ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើង​កប់​ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ

ក្រុមហ៊ុនផលិតរថយន្តចិន បានលក់រថយន្តចំនួន ២០ ៦៧២ គ្រឿង ចន្លោះពីខែមករា ដល់ខែមីនា ពោលគឺកើនឡើងពីត្រឹម ៨ ១៤៨ គ្រឿង The post ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើង​កប់​ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើង​កប់​ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ

សមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី (Gaikindo) បាន​ឱ្យដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតចិន ​បាន​វាតទីលើចំណែកទីផ្សារឥណ្ឌូណេស៊ីយ៉ាងឆាប់រហ័ស​ ដោយ​កើនឡើងប្រមាណ ១៥៣ ភាគរយ នៅត្រីមាសទី ១ ឆ្នាំ ២០២៥ ទោះបីជាទីផ្សារលក់ទាំងមូល ក៏ដូចជាការលក់របស់ក្រុមហ៊ុនជប៉ុន បាន​ធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត​ Jakarta Globe កាលពីថ្ងៃអាទិត្យ។ ​

ក្រុមហ៊ុនផលិតរថយន្តចិន បានលក់រថយន្តចំនួន ២០ ៦៧២ គ្រឿង ចន្លោះពីខែមករា ដល់ខែមីនា ពោលគឺកើនឡើងពីត្រឹម ៨ ១៤៨ គ្រឿង នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​ក្រុមហ៊ុនចិន កាន់កាប់ចំណែកទីផ្សារ ១០ ភាគរយ របស់ឥណ្ឌូណេស៊ី ​ដោយកើនឡើងពីត្រឹម ៣,៨៣ ភាគរយ នៅឆ្នាំមុន។

ផ្ទុយ​ទៅ​វិញ ​ទីផ្សារលក់​រថយន្ត​​ឥណ្ឌូណេស៊ី ​បាន​ធ្លាក់​ចុះ ៤,៧ ភាគរយ មកត្រឹម ២០៥ ១៦០ គ្រឿង ពី ២១៥ ១៦០ គ្រឿង នៅត្រីមាសទី ១ ឆ្នាំមុន។ ​

ក្រុមហ៊ុនជប៉ុនដូចជា Daihatsu, Honda​, Suzuki​, Mitsubishi, Isuzu​ សុទ្ធតែកត់ត្រាពីការធ្លាក់ចុះ។ មាន​តែ Toyota ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនជប៉ុន ដែលបាន​កត់ត្រាពីកំណើន​ការលក់រថយន្តនៅឥណ្ឌូណេស៊ី ប្រមាណ ៥ ភាគរយ ដោយនាំមុខគេលើចំណែកទីផ្សារ ៣៣,៦ ភាគរយ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុនជប៉ុន បាន​ធ្លាក់ចុះពី ៩១,៧ ភាគរយ នៅត្រីមាសទី ១​ ឆ្នាំមុន មកនៅ ៨៥,៦ ភាគរយ នៅត្រីមាសទី ១ ឆ្នាំនេះ។

កំណើននៃការលក់រថយន្តរបស់ចិន​ បណ្ដាលមកពីកំណើនតម្រូវការនៃរថយន្តអគ្គិសនី ដែលក្រុមហ៊ុនជប៉ុនមិនទាន់ប្រជែងខ្លាំងនៅឡើយនៅលើទីផ្សារ។ អ្នកជំនាញលើកឡើងថា កំណើនដដែលមិនមែនមកពីការរីកមាឌនៃទីផ្សារលក់រថយន្តឥណ្ឌូណេស៊ីនោះទេ ប៉ុន្តែជាការដណ្ដើមចំណែកទីផ្សាររបស់ជប៉ុន៕

The post ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើង​កប់​ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ appeared first on Kampuchea Thmey Daily.