អ៊ីរ៉ង់ជំរុញឲ្យពលរដ្ឋលុប WhatsApp ខណៈកំពុងផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែល
រដ្ឋាភិបាលអ៊ីរ៉ង់ បានចេញការអំពាវនាវទូទាំងប្រទេសសម្រាប់ពលរដ្ឋឲ្យលុបកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp ដោយអះអាងថា... The post អ៊ីរ៉ង់ជំរុញឲ្យពលរដ្ឋលុប WhatsApp ខណៈកំពុងផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលអ៊ីរ៉ង់ បានចេញការអំពាវនាវទូទាំងប្រទេសសម្រាប់ពលរដ្ឋឲ្យលុបកម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp ដោយអះអាងថា វេទិកានេះកំពុងចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយកាលពីថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥តាមកញ្ចក់ទូរទស្សន៍រដ្ឋ មន្ត្រីអ៊ីរ៉ង់បានព្រមានថា WhatsApp មិនមានសុវត្ថិភាព ហើយចោទប្រកាន់ថា វាបញ្ជូនព័ត៌មានអ្នកប្រើប្រាស់អ៊ីរ៉ង់ទៅអ៊ីស្រាអែល ចំពេលមានការប្រឈមមុខដាក់គ្នាខាងយោធាដែលកំពុងបន្តរវាងប្រទេសទាំងពីរ។
មន្ត្រីសន្តិសុខអ៊ីនធឺណិតអ៊ីរ៉ង់ម្នាក់ បាននិយាយតាមកញ្ចក់ទូរទស្សន៍ថា «កម្មវិធីនេះគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលរបស់សត្រូវ។ អ្នកប្រើប្រាស់ទាំងអស់ត្រូវបានជំរុញឲ្យលុប WhatsApp ជាបន្ទាន់ ដើម្បីការពារឯកជនភាព និងសន្តិសុខជាតិ»។
ជាការឆ្លើយតប WhatsApp ដែលគ្រប់គ្រងដោយក្រុមហ៊ុន Meta បានច្រានចោលការចោទប្រកាន់នេះ។ អ្នកនាំពាក្យ WhatsApp បានសង្កត់ធ្ងន់ថា វេទិកានេះប្រើបច្ចេកវិទ្យា«end-to-end encryption» សម្រាប់សារទាំងអស់ មានន័យថា ទាំង WhatsApp ឬរដ្ឋាភិបាលណាមួយមិនអាចចូលអានសារបាននោះទេ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាគ្មានការពិតទេចំពោះការអះអាងថា WhatsApp ចែករំលែកព័ត៌មានអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលណាមួយ រួមទាំងអ៊ីស្រាអែល។ យើងមិនរក្សាទុកមាតិកាសារទេ ហើយប្តេជ្ញាការពារភាពឯកជនរបស់អ្នកប្រើប្រាស់របស់យើងគ្រប់ទីកន្លែង»។
សូមជម្រាបថា ការព្រមាននេះ កើតឡើងនៅពេលដែលមានភាពតានតឹងផ្នែកយោធា និងការវាយប្រហារតាមអ៊ីនធឺណិតកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធាសំខាន់ៗរបស់ខ្លួន រដ្ឋាភិបាលអ៊ីរ៉ង់បានចាប់ផ្ដើមរឹតបន្តឹងទំនាក់ទំនងឌីជីថល និងការចូលទៅកាន់វេទិកាបរទេស។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាជ្ញាធរអ៊ីរ៉ង់បានបិទការភ្ជាប់អ៊ីនធឺណិត រារាំងសេវាកម្ម VPN និងផ្តាច់ប្រទេសចេញពីបណ្តាញសកលជំនួសមកវិញនូវប្រព័ន្ធអ៊ីនធឺណិតជាតិដែលគ្រប់គ្រងដោយរដ្ឋ៕
ដោយ៖ ឈាង
The post អ៊ីរ៉ង់ជំរុញឲ្យពលរដ្ឋលុប WhatsApp ខណៈកំពុងផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែល appeared first on Kampuchea Thmey Daily.