Macron ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ
ប្រធានាធិបតីបារាំង Emmanuel Macron បានមកដល់ប្រទេសវៀតណាម កាលពីរាត្រីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច... The post Macron ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីបារាំង Emmanuel Macron បានមកដល់ប្រទេសវៀតណាម កាលពីរាត្រីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការលើកដំបូង ជាមួយក្តីសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣០ គោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន អាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ការកកើតឡើងវិញ ស្រាវជ្រាវ ផ្កាយរណបនិងការពារ។

ក្រៅពីអមដំណើរដោយភរិយា Brigitte ហើយនោះ, គេក៏ឃើញនាយកប្រតិបត្តិអាជីវកម្មជាច្រើននាក់ មកជាមួយលោក Macron ផងដែរនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai។
មកដល់វៀតណាមមិនបានប៉ុន្មានម៉ោងផង លោក Macron និងភរិយា ក៏បានដើរទស្សនាជុំវិញបឹង Hoan Kiem និងទស្សនាប្រាសាទ Ngoc Son ទាំងយប់តែម្តង។

នៅថ្ងៃចន្ទ លោក Macron នឹងជួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាម ក្នុងរដ្ឋធានីហាណូយ និងបុគ្គលសំខាន់ៗក្នុងវិស័យថាមពលនៅថ្ងៃអង្គារ ខណៈលោកក៏ទំនងជាពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរផងដែរ។
ជុំវិញដំណើរទស្សនកិច្ចរបស់លោក Macron, ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet បានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់ក្នុងទំនាក់ទំនងបារាំង-វៀតណាម។
តាមសម្តីលោក Brochet, «យើងសង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះ ផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត នឹងពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និងវិស័យការពារជាតិ»។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានបទសំខាន់មួយនៃការទស្សនកិច្ចនេះ គឺការគាំទ្ររបស់បារាំងចំពោះការផ្លាស់ប្តូរថាមពលរបស់វៀតណាម។ កិច្ចព្រមព្រៀងដ៏សំខាន់មួយត្រូវបានគេរំពឹងទុក រវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសាជីវកម្មបញ្ជូនថាមពលជាតិវៀតណាម ដើម្បីសាងសង់ខ្សែបញ្ជូនថ្មី។ នេះគឺជាផ្នែកមួយនៃការគាំទ្ររបស់បារាំងចំពោះការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) របស់វៀតណាម។
សូមជម្រាបថា បន្ទាប់ពីទស្សនកិច្ចនៅវៀតណាម លោក Macron នឹងបន្តដំណើរទៅប្រទេសឥណ្ឌូណេស៊ីនិងសិង្ហបុរី។ នៅសិង្ហបុរី លោកគ្រោងនឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ Shangri-La Dialogue ដែលជាជំនួបកំពូលការពារជាតិរបស់អាស៊ី។ នៅទីនោះលោកនឹងប្រកាសអំពីជំហររបស់អឺរ៉ុបចំពោះជម្លោះជាសកល និងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់បារាំង ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ របៀបវារៈសំខាន់បំផុត ២ នឹងត្រូវពិភាក្សា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ Macron នៅ វៀតណាម
The post Macron ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ appeared first on Kampuchea Thmey Daily.