តើជំងឺមហារីកបង្កឡើងដោយកត្តាអ្វីខ្លះ?

ការជក់បារី អាចនាំឱ្យកើតមហារីកសួត មហារីកបំពង់ក និងជំងឺផ្សេងៗទៀត។ ព្រោះសារធាតុពុលបានចូលទៅក្នុងសួតរបស់អ្នក។... The post តើជំងឺមហារីកបង្កឡើងដោយកត្តាអ្វីខ្លះ? appeared first on Kampuchea Thmey Daily.

តើជំងឺមហារីកបង្កឡើងដោយកត្តាអ្វីខ្លះ?

ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឹមហារីក។ មនុស្សម្នាក់បានស្លាប់ដោយសារជំងឺនេះរៀងរាល់ ៤០នាទីម្តង ឬប្រមាណ ៣៨នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក” កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

ស្របពេលដែលកម្ពុជាកំពុងព្រួយបារម្ភអំពីជំងឺមហារីកនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងពីកត្តាមួយចំនួនដែលបង្កឱ្យកើតជំងឺមហារីក។ តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ អ្នកជំនាញសុខភាពរូបនេះ បានឱ្យដឹងថា កត្តាបង្កឱ្យកើតមានជំងឺមហារីក រួមមាន កត្តាហ្សែន កត្តានៃរបៀបរស់នៅ មេរោគឆ្លង ការប៉ះពាល់ពីវិទ្យុសកម្ម ការប៉ះពាល់ពីសារធាតុគីមី កត្តាអរម៉ូន និងកត្តាបន្តពូជ និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។

១.កត្តាហ្សែន (ជាអ្វីដែលមានពីកំណើតមក)

មានន័យថា អ្នកមានហានិភ័យឆ្លងជំងឺមហារីកតពីគ្រួសាររបស់អ្នក។ ឧទាហរណ៍ ប្រសិនបើម្តាយ ឬប្អូនស្រីរបស់អ្នកមានជំងឺមហារីកសុដន់ ហើយគ្រួសាររបស់អ្នកមានបម្រែបម្រួលហ្សែនប្រភេទ BRCA នោះមានន័យថា អ្នកក៏អាចមានឱកាសខ្ពស់ក្នុងការកើតមានជំងឺមហារីកសុដន់ ឬអូវែផងដែរ។ ដូច្នេះ ហានិភ័យដែលអ្នកឆ្លងជំងឺនេះ គឺមកពីហ្សែនរបស់គ្រួសារអ្នក។

២.កត្តានៃរបៀបរស់នៅ (អ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃ)

ការជក់បារី អាចនាំឱ្យកើតមហារីកសួត មហារីកបំពង់ក និងជំងឺផ្សេងៗទៀត។ ព្រោះសារធាតុពុលបានចូលទៅក្នុងសួតរបស់អ្នក។ ការសេពសុរា៖ ការផឹកស្រាច្រើនពេកជារៀងរាល់ថ្ងៃអាចបង្កើនឱកាសដែលនាំឱ្យកើតជំងឺមហារីកថ្លើម មហារីកសុដន់ ឬមហារីកមាត់ ព្រោះថ្លើមរបស់អ្នករងនូវការខូចខាតបន្តិចម្តងៗទៅតាមពេលវេលា។ ការទទួលទានអាហារដែលធ្វើឱ្យខូចសុខភាព៖ ឧទាហរណ៍ ការទទួលទានប្រភេទសាច់កែច្នៃច្រើនដូចជាសាច់ជ្រូកបន្ទះ និងសាច់ក្រកញឹកញាប់អាចបង្កើនហានិភ័យនាំឱ្យកើតជំងឺមហារីកពោះវៀនធំ ព្រោះវាជាប្រភេទអាហារប៉ះពាល់ដល់សុខភាព និងចិញ្ចឹមកោសិកាមហារីក។ ការមិនហាត់ប្រាណ និងលើសទម្ងន់៖ ការលើសទម្ងន់ និងការមិនធ្វើសកម្មភាពកីឡាអាចនាំឱ្យមានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកតម្រងនោម ព្រោះរាងកាយរបស់យើងមិនមានតុល្យភាព។

៣.មេរោគឆ្លង (មេរោគដែលបណ្តាលឱ្យកើតមហារីក)

ប្រភេទវីរុស HPV៖ វីរុស HPV គឺជាមេរោគម្យ៉ាងដែលឆ្លងតាមរយៈការរួមភេទ ហើយអាចបង្កជាជំងឺមហារីកមាត់ស្បូនចំពោះស្ត្រី។ ចំពោះដំណោះស្រាយ វ៉ាក់សាំង HPV អាចជួយការពារបញ្ហានេះបាន។ ជំងឺរលាកថ្លើមប្រភេទ B ឬ C មេរោគទាំងនេះបានទៅបំផ្លាញថ្លើម ហើយបង្កឱ្យកើតជាជំងឺមហារីកថ្លើម។ របៀបដែលវាឆ្លងរីករាលដាល គឺតាមរយៈឈាម ការចាក់ថ្នាំដែលមិនមានសុវត្ថិភាព ឬការរួមភេទ។ ប្រភេទបាក់តេរី Helicobacter pylori (H. pylori)៖ បាក់តេរីនេះអាចរស់នៅក្នុងក្រពះរបស់អ្នក ហើយបង្កជាដំបៅដែលអាចនាំឱ្យកើតមហារីកក្រពះ។

៤.ការប៉ះពាល់ពីវិទ្យុសកម្ម (កាំរស្មីដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក)

ពន្លឺព្រះអាទិត្យ (កាំរស្មីយូវី)៖ ឧទាហរណ៍ ត្រូវពន្លឺថ្ងៃច្រើនពេកដោយមិនមានការការពារអាចបណ្តាលឱ្យកើតមហារីកស្បែកដូចជា Melanoma។ ត្រូវលាបឡេការពារកម្តៅថ្ងៃជានិច្ច ឬនៅក្នុងទីម្លប់។ កាំរស្មីអ៊ិច ឬសារធាតុវិទ្យុសកម្ម៖ ការថតដោយប្រើកាំរស្មីអ៊ិចច្រើនពេក ឬការរស់នៅជិតវត្ថុធាតុដែលមានវិទ្យុសកម្មក៏អាចបង្កើនហានិភ័យមហារីកផងដែរ។កំណត់ចំណាំ៖ ការប្រើប្រាស់កាំរស្មីអ៊ិចតាមបែបវេជ្ជសាស្ត្រត្រឹមត្រូវ គឺមានសុវត្ថិភាព។

៥.ការប៉ះពាល់ពីសារធាតុគីមី (សំដៅលើសារធាតុគ្រោះថ្នាក់ដែលនៅជុំវិញអ្នក)

អាសបេស្តូស៖ ឧទាហរណ៍ កម្មករដែលប៉ះពាល់នឹងសារធាតុអាសបេស្តូស (ប្រើក្នុងអគារចាស់ៗ) អាចនាំឱ្យកើតជំងឺមហារីកសួតឬជំងឺមេសូថេលីអូម៉ា។ ត្រូវជៀសវាងការដកដង្ហើមស្រូបយកធូលីពីអគារចាស់ៗ។ ប្រភេទថ្នាំសម្លាប់សត្វល្អិត និងជី៖ ឧទាហរណ៍ ការប្រើប្រាស់ថ្នាំបាញ់គីមីច្រើនពេកលើផ្លែឈើ និងបន្លែអាចបង្កហានិភ័យមហារីក។ ត្រូវលាងសម្អាតផលិតផលទាំងនោះឱ្យស្អាត ឬបរិភោគបន្លែផ្លែឈើសរីរាង្គប្រសិនបើអាច។

៦.កត្តាអ័រម៉ូន និងកត្តាបន្តពូជ (ការផ្លាស់ប្តូររាងកាយ និងជម្រើស)

អស់រដូវយឺត ឬមិនមានកូន៖ ស្ត្រីដែលចាប់ផ្តើមមករដូវឆាប់ ឬស្ត្រីមិនមានកូន អាចមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ឬមហារីកស្បូន។ ដោយសារ អ័រម៉ូនមានភាពសកម្មយូរពេកនៅក្នុងរាងកាយ។ ថ្នាំអរម៉ូន (ដូចជាប្រើ HRT ឬថ្នាំពន្យារកំណើតរយៈពេលយូរ)៖ ឧទាហរណ៍៖ ការលេបថ្នាំទាំងនេះអស់រយៈពេលជាច្រើនឆ្នាំអាចបង្កើនហានិភ័យបន្តិចបន្តួចដែលបង្កជាជំងឺមហារីក ប៉ុន្តែវាក៏អាស្រ័យលើអាយុនិងសុខភាពរបស់យើងផងដែរ។

៧.ប្រព័ន្ធភាពស៊ាំចុះខ្សោយ (សំដៅលើការការពាររាងកាយធ្លាក់ចុះ)

មានន័យថា រាងកាយរបស់អ្នកមិនអាចប្រឆាំងជាមួយនឹងកោសិកាមហារីកបានល្អនោះទេ។ ឧទាហរណ៍ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ឬអ្នកជំងឺដែលប្តូរសរីរាង្គ (ប្រើថ្នាំដើម្បីបន្ថយប្រព័ន្ធភាពស៊ាំ) មានហានិភ័យខ្ពស់នៃជំងឺមហារីក ដូចជាជំងឺមហារីកកូនកណ្តុរ​ និងជំងឺ Kaposi’s sarcoma៕

The post តើជំងឺមហារីកបង្កឡើងដោយកត្តាអ្វីខ្លះ? appeared first on Kampuchea Thmey Daily.