មេទ័ពម៉ាឡេស៊ី កោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ
នាយឧត្ដមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ The post មេទ័ពម៉ាឡេស៊ី កោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ appeared first on Kampuchea Thmey Daily.

នាយឧត្ដមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវបានសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសជំនួបនេះ លោកនាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ លោកក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍនិងរីកចម្រេីន ផងដែរ។

លោកមេបញ្ជាការបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររបស់លោក ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្ត ចំពោះការរីកចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់ និងការសិក្សារៀនសូត្រទៅវិញទៅមក រវាងកងទ័ពនៃប្រទេសទាំងពីរ។

លោកក៏បានគូសបញ្ជាក់ជូនថា កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។

ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងក្តីរីករាយ ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។

សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ជាពិសេសលើការបណ្តុះបណ្តាល, លំហាត់ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ, ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែករំលែកបទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។
សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ៕



The post មេទ័ពម៉ាឡេស៊ី កោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ appeared first on Kampuchea Thmey Daily.