រដ្ឋមន្រ្តីថៃ៖ អាមេរិក​នឹង​រឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល

សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ជាពិសេសចំពោះការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ដើម្បីទប់ស្កាត់ការគេចវេសនៃច្បាប់ពាណិជ្ជកម្ម The post រដ្ឋមន្រ្តីថៃ៖ អាមេរិក​នឹង​រឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីថៃ៖ អាមេរិក​នឹង​រឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បាន​និយាយថា សហរដ្ឋអាមេរិកបានកំណត់គោលដៅផលិតផលចន្លោះពី ៥០-៦០ មុខ ​សម្រាប់ការរឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើម​ ​ក្នុងបំណង​បញ្ចៀសការប្រើប្រាស់​​ថៃជាប្រទេស​ឆ្លងកាត់ ដើម្បីគេចវេស​វិធានការពន្ធគយរបស់សហរដ្ឋអាមេរិក​។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក​រដ្ឋមន្រ្តីបានបន្ថែម​ថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ជាពិសេសចំពោះការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ដើម្បីទប់ស្កាត់ការគេចវេសនៃច្បាប់ពាណិជ្ជកម្ម ជាពិសេសការប្រើប្រាស់ខុស​នៃសិទ្ធិពាណិជ្ជកម្ម​ ដែលអាមេរិក​ផ្តល់ទៅឱ្យ​ថៃក្នុងការនាំចេញទំនិញទៅកាន់ប្រទេស​របស់ខ្លួន ​ដោយ​មិនចាំបាច់បំពេញតាមតម្រូវការលក្ខណៈវិនិច្ឆ័យប្រភពដើម​។

បើតាម​បាងកកប៉ុស្តិ៍ លោក Pichai បាននិយាយថា រដ្ឋាភិបាលថៃនឹងអនុវត្តវិធានការចំនួន៣ ដើម្បីដោះស្រាយការចេញឯកសារ C/O មិនត្រឹមត្រូវ។

​ទី១ រដ្ឋាភិបាល​នឹងកំណត់អត្តសញ្ញាណផលិតផលគោលដៅ ​ដែលកំណត់ដោយសហរដ្ឋអាមេរិក និងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងនៃរោងចក្រផលិតទំនិញទាំងនោះ។ ​ទី២​ រដ្ឋាភិបាលនឹងវាយតម្លៃថ្លៃដើមផលិតទំនិញដោយស្នើសុំ C/O ដើម្បីកំណត់ភាគរយនៃវត្ថុធាតុដើមក្នុងស្រុក និងថាតើវាគោរពតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការចេញ C/O ដែរឬទេ។

ចុងក្រោយ​បង្អស់ រដ្ឋាភិបាល​នឹង​កំណត់​ក្រសួងពាណិជ្ជកម្ម​អាជ្ញាធរតែមួយគត់ ដែលទទួលខុសត្រូវក្នុងការចេញ C/Os ដោយជំនួសប្រព័ន្ធបច្ចុប្បន្ន ដែលសហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃ ក៏មាន​សិទ្ធិចេញ​​ការអនុញ្ញាត​ផងដែរ។ ការផ្លាស់ប្តូរ នេះមានគោលបំណងធានានូវការគ្រប់គ្រង និងការទទួលខុសត្រូវកាន់តែច្រើន។

គួរគូស​បញ្ជាក់ថា ដូចទៅនឹង​ប្រទេស​ជាច្រើនទៀតដែរ​ ថៃដែលរងពន្ធគយបដិការ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិក​ កំពុងចរចាជាមួយ​រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ ដោយសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹង​សម្រេចបានឡើង​មុន​ដើមខែកក្កដា ​ពោលគឺមុនពេល​​ពន្ធនេះ​ចូល​ធរមានសារ​ជាថ្មី ក្រោយ​​ការផ្អាករយៈពេល​ ៩០ ថ្ងៃ ផុតកំណត់។

The post រដ្ឋមន្រ្តីថៃ៖ អាមេរិក​នឹង​រឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល appeared first on Kampuchea Thmey Daily.