ក្រុមហ៊ុន ត្រាំ គ្រោងវិនិយោគរាប់ពាន់លានដុល្លារ នៅវៀតណាម
អ្នកនាំពាក្យបាននិយាយថា៖ «The Trump Organization ជាមួយនឹងដៃគូរបស់ខ្លួន គ្រោងនឹងវិនិយោគរាប់ពាន់លានដុល្លារក្នុងប្រទេសវៀតណាម» The post ក្រុមហ៊ុន ត្រាំ គ្រោងវិនិយោគរាប់ពាន់លានដុល្លារ នៅវៀតណាម appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលមានឈ្មោះថា The Trump Organization និងដៃគូក្នុងស្រុកវៀតណាម កំពុងសម្លឹងការវិនិយោគតម្លៃរាប់ពាន់លានដុល្លារ ទៅលើទីលានវាយកូនហ្គោល សណ្ឋាគារ និងគម្រោងអចលនទ្រព្យជាច្រើន នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីអ្នកនាំពាក្យនៃក្រុមហ៊ុននេះ។

អ្នកនាំពាក្យបាននិយាយថា៖ «The Trump Organization ជាមួយនឹងដៃគូរបស់ខ្លួន គ្រោងនឹងវិនិយោគរាប់ពាន់លានដុល្លារក្នុងប្រទេសវៀតណាម» ដោយគម្រោងទី ១ នឹងចាប់ផ្តើមដំណើរការនៅខែឧសភា ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយសម្រេចបានការព្រមព្រៀងជាមួយគ្នា ខណៈគម្រោងទី ២ អាចនឹងត្រូវប្រកាសនៅឆ្នាំនេះ។
សេចក្ដីរាយការណ៍ចុងក្រោយជុំវិញគម្រោងវិនិយោគនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលវិធានការពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariff) របស់លោក ត្រាំ ចូលជាធរមាន នាថ្ងៃពុធ ខានស្អែងនេះ ក្នុងបំណងដោះស្រាយពាណិជ្ជកម្មមិនស្មើភាពគ្នា និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក តាមការអះអាងរបស់លោក។

វៀតណាម ដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ បានចេញប្រើយុទ្ធសាស្រ្តផ្សេងៗ ដើម្បីបញ្ចៀស ឬកាត់បន្ថយផលប៉ះពាល់នៃពន្ធនេះ រួមទាំងការចរចាជាមួយមន្រ្តីរដ្ឋបាល ត្រាំ កាត់បន្ថយអត្រាពន្ធលើទំនិញអាមេរិក បើកផ្លូវវិនិយោគសម្រាប់ក្រុមហ៊ុនអ៊ិនធឺណិតរបស់លោក អេឡុន ម៉ាសក៍ និងប្ដេជ្ញាបង្កើនការនាំចូលទំនិញអាមេរិកជាដើម។
គេមើលឃើញថា ការជំរុញការវិនិយោគសម្រាប់ក្រុមហ៊ុនរបស់លោក ត្រាំ ក្នុងស្រុកវៀតណាម ក៏ជាយុទ្ធសាស្រ្តមួយផងដែរ សម្រាប់រដ្ឋាភិបាលវៀតណាម។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនដដែល គម្រោងដែលនឹងចាប់ផ្ដើមនាខែឧសភាខាងមុខ រួមមានទីលានវាយកូនហ្គោល ១៨ រន្ធ ចំនួន៣ និងអគារលំនៅដ្ឋាន១ ហើយវាជាគម្រោងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់ក្រុមហ៊ុន ត្រាំ។ អ្នកនាំពាក្យបន្តថា ទីលានវាយកូនហ្គោល ២ ដំបូង រំពឹងថានឹងដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៧៕
The post ក្រុមហ៊ុន ត្រាំ គ្រោងវិនិយោគរាប់ពាន់លានដុល្លារ នៅវៀតណាម appeared first on Kampuchea Thmey Daily.