ក្រសួងការងារ ប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ
ព្រះសីហនុ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និង សុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។ ពិធីអបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ប្រារព្ធឡើងក្រោមសហអធិបតីភាពរបស់លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុប ១,៤០៤នាក់។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋលេខាធិការ ងុយ […]

ព្រះសីហនុ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និង សុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ។

ពិធីអបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារនេះ ប្រារព្ធឡើងក្រោមសហអធិបតីភាពរបស់លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) មន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ ព្រមទាំងសហជីព និងកម្មករនិយោជិត សរុប ១,៤០៤នាក់។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋលេខាធិការ ងុយ រិទ្ធ បានគូសបញ្ជាក់ពីគោលបំណង សំខាន់នៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយបង្កើន ការយល់ដឹងអំពីសារសំខាន់នៃលក្ខខណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារនៅ តាមសហគ្រាស គ្រឹះស្ថាន ជូនដល់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងភាគីពាក់ព័ន្ធនានា សំដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ក៏ដូចជាជំរុញផលិតភាពការងារ។

លោក ងុយ រិទ្ធថា៖ «យើងមានភាពចាំបាច់ត្រូវ តែមានស្មារតីបុរេសកម្ម ក្នុងការសិក្សាស្រាវជ្រាវ និងដាក់ចេញនូវគោលនយោបាយ ដើម្បីបង្ការហានិភ័យថ្មីៗ ចំពោះសុវត្ថិភាព និងសុខភាពការងារ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្មករនិយោជិតនិងមនុស្សយន្ត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)»។

លោករដ្ឋលេខាធិការបានបន្តថា ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និងបរិបទឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI),
កម្ពុជាបានធ្វើបរិវត្តកម្មឌីជីថលក្នុងការចាប់យកនិងទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ក៏ដូចជាបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

គួររំឭកដែរថា កម្ពុជាបានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ជាលើកដំបូង នៅឆ្នាំ២០០៦ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាខួបលើកទី២០ នៃទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ៕



