តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន... The post តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី appeared first on Kampuchea Thmey Daily.

តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះនៅក្នុងសប្ដាហ៍នេះ នៅចំពេលដែលកសិករចាប់ផ្ដើមប្រមូលផលគ្រាប់ស្វាយចន្ទីនារដូវកាលថ្មី។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ ថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះខ្លាំងរយៈពេល ៣ ថ្ងៃមកហើយពី ៦០០០ រៀល ក្នុងមួយគីឡូក្រាម មកត្រឹម ៤ ៨០០ ខណៈកំពង់ធំ មានស្ថិរភាពជាងគេនៅត្រឹម ៥ ២០០ រៀល ក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសក្នុងស្រុកមិនមានថវិកាទិញគ្រាប់ស្វាយចន្ទីនោះទេ ពោលគឺមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ ដូច្នេះតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវពឹងផ្អែកទាំងស្រុងលើទីផ្សារវៀតណាម ដែលធ្វើឱ្យវៀតណាមទម្លាក់តម្លៃដែរ។

លោក អួន ស៊ីឡុតប្រាប់ថា៖ «ឥឡូវសមាគមស្វាយន្ទីបានឱ្យសមាជិកដែលគាត់មានលទ្ធភាពឱ្យគាត់ហាលទុក ប៉ុន្តែយើងពិបាកហាលដោយសារតែអាកាសធាតុធ្លាក់ភ្លៀង»។
ម្យ៉ាងទៀត មានក្រុមហ៊ុន Santana និងក្រុមហ៊ុន Kampu រង់ចាំកាក់ទិញនៅខេត្តព្រះវិហារ ហើយក្រុមហ៊ុន CSNC, GC, Mirarth, ជ័យសំបូរ កាក់ទិញនៅខេត្តកំពង់ធំ ដើម្បីកុំឱ្យលំហូរគ្រាប់នាំចេញទៅព្រំដែនច្រើនពេក ដើម្បីជួយឱ្យស្វាយចន្ទីនៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ចាម អាចមានលំហូរប្រក្រតី។
សម្រាប់ខេត្តកំពង់ធំ ល្អជាងគេ តម្លៃចន្លោះពី ៥០០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែដ៏ទៃទៀតធ្លាក់នៅ ៤៦០០-៤៨០០ យ៉ាប់ជាងគេខេត្តរតនគិរីធ្លាក់ដល់ ៤៤០០ រៀលក្នុងមួយគីឡូក្រាម។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕


អត្ថបទ៖ ឡេង ដេត
The post តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ នៅចំពេលកសិករផ្ដើមប្រមូលផលរដូវកាលថ្មី appeared first on Kampuchea Thmey Daily.