តម្លៃជ័រកៅស៊ូបានកើនឡើងជិត ២ ពាន់ដុល្លារមួយតោន
កម្ពុជារកចំណូលបានជិត ១១៥ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅត្រីមាសទី១ ឆ្នាំ ២០២៥... The post តម្លៃជ័រកៅស៊ូបានកើនឡើងជិត ២ ពាន់ដុល្លារមួយតោន appeared first on Kampuchea Thmey Daily.

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូនៅត្រីមាសទី១ ដើមឆ្នាំនេះ មានតម្លៃ ១៩២៣ ដុល្លារ ក្នុងមួយតោនឡើងថ្លៃ ៤៧៤ ដុល្លារក្នុងមួយតោន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកចំណូលបានជិត ១១៥ (១១៤,៩) លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅត្រីមាសទី១ ឆ្នាំ ២០២៥ កើនឡើង ១៤,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបង្ហាញថា គិតចាប់ពីខែមករា-មីនា ឆ្នាំ ២០២៥ កម្ពុជានាំចេញកៅស៊ូចំនួន ៥៩ ៧៥៤ តោន ធ្លាក់ចុះ ១៣,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានលើកឡើងថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។

លោកស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពីឆ្នាំមុន។
លោក គឹន ឧត្តមមុនីស៊ីណាត បញ្ជាក់ថា៖ «ប្រជាពលរដ្ឋដែលចង់ដាំកៅស៊ូមិនទាន់ហួសពេលទេ គ្រាន់តែវត្តមានរោងចក្រផលិតសំបកកង់រថយន្ត Sailun ចំនួន ៣ បច្ចុប្បន្នការផ្គត់ផ្គង់នៅខ្វះ ចុះទម្រាំតែរោងចក្រទាំង ៣ នោះគាត់ផលិតពេញបន្ទុក អាចនិយាយបានថា តម្រូវការ វាមិនមែនត្រឹមតែ ១០ ម៉ឺនតោន ហ្នឹងទេ តម្រូវការវាអាចនឹងលើសហ្នឹងទៅទៀត»។
លោក គឹន ឧត្តមមុនីស៊ីណាត បន្តថា ថ្មីៗនេះមានរោងចក្រមួយទៀត កំពុងតែសាងសង់ ដែលបោះទុនវិនិយោគរហូតដល់ ៥០០ លានដុល្លារ បន្ថែមទៀត និងមានរោងចក្រ ២ ទៅ៣ បន្ថែមទៀត នៅពេលដែលរោងចក្រទាំងនេះ សាងសង់រួចរាល់ នឹងស្រូបទាញជ័រកៅស៊ូបន្ថែមទៀតដែលទាមទារឱ្យកសិករត្រូវតែដាំបន្ថែមទៀត។

លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា វត្តមានរោងចក្រធំៗនៅស្រុកខ្មែរ មិនត្រឹមតែជួយដំណាំកៅស៊ូដែលមានបច្ចុប្បន្ននេះទេ វានឹងជួយឱ្យដំណាំកៅស៊ូនៅស្រុកខ្មែររីដុះដាលច្រើនជាងហ្នឹងហើយ វាអាចនឹងកាត់បន្ថយដីដែលនៅសល់។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីថាវត្តមានរោងចក្រផលិតសំបកកង់រថយន្ត នឹងធ្វើឱ្យតម្លៃជ័រកៅស៊ូកម្ពុជាមានភាពល្អប្រសើរ។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ រោងចក្រ ហើយនឹងបន្តកើនឡើងទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលសំបងកង់រថយន្តមានទឹកប្រាក់ជាង៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ។
នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។
យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។
សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕
អត្ថបទ៖ ឡេង ដេត
The post តម្លៃជ័រកៅស៊ូបានកើនឡើងជិត ២ ពាន់ដុល្លារមួយតោន appeared first on Kampuchea Thmey Daily.