រដ្ឋមន្រ្តីថៃ៖ អាមេរិកនឹងរឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល
សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ជាពិសេសចំពោះការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ដើម្បីទប់ស្កាត់ការគេចវេសនៃច្បាប់ពាណិជ្ជកម្ម The post រដ្ឋមន្រ្តីថៃ៖ អាមេរិកនឹងរឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បាននិយាយថា សហរដ្ឋអាមេរិកបានកំណត់គោលដៅផលិតផលចន្លោះពី ៥០-៦០ មុខ សម្រាប់ការរឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើម ក្នុងបំណងបញ្ចៀសការប្រើប្រាស់ថៃជាប្រទេសឆ្លងកាត់ ដើម្បីគេចវេសវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោករដ្ឋមន្រ្តីបានបន្ថែមថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ជាពិសេសចំពោះការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ដើម្បីទប់ស្កាត់ការគេចវេសនៃច្បាប់ពាណិជ្ជកម្ម ជាពិសេសការប្រើប្រាស់ខុសនៃសិទ្ធិពាណិជ្ជកម្ម ដែលអាមេរិកផ្តល់ទៅឱ្យថៃក្នុងការនាំចេញទំនិញទៅកាន់ប្រទេសរបស់ខ្លួន ដោយមិនចាំបាច់បំពេញតាមតម្រូវការលក្ខណៈវិនិច្ឆ័យប្រភពដើម។
បើតាមបាងកកប៉ុស្តិ៍ លោក Pichai បាននិយាយថា រដ្ឋាភិបាលថៃនឹងអនុវត្តវិធានការចំនួន៣ ដើម្បីដោះស្រាយការចេញឯកសារ C/O មិនត្រឹមត្រូវ។

ទី១ រដ្ឋាភិបាលនឹងកំណត់អត្តសញ្ញាណផលិតផលគោលដៅ ដែលកំណត់ដោយសហរដ្ឋអាមេរិក និងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងនៃរោងចក្រផលិតទំនិញទាំងនោះ។ ទី២ រដ្ឋាភិបាលនឹងវាយតម្លៃថ្លៃដើមផលិតទំនិញដោយស្នើសុំ C/O ដើម្បីកំណត់ភាគរយនៃវត្ថុធាតុដើមក្នុងស្រុក និងថាតើវាគោរពតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការចេញ C/O ដែរឬទេ។
ចុងក្រោយបង្អស់ រដ្ឋាភិបាលនឹងកំណត់ក្រសួងពាណិជ្ជកម្មអាជ្ញាធរតែមួយគត់ ដែលទទួលខុសត្រូវក្នុងការចេញ C/Os ដោយជំនួសប្រព័ន្ធបច្ចុប្បន្ន ដែលសហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃ ក៏មានសិទ្ធិចេញការអនុញ្ញាតផងដែរ។ ការផ្លាស់ប្តូរ នេះមានគោលបំណងធានានូវការគ្រប់គ្រង និងការទទួលខុសត្រូវកាន់តែច្រើន។
គួរគូសបញ្ជាក់ថា ដូចទៅនឹងប្រទេសជាច្រើនទៀតដែរ ថៃដែលរងពន្ធគយបដិការ ៣៦ ភាគរយ ពីសហរដ្ឋអាមេរិក កំពុងចរចាជាមួយរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ ដោយសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងសម្រេចបានឡើងមុនដើមខែកក្កដា ពោលគឺមុនពេលពន្ធនេះចូលធរមានសារជាថ្មី ក្រោយការផ្អាករយៈពេល ៩០ ថ្ងៃ ផុតកំណត់។
The post រដ្ឋមន្រ្តីថៃ៖ អាមេរិកនឹងរឹតបន្តឹងការផ្ទៀងផ្ទាត់ប្រភពដើមនៃផលិតផលនាំចូល appeared first on Kampuchea Thmey Daily.