ពូទីន ប្រកាសបើកចិត្ត ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម
ថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា លោកបើកចិត្តជានិច្ច... The post ពូទីន ប្រកាសបើកចិត្ត ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម appeared first on Kampuchea Thmey Daily.

ថ្លែងប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា លោកបើកចិត្តជានិច្ចចំពោះការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន។

សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីបទឈប់បាញ់ពិធីបុណ្យ Easter រយៈពេល៣០ម៉ោង ដែលលោកពូទីន ប្រកាសជាឯកតោភាគី បានផុតកំណត់ហើយកងទ័ពរុស្ស៊ី បើកការវាយប្រហារចាស់ដៃលើអ៊ុយក្រែន។
ទោះបែបនេះ តែលោកនិយាយថា ទីក្រុងមូស្គូបើកចិត្តជានិច្ចចំពោះរាល់គំនិតផ្តួចផ្តើមសន្តិភាព ហើយរំពឹងថា ទីក្រុងកៀវឯណោះ ក៏បើកចិត្តដូចគ្នាដែរ។
យ៉ាងណា លោកពូទីនក៏ព្រមានដែរថា ទីក្រុងមូស្គូ នឹងនៅតែកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រោះកងទ័ពអ៊ុយក្រែននិងបរទេស បានប្រើទីតាំងទាំងនេះជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។

លោកអះអាងថា «រុស្ស៊ីនឹងនៅតែបន្តកំណត់គោលដៅលើកងទ័ពអ៊ុយក្រែននិងបរទេស ដោយមិនគិតពីថាតើពួកគេស្ថិតនៅទីតាំងស៊ីវិលឬយ៉ាងណានោះទេ។ យើងបានសិក្សាយ៉ាងហ្មត់ចត់មុននឹងបើកការវាយប្រហារព្រោះទីក្រុងកៀវ បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលម្តងហើយម្តងទៀតសម្រាប់តម្រូវការយោធា»។
ស្របពេលនឹងការលើកឡើងរបស់លោកពូទីននេះ ងាកទៅប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គីឯណោះវិញ បានបញ្ជាក់ថា ទីក្រុងកៀវ នឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ដើម្បីជួបជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅថ្ងៃពុធ ដើម្បីពិភាក្សារកវិធី បញ្ចប់សង្រ្គាមដែលអូសបន្លាយជាងបីឆ្នាំ។
ជំនួបលើកនេះ ត្រូវគេដឹងថា ជាកិច្ចប្រជុំបន្តពីជំនួបកំពូលលើកមុននៅទីក្រុងប៉ារីសនៃប្រទេសបារាំងកាលពីសប្តាហ៍មុន ដែលក្នុងអំឡុងពេលនោះ សហរដ្ឋអាមេរិកនិងអឺរ៉ុប ក៏ពិភាក្សាគ្នាលើវិធីពន្លត់ភ្លើងសង្គ្រាមនេះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ
The post ពូទីន ប្រកាសបើកចិត្ត ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម appeared first on Kampuchea Thmey Daily.