អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ
DigiSanté អាចនឹងចុះវាយតម្លៃលើសុវត្ថិភាពផលិតផលត្រីរបស់កម្ពុជានាឆ្នាំក្រោយ ឬឆ្នាំ២០២៧ ដែលនឹងបង្កើតក្ដីសង្ឃឹមពីការនាំចេញផលិតផលត្រីទឹកសាបកម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន។ The post អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ appeared first on Kampuchea Thmey Daily.

ក្រុមការងារដែលធ្វើការទាក់ទងនឹងសុខភាពអឺរ៉ុប DigiSanté អាចនឹងចុះវាយតម្លៃលើសុវត្ថិភាពផលិតផលត្រីរបស់កម្ពុជានាឆ្នាំក្រោយដែលនឹងបង្កើតក្ដីសង្ឃឹមពីការនាំចេញផលិតផលត្រីទឹកសាបកម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅពេលចុះពិនិត្យវឌ្ឍនភាពគម្រោង នៅសហគមន៍ស្រីចឹក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ តំណាងអនុប្រធានសហប្រតិបត្តិប្រចាំសហភាពអឺរ៉ុបនៃកម្ពុជាលោក Koen Everaert បានឱ្យដឹងថា ជាង៣ឆ្នាំហើយដែលក្រុមការងារ DigiSanté របស់អឺរ៉ុបធ្វើការជាមួយអង្គការ UNIDO ក្នុងការប្រមូលទិន្នន័យលើការធ្វើតេស្តលើត្រីទឹកសាបកម្ពុជា។ លោកបន្ថែមថាតាមរយៈការទទួលបានទិន្នន័យនិងការវាយតម្លៃលោកសង្ឃឹមថាក្រុមការងារសុខភាពអឺរ៉ុបមួយនេះនឹងអាចធ្វើដំណើរមកកាន់កម្ពុជានៅឆ្នាំក្រោយដើម្បីពិនិត្យវាយតម្លៃលើសុវត្ថិភាពត្រីទឹកសាបកម្ពុជាហើយបើការវាយតម្លៃទទួលបានលទ្ធផលវិជ្ជមាននោះក្ដីសង្ឃឹមពីការនាំចេញត្រីទឹកសាបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន។
លោកថា៖ «យើងសង្ឃឹមថាការចុះវាយតម្លៃនឹងធ្វើឡើងនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ ហើយយើងក៏សង្ឃឹមថាលទ្ធផលនឹងវិជ្ជមានផងដែរ។ មកដល់ពេលនេះវាជារឿងដែលជំរុញខ្លាំងមែនទែន យើងសង្ឃឹមថានឹងទទួលលទ្ធផលដូចការរំពឹងទុក ហើយបើលទ្ធផលល្អ យើងនឹងរីករាយក្នុងការស្វាគមន៍ត្រីទឹកសាបកម្ពុជាចូលក្នុងទីផ្សារអឺរ៉ុបបាន»។

កម្ពុជាកំពុងពង្រឹងសមត្ថភាពលើស្តង់ដាសុវត្ថិភាពចំណីអាហារ ដើម្បីទទួលបានភ្លើងខៀវនាំផលិតផលជលផលកែច្នៃទៅលក់នៅទីផ្សារប្រទេសអឺរ៉ុប។ សហគ្រាសចំនួន ១៧នៅកម្ពុជាបានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលកម្ពុជា Cambodia Quality Seal (CQS) ដែលមានសក្តានុពលអាចនាំផលិតផលជលផលទៅលក់នៅតាមបណ្តាផ្សារទំនើបដោយផ្ទាល់ និងទៅប្រទេសមួយចំនួនដូចជា អូស្រ្តាលី នូវែលហ្សេឡង់ និងកូរ៉េ និងគ្រោងចាប់លទ្ធភាពពង្រីកទៅទីផ្សារប្រទេសអឺរ៉ុបនាពេលខាងមុខ។
គួរឱ្យដឹងដែរថាកាលពីខែមេសា ឆ្នាំ២០២៤ កម្ពុជាបានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS) នេះ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post អឺរ៉ុបអាចនឹងចុះវាយតម្លៃលើផលិតផលត្រីកម្ពុជានៅឆ្នាំក្រោយបង្កើតក្ដីសង្ឃឹមលើការនាំចេញ appeared first on Kampuchea Thmey Daily.