តួឯកស្រីថៃក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ប្រកាសក្ដែងៗថា លែងជួយជ្រោមជ្រែងឪពុក
តារាសម្ដែងថៃវ័យក្មេង Best Rakwanee Kamsing បានប្រកាសក្ដែងៗតាមរយៈកម្មវិធីមួយថា នាងទ្រាំលែងបាន... The post តួឯកស្រីថៃក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ប្រកាសក្ដែងៗថា លែងជួយជ្រោមជ្រែងឪពុក appeared first on Kampuchea Thmey Daily.

តារាសម្ដែងថៃវ័យក្មេង អ្នកនាង Best Rakwanee Kamsing បានប្រកាសក្ដែងៗតាមរយៈកម្មវិធីមួយថា នាងទ្រាំលែងបានទៀតហើយ ចំពោះទង្វើដដែលៗរបស់ឪពុក គឺអតីតអ្នកប្រដាល់ Somrak Khamsing ដោយស្នើឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ បើសិនគាត់បង្ករបញ្ហាដដែលៗ ហើយនាងក៏ឈប់ចូលទៅជួយទៀតដែរ។

ដូចដែលទស្សនិកជនថៃជាច្រើនបានដឹងហើយថា អតីតអ្នកប្រដាល់ Somrak Khamsing មានកូន២នាក់ កូនបងគឺតារាស្រី Best Rakwanee និងកូនប្រុសពៅ Boat Phuwarak ដែលសុទ្ធសឹងតែជាកូនមានចិត្តតកតញ្ញូជាខ្លាំង។ ជារឿយៗ ពួកគេប្រឹងប្រែងរកលុយចិញ្ចឹមគ្រួសារតាំងពីនៅវ័យជំទង់មកម្ល៉េះ។
ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះដែរ បងប្អូនត្រកូល Kamsing ទាំងពីរដួងស្រាប់តែចេញមុខលាតត្រដាងរឿងរ៉ាវទាក់ទិននឹងឪពុកបង្កើតនៅក្នុងកម្មវិធីមួយ ដោយក្នុងនោះពួកគេបាននិយាយអំពីរឿងដែលបានកើតឡើងចំពោះឪពុករបស់ពួកគេ គឺលោក Somrak Khamsing ។
តារាស្រីវ័យ២៤ឆ្នាំរូបនេះបាននិយាយថា «ចាប់ពីពេលនេះតទៅ បើប៉ាទៅបង្កើតអ្វីថ្មី ខ្ញុំមិនពាក់ព័ន្ធទៀតទេ ទុកឲ្យខ្លួនឯងមានជីវិតជារបស់ខ្លួនខ្លះ។ សូមបញ្ចប់រឿងជំពាក់លុយគេជាមួយសំណុំរឿងឆ្នោត២០លានបាត និងករណីរឿងអាស្រូវបៀតបៀនផ្លូវភេទលើក្មេងអាយុ១៧ឆ្នាំ ដែលពួកយើងមិនដឹងថា តើសំណុំរឿងនេះនឹងបញ្ចប់នៅឆ្នាំនេះ ឬឆ្នាំក្រោយ។
ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ! កន្លងមកខ្ញុំបានជួយតាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។ ខ្ញុំនឿយហត់ណាស់! ព្រោះអ្វីដែលបានកើតឡើងមិនមែនជាអ្វីដែលខ្ញុំបានធ្វើ។ រកបានរាប់លានបាត ប៉ុន្តែត្រូវចំណាយវាតាមរបៀបដែលមិនគួរប្រើទាល់តែសោះ។ ប្រសិនបើថ្ងៃណាមួយមានរឿងថ្មីកើតឡើងម្តងទៀត ហើយខ្ញុំមិនបានជួយអ្វីដល់គាត់ទេ។ ខ្ញុំសូមឲ្យអ្នកលេងអ៊ីនធឺណិត និងប្រជាជនថៃងាកមកមើលរឿងដែលខ្ញុំបានធ្វើជូនឪពុកខ្ញុំកាលពីអតីតកាលផង»។
ចំណែកឯប្អូនប្រុសពៅគឺតារាសម្ដែងវ័យក្មេង Boat វិញ បានបន្ថែមទៅលើពាក្យសម្ដីរបស់បងស្រីថា ពេលនេះវាហួសដែនកំណត់ហើយ ក្នុងនាមជាកូនៗពួកយើងមិនអាចទ្រាំបានទៀតទេ ប្រសិនបើឪពុកដើរទៅបង្កបញ្ហាដដែលៗ សូមឲ្យប៉ូលិសចាត់ការគាត់តាមផ្លូវច្បាប់ចុះ។
គួររម្លឹកដែរថា នាពេលកន្លងមកជីវិតរបស់តួឯកស្រីក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» បានជួបនូវបញ្ហាមិនចេះចប់មិនចេះហើយ បន្ទាប់ពីបែកបាក់ជាមួយមិត្តប្រុសមិនប៉ុន្មានផងស្រាប់តែឪពុករបស់នាង គឺអតីតអ្នកប្រដាល់ Somrak ផ្ទុះរឿងអាស្រូវបៀនបៀនកេរ្តិ៍ខ្មាសលើក្មេងស្រីវ័យ១៧ឆ្នាំ។ កាលណោះរឿងរ៉ាវរបស់លោកបានក្លាយជាព័ត៌មានដ៏រសើបក្នុងប្រទេសថៃ។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកថែមទាំងជំពាក់លុយគេយ៉ាងច្រើន ដោយកូនស្រីជាអ្នករកសងជំនួសមកទល់សព្វថ្ងៃនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីនីថៃ Khun sumane ប្រារព្ធខួបកំណើត ៨៨ ឆ្នាំ តែងាកទៅសម្រស់វិញស្អាតមិនប្រួលប្រែ
The post តួឯកស្រីថៃក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ប្រកាសក្ដែងៗថា លែងជួយជ្រោមជ្រែងឪពុក appeared first on Kampuchea Thmey Daily.