រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា  The post រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា  appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

នៅចំពោះមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  លោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រដ្ឋមន្ត្រីបរិស្ថានកូរ៉េបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដែលបានទទួលការអនុញ្ញាតពីសម្តេចបវរធិបតី ឱ្យចូលជួបសម្តែងការគួរសម។ លោកវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។

 លោករដ្ឋមន្ត្រីបានបន្តថា លោក និងគណៈប្រតិភូ នឹងជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា ហើយគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក ដែល MoU នេះ នឹងរួមចំណែកពង្រឹងប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។

ពីជំនួបនៅវិមានសន្តិភាព រដ្ឋមន្ត្រីបរិស្ថានកូរ៉េក៏បានចែករំលែកបទពិសោធន៍របស់កូរ៉េក្នុងការគ្រប់គ្រងធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាប្រសិទ្ធភាព, ចីរភាព និងអស់សក្តានុពល នៃធនធាន សម្រាប់បម្រើដល់វិស័យទ្រទ្រង់សេដ្ឋកិច្ច ជាពិសេស វិស័យឧស្សាហកម្ម។ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា បន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងកម្ពុជា និងកូរ៉េ។ ជាមួយគ្នានេះ, សម្តេចបវរធិបតី បានលើកឡើងថា ស្របពេលដែលនគរូបនីយកម្មនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ទឹក ព្រមទាំងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និង ចីរភាព។ ក្នុងន័យនេះ, សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងតភ្ជាប់ប្រព័ន្ធធារាសាស្ត្រដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េលើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងតភ្ជាប់នេះ។

 សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រសួងបរិស្ថានកូរ៉េ បន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព, អស់សក្តានុពល និង មានចីរភាព៕

The post រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា  appeared first on Kampuchea Thmey Daily.