លោក ស សុខា អរគុណអាជ្ញាធរ និងកងកម្លាំង ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ដោយជោគជ័យ
ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំង ជាពិសេសក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង The post លោក ស សុខា អរគុណអាជ្ញាធរ និងកងកម្លាំង ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ដោយជោគជ័យ appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំង ជាពិសេសក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅដោយភាពជោគជ័យ ក្នុងរយៈពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៤ថ្ងៃកន្លងមកនេះ។

សារថ្លែងអំណរគុណរបស់លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំពិតជាមានមោទនភាព និងអំណរសាទរយ៉ាងក្រៃលែងបំផុតចំពោះការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥ ដែលមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី និងភ្ញៀវទេសចរអន្តរជាតិរាប់ម៉ឺននាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥»។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្តថា បរិយាកាសសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយយ៉ាងល្អប្រពៃនៃព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលរួមថ្មីមួយទៀតរបស់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តព្រៃវែងទាំងមូល ដែលកើតចេញពីមនុញ្ញផលនៃមរតកសន្តិភាព និងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងទស្សនវិស័យជឿនលឿនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិលកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

«នៅពីក្រោយស្នាមញញឹម និងក្ដីរីករាយយ៉ាងកងរំពងរបស់បងប្អូនប្រជាពលរដ្ឋ ប្រាកដណាស់ គឺភាពស្វាហាប់នៃការបំពេញតួនាទី និងភារកិច្ចប្រកបដោយការលះបង់ខ្ពស់របស់ក្រុមការងារគ្រប់ផ្នែក ទាំងអនុគណៈកម្មការនីមួយៗ ទាំងកងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ យុវជនស្ម័គ្រចិត្ត និងក្រុមអនាម័យ។ តាមពិតអ្នកទាំងអស់គ្នាត្រូវជួបជុំក្រុមគ្រួសារ ដូចជនរួមជាតិទូទៅដែរ ប៉ុន្តែផ្ទុយទៅវិញ បានលះបង់ឱកាសនេះ ដើម្បីជោគជ័យនៃព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” របស់យើង»។ លោក ស សុខា បន្ថែមយ៉ាងដូច្នេះ។

លោក បានអរគុណ និងកោតសរសើរចំពោះអាជ្ញាធរនៃបណ្ដាស្រុក និងឃុំនានា រួមទាំងនគរបាលនៃអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលបានដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានានៅតាមភូមិស្រុក និងទីអារាមទូទាំងខេត្តព្រៃវែងដោយបរិយាកាសសន្តិសុខ និងសុវត្ថិភាពយ៉ាងល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋដែលមិនបានមកចូលរួមក្នុងព្រឹត្តិការណ៍ធំនៅទីរួមខេត្ត។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមទាំងកម្លាំងនគរបាលជាតិ កម្លាំងប្រជាការពារ និងកងកម្លាំងចម្រុះ ដែលបានដឹកនាំ សហការ និងគាំទ្រយ៉ាងសកម្មចំពោះការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី យ៉ាងអធិកអធម និងប្រកបដោយជោគជ័យជូនបងប្អូនប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយនៅទូទាំងប្រទេស៕
The post លោក ស សុខា អរគុណអាជ្ញាធរ និងកងកម្លាំង ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ដោយជោគជ័យ appeared first on Kampuchea Thmey Daily.