តម្លៃមាសបន្តហក់ឡើងឡើងជិត $៤ ០០០ ក្នុងមួយតម្លឹង

សន្ទុះលុយដុល្លារអាមេរិកបានធ្លាក់ចុះ ដែលលុយអាមេរិកជាប់ពាក់ព័ន្ធទៅនឹងរូបិយបណ្ណចំនួន ៦... The post តម្លៃមាសបន្តហក់ឡើងឡើងជិត $៤ ០០០ ក្នុងមួយតម្លឹង appeared first on Kampuchea Thmey Daily.

តម្លៃមាសបន្តហក់ឡើងឡើងជិត $៤ ០០០ ក្នុងមួយតម្លឹង

តម្លៃហាងឆេងមាសបានបន្តកើនឡើងដល់ជិត ៤ ពាន់ដុល្លារ (៣ ៧៩០) ក្នុងមួយតម្លឹង នៅប្រទេសកម្ពុជា នៅចំពេលដែលស្ថានភាព​សង្រ្គាមពាណិជ្ជកម្ម​រវាង​​ប្រទេស​មហាអំណាច​ ខណៈប្រាក់​ដុល្លារអាមេរិកបានធ្លាក់ចុះ។

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ថា ចំណាត់ការពន្ធរបស់លោក​ដូណាល់ ត្រាំ នៅតែបន្ត ខណៈប្រទេសមួយចំនួនដែលកំពុងធ្វើពាណិជ្ជកម្មជាមួយអាមេរិក ត្រៀមប្រកាសពន្ធ ឬចរចារបែបណា ដែលចំណុចមួយដែលវិនិយោគិនមើលឃើញថា តើគេអាចបន្ធូរបន្ថយពន្ធ ឬនៅតបន្តតានតឹង។

លោក ឡុង សំណាង អះអាងថា ប្រសិនបើនៅតែបន្តតឹងតែង ប្រាក់ដុល្លារ នឹងថយចុះ ធ្វើឱ្យតម្លៃហាងឆេងមាសកើនឡើង។

លោក ឡុង សំណាង បន្តថា៖ «សន្ទុះលុយដុល្លារអាមេរិកបានធ្លាក់ចុះ ដែលលុយអាមេរិកជាប់ពាក់ព័ន្ធទៅនឹងរូបិយបណ្ណចំនួន ៦ តម្រូវការផ្លាស់ប្ដូរជាមួយដុល្លារអាមេរិកដូចជាលុយ អឺរ៉ូ ដែលរកស៊ីជាមួយដុល្លារអាមេរិកខ្លាំងជាងគេរហូតដល់ជាង ៥០% មានន័យថា ប្រាក់ដុល្លារ និងអឺរ៉ូ នៅលើពិភពលោកប្រហែលជាកម្រិតនៃការផ្លាស់ប្ដូរថយចុះ ហើយ​លុយ​មួយទៀត គឺលុយយ៉េន លុយផោន លុយកាណាដា សុទ្ធតែជាលុយជួញដូរជាមួយប្រាក់ដុល្លារខ្លាំងជាងគេ អញ្ចឹងកម្រិតជួញដូរពួកគាត់មានការថយចុះ ធ្វើឱ្យដុល្លារចុះខ្សោយ រុញច្រានឱ្យតម្លៃមាសកើនឡើងតែម្ដង»។

បើតាមលោក ឡុង សំណាង នៅក្នុងឆ្នាំ ២០២៥ នេះ តម្លៃមាសអាចនឹងហក់ឡើងដល់ ៤ ០០០ ដុល្លារ ក្នុងមួយតម្លឹង។

តម្លៃមាសបានកើនឡើងដល់ ៣១៤៥ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣៧៩០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់តម្លៃមាស នៅតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញបានកើនឡើងដល់ ៣៨០ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

The post តម្លៃមាសបន្តហក់ឡើងឡើងជិត $៤ ០០០ ក្នុងមួយតម្លឹង appeared first on Kampuchea Thmey Daily.