ត្រាំ ចង់ជួបផ្ទាល់ជាមួយ ពូទីន ក្រោយការចរចានៅអ៊ីស្តង់ប៊ុលអត់ទទួលបានផ្លែផ្កាល្អ
បន្ទាប់ពីការចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុលបញ្ចប់ដោយមិនសម្រេចបានលទ្ធផលជាផ្លែផ្កាល្អ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនា... The post ត្រាំ ចង់ជួបផ្ទាល់ជាមួយ ពូទីន ក្រោយការចរចានៅអ៊ីស្តង់ប៊ុលអត់ទទួលបានផ្លែផ្កាល្អ appeared first on Kampuchea Thmey Daily.

បន្ទាប់ពីការចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុលបញ្ចប់ដោយមិនសម្រេចបានលទ្ធផលជាផ្លែផ្កាល្អ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនារបស់គាត់ចង់ជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការពិភាក្សាកម្រិតខ្ពស់ដើម្បីដោះស្រាយសង្គ្រាម។

កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាការចរចាដោយផ្ទាល់លើកដំបូងរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីក្នុងរយៈពេលជាងបីឆ្នាំ បានបញ្ចប់ជាមួយលទ្ធផលតិចតួចមានកម្រិត។ ភាគីទាំងពីរបានយល់ព្រមលើការផ្លាស់ប្តូរគ្នាទៅវិញទៅមកនៃអ្នកទោសចំនួន ១ ០០០នាក់ ប៉ុន្តែការខ្វែងគំនិតគ្នាយ៉ាងសំខាន់នៅតែបន្តកើតមាន ជាពិសេសទាក់ទងនឹងសម្បទានទឹកដី។
លោកប្រធានាធិបតី ត្រាំ ដែលបច្ចុប្បន្នបានបញ្ចប់ដំណើរទស្សនកិច្ចការទូតទៅកាន់មជ្ឈិមបូព៌ា បានសម្តែងការត្រៀមខ្លួនរបស់គាត់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយលោកប្រធានាធិបតី ពូទីន ដោយនិយាយថា «ខ្ញុំត្រៀមខ្លួនដើម្បីជួបជាមួយប្រធានាធិបតីពូទីនឲ្យបានឆាប់តាមដែលយើងអាចរៀបចំវាបាន»។ លោកបានគូសបញ្ជាក់អំពីភាពបន្ទាន់នៃស្ថានការណ៍ ដោយបានកត់សម្គាល់ពីអត្រាអ្នកស្លាប់ និងរងរបួសខ្ពស់ និងសារៈសំខាន់នៃការសន្ទនាដោយផ្ទាល់ដើម្បីសម្រេចបានបទឈប់បាញ់។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសយល់ព្រមចំពោះផែនការឈប់បាញ់រយៈពេល៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា រុស្ស៊ីមិនបានគាំទ្រផែនការនេះទេ ដោយបន្តសកម្មភាពយោធារបស់ខ្លួន។
គួរកត់សម្គាល់ថា គ្រាន់តែការចរចារវាងគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែននៅប្រទេសតួកគីចប់ភ្លាម ស្រាប់តែនៅទីក្រុងទីរ៉ាណា នៃប្រទេសអាល់បានី ឯណោះលោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេសទៀតដូចជា ប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Friedrich Merz, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងមេដឹកនាំប៉ូឡូញ Donald Tusk បានចាប់ទាញទូរស័ព្ទ call ទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ភ្លាម ដើម្បីពិភាក្សាអំពីដំណើរការនៃកិច្ចពិភាក្សានោះ។
លោកហ្សេលេនស្គីនិយាយថា «យើងបានពិភាក្សាគ្នាអំពីកិច្ចប្រជុំនៅអ៊ីស្តង់ប៊ុល។ អ៊ុយក្រែន ត្រៀមខ្លួនជានិច្ចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ ហើយវាពិតជារឿងសំខាន់ណាស់ ក្នុងការប្រកាន់ជំហរយ៉ាងរឹងមាំ។ ប្រសិនបើទីក្រុងមូស្គូបដិសេធបទឈប់បាញ់ដ៏ធំនិងគ្មានលក្ខខណ្ឌនោះ ពិភពលោកត្រូវតែដាក់ទណ្ឌកម្មឲ្យខ្លាំងជាងនេះ ដើម្បីបង្ខំពួកគេឲ្យធ្វើសម្បទាន។ ត្រូវតែដាក់សម្ពាធលើរុស្ស៊ីរហូត ទាល់តែទីក្រុងមូស្គូត្រៀមខ្លួនរួចស្រេចដើម្បីបញ្ចប់ជម្លោះ»៕
ដោយ៖ ឈាង
ចុចអាន៖ ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត
The post ត្រាំ ចង់ជួបផ្ទាល់ជាមួយ ពូទីន ក្រោយការចរចានៅអ៊ីស្តង់ប៊ុលអត់ទទួលបានផ្លែផ្កាល្អ appeared first on Kampuchea Thmey Daily.