តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ

ត្រង់ចំណុចនេះលោកបារម្ភខ្លាចបងប្អូនប្រជាពលរដ្ឋខ្មែរយើង ជួញដូរទៅលើឧបករណ៍​និស្សន្ទ​ ឬគងតម្លៃ​ទីផ្សារខាងក្រៅទិញមាសគីឡូ... The post តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ appeared first on Kampuchea Thmey Daily.

តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ ថា តម្លៃហាងឆេងមាសបានធ្លាក់ចុះ ១០០ ដុល្លារ ក្នុងមួយតម្លឹង។

លោក ឡុង សំណាង ពន្យល់ថា ប្រសិនបើយើងមើលព័ត៌មានការដាក់សម្ពាធពន្ធរបស់អាមេរិក តម្លៃ​ហាង​ឆេងមាស អាចនឹងកើនឡើងខ្លាំង ក្រោយពីការប្រកាសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយមាសបានស្ទុះឡើងដល់តម្លៃខ្ពស់មែន ប៉ុន្តែមាសបានដាំក្បាលចុះមកវិញ ១០០ ដុល្លារ ក្នុងមួយតម្លឹង។

លោក ឡុង សំណាង បញ្ជាក់ថា៖ «ការធ្លាក់ចុះនេះ គឺខ្លាំងមែនទែន គឺពាក់ព័ន្ធជាមួយនឹង វិនិយោគិនធំៗ ជាធម្មតា ការជួញដូរ​តម្លៃហាងឆេងមាស ពេលដែលយើងមានមាសច្រើន អ្នកវិនិយោគធំៗ ឬក៏ធនាគារធំៗ ដែលគេវិនិយោគទៅលើតម្លៃហាងឆេងមាស អញ្ចឹងពេល​ដែលតម្លៃហាង​ឆេងមាសឡើង​ដល់ខ្ពស់ហើយ វិនិយោគិនធំ គេកាត់ចំណេញ​ អញ្ចឹងចំនួន​អ្នកទិញនឹងថយចុះ តម្លៃហាងឆេងមាសនៅសល់តែអ្នកលក់ មាសក៏ចាប់ផ្ដើមធ្លាក់ចុះវិញ»។

លោក ឡុង សំណាង បន្ថែមថា ពេលដែលវិនិយោគិនធំៗ និងធនាគារធំៗ ដែលគេទិញទៅលើតម្លៃហាង​ឆេងមាស កាត់ចំណេញ ឬលក់មាសហ្នឹងចេញវិញ ទីផ្សារ​នឹង​ដាំក្បាលចុះ ប៉ុន្តែការដាំក្បាលចុះមកវិញមិនចុះស្មើដើម ឬទាបទេ ប្រសិនបើឡើង ១០០ លេខ អញ្ចឹង​វាធ្លាក់ប្រហែល ៣០ លេខ ឬ ៥០ លេខ។

ត្រង់ចំណុចនេះលោកបារម្ភខ្លាចបងប្អូនប្រជាពលរដ្ឋខ្មែរ ជួញដូរទៅលើឧបករណ៍​និស្សន្ទ​ ឬគងតម្លៃ​ទីផ្សារខាងក្រៅទិញមាសគីឡូ គាត់ឃើញតែ​ឡើងគាត់បុកទិញដល់ពេល វិនិយោគិនធំៗ គេលក់មាស​យកចំណេញ គាត់អត់បានដឹងគាត់នឹងខាត។

តម្លៃមាសបានធ្លាក់ចុះមកនៅ ៣០៣៧ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៦៦០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

សម្រាប់ហាងឆេងមាសក្នុងស្រុកនៅតាបណ្ដាហាងនានានៅរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៣៧០ ដុល្លារ ក្នុងមួយជីនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ appeared first on Kampuchea Thmey Daily.