កសិករមិនរំពឹងថា តម្លៃទីផ្សារដំឡូងមីកើនឡើងនៅរយៈពេល ២ ឆ្នាំ ខាងមុខ

បច្ចុប្បន្ន តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យលក់បាន ១៩០ រៀល ក្នុងមួយគីឡូក្រាម... The post កសិករមិនរំពឹងថា តម្លៃទីផ្សារដំឡូងមីកើនឡើងនៅរយៈពេល ២ ឆ្នាំ ខាងមុខ appeared first on Kampuchea Thmey Daily.

កសិករមិនរំពឹងថា តម្លៃទីផ្សារដំឡូងមីកើនឡើងនៅរយៈពេល ២ ឆ្នាំ ខាងមុខ

លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ មិនរំពឹងថា តម្លៃដំឡូងមីស្រស់មានការកើន​ឡើង​នៅក្នុងរយៈពេល ២ ឆ្នាំ ខាងមុខ ដោយសារតម្រូវការសកលលោកធ្លាក់ចុះ។

បច្ចុប្បន្ន តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យលក់បាន ១៩០ រៀល ក្នុងមួយគីឡូក្រាម ដែល​ជា​​តម្លៃមួយមិនអាចធ្វើអោយកសិករចំណេញ។

លោក អិល ឈិញប្រាប់ថា៖ «ដើម្បីឱ្យតម្លៃដំឡូងមីកើនឡើងទាល់តែយើងមានការកែច្នៃក្នុងស្រុក យើងជាប្រទេសអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម អត់មានកែច្នៃអ្វីទាំងអស់ ប្រសិនបើអនាគត មានអ្នកវិនិយោគ រោងចក្រម្សៅមី ដែលមានក្នុងស្រុក ដំឡូងមីអាចនឹងបាន​តម្លៃល្អប្រ​ហាក់​ប្រ ហែល​​​នឹងប្រទេសជិតខាងដែរ»។

លោក អិល ឈិញ បញ្ជាក់ថា បច្ចុប្បន្ន មានលាន និងក្រុមប្រមូលទិញដំឡូងមីស្ងួត ដែល​បាន​តម្លៃ​​គួសម ពោលគឺភាគច្រើនកសិករឆ្នាំនេះ ធ្វើស្ងួត ហើយបើមិនធ្វើ​ស្ងួតមិន​ចំណេញទេ ព្រោះ​ដំឡូង​មីស្ងួតឥឡូវយើងបានថ្លៃជាង ៤០០ រៀល ក្នុងមួយគីឡូក្រាម តាមតំបន់ ហើយអ្នក​ប្រ​កាស​​​ទិញនៅកំពង់សោម តម្លៃ ៦៦០ រៀលក្នុងមួយគីឡូក្រាម ចំណែកនៅតាមលាន ៤៨០ រៀល ទៅ ៥២០។

ប្រជាកសិករ បានលើកឡើងថា តម្លៃដំឡូងស្ងួតសព្វថ្ងៃ លក់បានតម្លៃ ៥៤០ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលដំឡូងស្រស់ បានត្រឹម ១៨០ រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

ប្រជាកសិករក៏បានលើកឡើងបន្ថែមថា បើទោះបីតម្លៃដំឡូងមីស្ងួតបានខ្ពស់បន្តិចមែន តែក៏ត្រូវចំណាយទៅលើការជួលប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីកាប់មើមដំឡូងយកទៅហាលឱ្យស្ងួត ដោយចំណាយក្នុងមួយធុងប៉េត្រូ ៨០០ រៀល ផងដែរ។

លោក លាង ពន្លឺ ប្រធានការិយាល័យកសិឧស្សាហកម្មខេត្តក្រចេះ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃដំឡូងមីស្រស់បានត្រឹមតែ ១៩០ រៀល​ប៉ុណ្ណោះ​ក្នុងមួយគីឡូក្រាម រីឯដំឡូងមីស្ងួត បានដល់ ៥៤០ រៀល ក្នុងមួយគីឡូក្រាម។

យោងតាមសហព័ន្ធដំឡូងមីកម្ពុជា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុង​ស្រុក ៥% ដែលបានរួម​ចំណែក​ប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។

កម្ពុជាជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតា ទៅ ៨០ ម៉ឺន ហិកតា។

​មើម​ដំឡូង​​​មីអាច​ត្រូវបានកែច្នៃទៅជា​ផលិតផល​ច្រើន​ប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃ​បន្ត​ ទៅ​ជា​ផលិតផលចំណីអាហារ ដូច​ជា​នំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណី​សត្វ៕​

អត្ថបទ៖ ឡេង ដេត

The post កសិករមិនរំពឹងថា តម្លៃទីផ្សារដំឡូងមីកើនឡើងនៅរយៈពេល ២ ឆ្នាំ ខាងមុខ appeared first on Kampuchea Thmey Daily.