ឥណ្ឌាចោទប៉ាគីស្ថានពីការបំពានបទឈប់បាញ់ ហើយប្រកាសវាយប្រហារសងសឹកវិញភ្លាមៗ
ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាបាន... The post ឥណ្ឌាចោទប៉ាគីស្ថានពីការបំពានបទឈប់បាញ់ ហើយប្រកាសវាយប្រហារសងសឹកវិញភ្លាមៗ appeared first on Kampuchea Thmey Daily.

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Economic Times នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៥នេះ ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាបានរំលោភលើកិច្ចព្រមព្រៀង ដែលនាំឲ្យមានអរិភាពជាថ្មីនៅក្នុងតំបន់កាស្មៀរ។

ការបំផ្ទុះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Srinagar និងផ្នែកផ្សេងទៀតនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយនៅក្នុងសន្និសីទទូរទស្សន៍មួយថា រយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ មានការរំលោភបំពានម្តងហើយម្តងទៀតពីភាគីប៉ាគីស្ថាន ហើយកងកម្លាំងប្រដាប់អាវុធឥណ្ឌាកំពុងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗ ចំពោះការរំលោភបំពានទាំងនេះ។ លោក Vikram Misri បានលើកឡើងថា៖ «យើងអំពាវនាវឲ្យប៉ាគីស្ថានចាត់វិធានការសមស្រប ដើម្បីដោះស្រាយការរំលោភបំពានទាំងនេះ និងដោះស្រាយស្ថានការណ៍ដោយភាពម៉ត់ចត់ និងការទទួលខុសត្រូវ»។
ដោយឡែក បើយោងតាមសារព័ត៌មាន Al Jazeera ជាការឆ្លើយតប ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយថែមទាំងបន្ទោសឥណ្ឌាចំពោះការរំលោភបំពានទៅវិញ។ ជាគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar បានប្រាប់ទូរទស្សន៍ក្នុងស្រុក Geo News ថា៖ «មកទល់ពេលនេះ មិនទាន់មានការរំលោភលើបទឈប់បាញ់ណាមួយឡើយទេ»។
សូមជម្រាបជាថ្មី ភាពតានតឹងរវាងគូជម្លោះទាំងពីរបានកើនឡើងខ្ពស់ ចាប់តាំងពីថ្ងៃទី៧ខែឧសភាមក នៅពេលឥណ្ឌាបើកប្រតិបត្តិការ «Sindoor» ដោយផ្តោតលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន ឆ្លើយតបទៅការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា ដែលសម្លាប់មនុស្ស ២៦នាក់។
ឥណ្ឌាអះអាងថា ការវាយប្រហារនោះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច១០០នាក់ ខណៈប៉ាគីស្ថានបានបញ្ជាក់តែពីរបាយការណ៍ស្លាប់របស់ជនស៊ីវិលប៉ុណ្ណោះ និងបានប្រកាសសងសឹកវិញ៕
ដោយ៖ ឈាង
The post ឥណ្ឌាចោទប៉ាគីស្ថានពីការបំពានបទឈប់បាញ់ ហើយប្រកាសវាយប្រហារសងសឹកវិញភ្លាមៗ appeared first on Kampuchea Thmey Daily.