ប្រធានមន្ទីរបញ្ចកោណជឿជាក់ថា ណាតូនឹងសម្រេច​បាន​គោលដៅចំណាយការពារជាតិ ៥%

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ​​បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា សម្ព័ន្ធមិត្តណាតូនឹងយល់ព្រមតាមការទាមទាររបស់ប្រធានាធិបតី... The post ប្រធានមន្ទីរបញ្ចកោណជឿជាក់ថា ណាតូនឹងសម្រេច​បាន​គោលដៅចំណាយការពារជាតិ ៥% appeared first on Kampuchea Thmey Daily.

ប្រធានមន្ទីរបញ្ចកោណជឿជាក់ថា ណាតូនឹងសម្រេច​បាន​គោលដៅចំណាយការពារជាតិ ៥%

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ​​បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា សម្ព័ន្ធមិត្តណាតូនឹងយល់ព្រមតាមការទាមទាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការបង្កើនការចំណាយលើវិស័យការពារជាតិ​ដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសមាជិកនីមួយៗ។

លោក Pete Hegseth (រូបថត៖ Reuters)

គោលដៅដែលបានស្នើឡើងនេះ គឺជាការកើនឡើងគួរ​ឲ្យ​កត់សម្គាល់ពី​ការ​កំណត់​​គោលដៅ ២% បច្ចុប្បន្ន ហើយត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទ​ដ៏​សំខាន់នៅក្នុងកិច្ចប្រជុំកំពូល​ណាតូ ដែលនឹង​ធ្វើ​នៅទីក្រុងឡាអេនា​ថ្ងៃ​ទី​២៤-២៥​ខែ​មិថុនា។

លោក Hegseth បាននិយាយនៅក្នុងកិច្ចប្រជុំ​ក្រុម​​រដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប៊្រុលសែលកាល​ពី​ថ្ងៃ​ទី​៥​ខែ​មិថុនា​​ថា «យើងនៅទីនេះដើម្បីបន្តការងារដែលប្រធានាធិបតី ត្រាំ បានចាប់ផ្តើម ដែលជាការប្តេជ្ញាចិត្តចំពោះការចំណាយលើវិស័យការពារជាតិ ៥% នៅទូទាំងសម្ព័ន្ធភាពនេះ ដែលយើងគិតថានឹងអាច​ធ្វើ​បាន»។

បច្ចុប្បន្ន ពុំ​​ទាន់មានប្រទេសណាមួ​យ​អាច​ឈាន​ដល់​ចំណាយ​​ ៥%​នៃ GDP ទេ សូម្បីតែ​អាមេរិក ប៉ុន្តែលោក Hegseth បាននិយាយថា វា​កំពុង​មានដំណើរការ​ហើយ​លើ​ការ​សម្រេច​​បាន​គោលដៅ​នេះ។

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានស្នើផែនការវិនិយោគថ្មីមួយដែលបែងចែក ៣,៥% នៃ GDP សម្រាប់ការចំណាយលើវិស័យការពារជាតិដោយផ្ទាល់ និង ១,៥%បន្ថែមទៀតសម្រាប់​ការ​ចំណាយ​យោធា​​ដោយ​ប្រយោល​ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ដូចជា សន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធដែលមានសមត្ថភាពយោធា។ ផែនការនេះ មាន​គោល​បំណង​ព្យាយាមពង្រឹងការការពាររបស់ណាតូប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងនោះក៏មានភាពយុត្តិធម៌ចំពោះប្រទេសដែលមានសេដ្ឋកិច្ចតូច ឬខ្សោយជាង ដោយអនុញ្ញាត​ឲ្យមានមធ្យោបាយបត់បែនបន្ថែមទៀតដើម្បី​ឈាន​ទៅដល់គោលដៅ។

សមាជិក​ចំនួន​​២៣​ក្នុងចំណោម​រដ្ឋ​សមាជិក​ទាំង​៣២​របស់ណាតូ បច្ចុប្បន្នសម្រេចបាននូវគោលដៅចំណាយ ២% តែ​មិនទាន់មាននរណាម្នាក់ឈានដល់កម្រិត ៥% ដូចដែលបានស្នើឡើងនៅឡើយទេ។ សមាជិកសម្ព័ន្ធនៅតែ​កំពុង​ជជែក​វែក​ញែក​គ្នា​សម្រាប់​កាល​បរិច្ឆេទ​ក្នុង​​ការសម្រេចបាននូវគោលដៅ ៥%​។ លោក Rutte បាន​ដាក់​កាលកំណត់នៅ​ត្រឹម​ឆ្នាំ​២០៣២ ហើយ​​សមាជិក​ខ្លះ​បាន​យល់​ថា កាល​កំណត់​នេះ​ពិត​ជា​លឿន​ពេក​សម្រាប់​ប្រទេស​ពួក​គេ។ យ៉ាង​ណា ប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត ដូចជា លីទុយអានី បែរ​ជា​មាន​មហិច្ឆតា​​ចង់​សម្រេច​​គោលដៅ​​​ឲ្យ​លឿន​ជាង​នេះ​ទៅ​វិញ៕

(រូបថត៖ Reuters)

ដោយ៖ ឈាង

The post ប្រធានមន្ទីរបញ្ចកោណជឿជាក់ថា ណាតូនឹងសម្រេច​បាន​គោលដៅចំណាយការពារជាតិ ៥% appeared first on Kampuchea Thmey Daily.