​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រនៅតំបន់ទេសចរណ៍បឹង Inle នៃទីប្រជុំជន Nyaung Shwe ភាគខាងត្បូងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ាបានកើន... The post ​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​ appeared first on Kampuchea Thmey Daily.

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រនៅតំបន់ទេសចរណ៍បឹង Inle នៃទីប្រជុំជន Nyaung Shwe ភាគខាងត្បូងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់៨៩នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី៣១ខែមីនានេះ។​

យោងតាមអង្គការសិទ្ធិមនុស្សនៃតំបន់ Inle និងអ្នកស្ម័គ្រចិត្តជួយអ្នករងគ្រោះ ចំនួនអ្នកស្លាប់នៅក្នុងតំបន់ទេសចរណ៍​បឹង Inle ដ៏ពេញនិយមរបស់មីយ៉ានម៉ា បានកើនដល់៨៩នាក់ហើយ។ បឹង Inle ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម​មួយ ដែលផ្ទះភាគច្រើនត្រូវបានសាងសង់នៅលើបង្គោលលើទឹក មានផ្ទះជាង ២៣០០ដួលរលំដោយសារការរញ្ជួយដីនេះ។

ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីភូមិដែលរងផលប៉ះពាល់ ឥឡូវនេះកំពុងជ្រកនៅតាមសាលារៀន និងវត្តអារាមក្នុងតំបន់ដែល​មិនរងផលប៉ះពាល់ ដោយទាមទារជំនួយមនុស្សធម៌ជាបន្ទាន់។

ទោះបីជាចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់មានចំនួនជិត៩០នាក់ក៏ដោយ ក៏មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួនហើយអ្នកស្ម័គ្រចិត្ត និងក្រុមជួយសង្គ្រោះក្នុងតំបន់រំពឹងថា នឹងរកឃើញសាកសពបន្ថែមទៀត ខណៈដែលពួកគេបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងភូមិផ្សេងៗទៀត។

បើតាមមន្រ្តីដែលបានចុះទៅភូមិក្នុងសង្កាត់ Nyaung Shwe នៃស្រុក Kalaw កាលពីថ្ងៃទី២៩ខែមីនា ដើម្បីវាយតម្លៃការខូចខាតឃើញថា វត្ត​ Phaungdawoo ស្ថិតនៅទីតាំង​នៃ​បឹង​ Inle ក៏​ត្រូវ​បាន​ខូចខាត​ដែរ។ ដោយ​សារ​គ្រោះ​រញ្ជួយ​ដី កម្រិត​ទឹក​នៅ​ជុំវិញ​វត្ត​បាន​ស្រក​ចុះ​ប្រហែល​បី​ម៉ែត្រ។ ការ​រញ្ជួយ​ដី​នេះ​ក៏​បាន​បណ្តាលឲ្យបាក់ដំបូលវត្ត និង​បាក់ជញ្ជាំង​អគារ​ក្នុងវត្ត​ផង​ដែរ។

សរុបការខូតខាតនៅរដ្ឋ Shan មានវត្តចំនួន ៩០, អគារសាសនាចំនួន ៤៨, របងឥដ្ឋចំនួន១២៦, អគារមន្ទីរចំនួន ៣៤ អគារផ្សេងទៀតចំនួន ១២ និង ផ្ទះចំនួន ១៧៩៧ខ្នងបានដួលរលំទាំងស្រុង និងមានការខូចខាតដោយផ្នែកមួយចំនួនទៀត។

សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីដ៏សាហាវកម្រិត៧.៧រ៉ិចទ័រដែលមានចំណុចកណ្ដាលនៅទីក្រុង Mandalay បានបំផ្លាញអគារជាច្រើន ហើយមកដល់ពេលនេះមនុស្សចំនួនជិត៣ពាន់បានស្លាប់ និងជាច្រើននាក់នៅតែបាត់ខ្លួន ខណៈក្រុមជួយសង្គ្រោះមកពីប្រទេសផ្សេងៗកំពុងផ្ដល់ជំនួយស្វែងរកជនរងគ្រោះដល់ប្រទេសនេះ៕​

អត្ថបទ៖ ប៊ុន​ សុភាព

The post ​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​ appeared first on Kampuchea Thmey Daily.