកុលាបរាប់ពាន់ដើមនោះទេ។ សូម្បី​តែ​ពិធី​មង្គលការ ក៏​នាង​បាន​ចំណាយ​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង ហើយ​អំណោយ​មង្គលការ​ត្រូវ​បាន​គ្រួសារ​ខាងអតីតស្វាមី​រឹបអូសយកគ្មានបន្សល់ទុកឲ្យរូបនាងនិងកូនៗទាំងពីរឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសម​បំផុត​ ​ក្នុងភាពយន្ត​ភាគកូរ៉េ

The post ​តារាហុងកុង​នាង Gloria ក្រោយរៀបការខុស បាត់បង់អស់​កេរ្តិ៍ឈ្មោះ និងអាជីពធ្លាប់ល្បីរន្ទឺ appeared first on Kampuchea Thmey Daily.