ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់
ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់... The post ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់ appeared first on Kampuchea Thmey Daily.

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ក្លាយជាផេះផង់ ដោយឡែកមួយខ្នងទៀត ត្រូវបានរថយន្តអគ្គិភ័យអន្តរាគមន៍ទប់ស្កាត់ទាន់ពេលវេលា ដែលនៅពេលកើតហេតុនោះគឺគេមិនទាន់ដឹងអំពីមូលហេតុនៅឡើយ។

គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ២០ នាទី នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចក្បែរផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា នៅពេលកើតហេតុនោះគឺមានអណ្ដាតភ្លើងចាប់ផ្ដើមឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលបង្កជាផ្សែងខ្មួលខ្មាញ់ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ផ្ទះនេះឆេះស្ទើរទាំងស្រុង គឺនៅពេលដែលកម្លាំងពន្លត់អគ្គិភ័យទៅដល់គឺបានបាញ់ទឹកទប់ស្កាត់ និងអន្តរាគមន៍ការពារផ្ទះថ្មមួយខ្នងទៀតដែលស្ថិតនៅជាប់ជញ្ជាំងគ្នា ដើម្បីកុំឲ្យរាលដាល។

បើតាមការរៀបរាប់ពីសាក្សីនៅក្បែរកន្លែងកើតហេតុដែលបញ្ជាក់ថា នៅពេលដែលឆេះនោះគឺម្ចាស់ផ្ទះពុំមានវត្តមាននៅក្នុងផ្ទះនោះឡើយ រីឯមូលហេតុក៏សមត្ថកិច្ចមិនទាន់អះអាងថាបណ្ដាលមកពីអ្វីនោះនៅឡើយទេ ហើយក៏មិនដឹងថាមានការខូចខាតទ្រព្យសម្បត្តិដល់កម្រិតណានោះដែរ ដោយរង់ចាំធ្វើការសិក្សាជាក្រោយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
The post ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់ appeared first on Kampuchea Thmey Daily.