តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះធ្ងន់ ខណៈរដូវប្រមូលផលធំចូលមកដល់

តម្លៃទុរេនវៀតណាម​បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ ក្រោយ​ចិន​រឹតបណ្ដឹងលើទុរេននាំចូលកាលពីដើមឆ្នាំ ដែលធ្វើឱ្យ​​ឈ្មួញ​វៀតណាម​ត្រូវផ្គត់ផ្គង់ច្រើន​លើសតម្រូវការក្នុងស្រុក។ The post តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះធ្ងន់ ខណៈរដូវប្រមូលផលធំចូលមកដល់ appeared first on Kampuchea Thmey Daily.

តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះធ្ងន់ ខណៈរដូវប្រមូលផលធំចូលមកដល់

​តម្លៃទុរេន​ចេញ​ពីចម្ការនៅតំបន់ដីសណ្តទន្លេមេគង្គ ប្រភេទ Ri 6 បាន​បន្តធ្លាក់ចុះមកនៅត្រឹម​ ៣៥ ០០០-៤០ ០០០ ដុង (១,១៦-១,៥៥ ដុល្លារ)/គីឡូក្រាម​ ខណៈតម្លៃទុរេន Monthong ធ្លាក់ចុះដូចគ្នាមកត្រឹម ៦០,០០០-៧០,០០០ ដុង/គីឡូក្រាម ខណៈរដូវប្រមូលផលធំបាន​ចូលមក​ដល់។ នេះបើតាមការចុះផ្សាយរបស់​កាសែត VnExpress។

បុរសជាកសិករដាំទុរេនម្នាក់នៅតំបន់ដីសណ្ដទន្លេមេគង្គ បាន​និយាយថា មាន​ឈ្មួលចុះទិញ​ទុរេនតិចតួច ខណៈ​រដូវមកផលធំខិតចូលមកដល់ហើយ។ លោកនិយាយថា ​ឈ្មួញខ្លះបានចុះហត្ថលេខាលើកិច្ចសន្យាទិញ​តាំងពីខែ​មីនាដើម្បីទិញ​ទុរេន​របស់​លោក​ក្នុងតម្លៃ ៦០ ០០០ ដុង/គីឡូក្រាម ​ប៉ុន្តែ​លោក​បារម្ភថា ពួកគេអាចនឹងលុបចោលការទិញវិញនៅពេលដែល​តម្លៃទុរេនបន្តធ្លាក់ចុះ។​ កសិករដែល​នៅក្នុងខេត្ត Tien Giang ដដែល បន្តថា៖ «ជម្រើសតែមួយគត់ឥឡូវនេះ គឺលក់ឱ្យឈ្មួញលក់រាយតូច»។

លោក Minh Thai ​ដែលជាពាណិជ្ជករ​ក្នុងខេត្ត Tien Giang បាននិយាយថា កាលពីឆ្នាំមុន លោក​បានទិញទុរេនរហូតដល់ ៣០ តោន/ថ្ងៃ សម្រាប់​នាំ​ចេញទៅប្រទេសចិន ដែលជាទីផ្សារ​ទុរេនដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែនៅឆ្នាំនេះលោក​ទិញត្រឹមតែប្រហែល ៣-៤ តោនប៉ុណ្ណោះ ដើម្បីលក់លើទីផ្សារក្នុងស្រុក បន្ទាប់ពីចិនរឹតត្បឹត​លើ​ការនាំចូលទុរេន។

បើតាម​ VnExpress ​ឈ្មួញភាគច្រើន​នៅ​តំបន់​ដាំ​ទុរេន​ផ្សេងទៀត​ដូចជា​ទីក្រុង Can Tho និង​ខេត្ត Ben Tre បាន​​ផ្អាកការទិញ​​ទុរេន​​ដូចគ្នា​ ដោយ​ខ្លាច​​ខាត​។

គួរគូស​បញ្ជាក់ថា តម្លៃទុរេនវៀតណាម​បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ ក្រោយ​ចិន​រឹតបណ្ដឹងលើទុរេននាំចូលកាលពីដើមឆ្នាំ ដែលធ្វើឱ្យ​​ឈ្មួញ​វៀតណាម​ត្រូវផ្គត់ផ្គង់ច្រើន​លើសតម្រូវការក្នុងស្រុក។ ការដឹកជញ្ជូនជាច្រើនត្រូវជាប់គាំងនៅត្រឹមច្រកព្រំដែន ដើម្បីរងចាំការត្រួតពិនិត្យរកសារធាតុគីមីរហូតដល់រយៈពេល​រហូតដល់ ១ សប្ដាហ៍ ខណៈកាលពីមុនចំណាយពេលត្រឹមតែ ១-២ ថ្ងៃប៉ុណ្ណោះ។

កាលពីឆ្នាំ ២០២៤ វៀតណាម​បាន​នាំ​ចេញ​ទុរេន​ក្នុង​តម្លៃ​ ៣,៣​ ប៊ីលាន​ដុល្លារ​​ ឬ​ជិត​ពាក់​កណ្តាល​នៃ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ និង​បន្លែ ​ទាំង​អស់។ តួលេខនេះបានធ្លាក់ចុះ ៦៩ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ​មកត្រឹម ៥២,៧ លានដុល្លារ ក្នុងរយៈពេល ២ ខែដំបូងនៃដើម​ឆ្នាំ ២០២៥ ដោយការដឹកជញ្ជូនទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ៕

The post តម្លៃទុរេនវៀតណាមបន្តធ្លាក់ចុះធ្ងន់ ខណៈរដូវប្រមូលផលធំចូលមកដល់ appeared first on Kampuchea Thmey Daily.