កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ

កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤... The post កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ appeared first on Kampuchea Thmey Daily.

កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ នឹង​បើក​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី​ ៤ ឆ្នាំ ​២០២៤ រយៈពេល ​៦ ​ថ្ងៃ​ ចាប់ពី​ល្ងាច​ថ្ងៃទី​ ២៥​ រហូតដល់​ថ្ងៃទី ​៣០ ​ខែវិច្ឆិកា ​ឆ្នាំ ​២០២៤​ នៅ​សាល​សន្និសិទ​ចតុម្មុខ។

យោងតាម​កម្មវិធី​ពិធី​បើក​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​លើក​ទី​ ៤ ឆ្នាំ​ ២០២៤ ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ លោក ​ហាប់ ទូច រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី ៤។

នៅក្នុង​កម្មវិធី​ក៏មាន​វីដេអូ​បើក​មហោស្រព និង​ការសម្តែង​ចម្រៀង​ដោយ ​កញ្ញា ស៊ិន យូ​ប៊ី​ន និង លោក ខាត់ វៃ​ហាំង ទូត​សុ​ឆន្ទៈ​របស់​មហោស្រព​របាយការណ៍​សង្ខេប​ពី​ដំណើរ​ការរៀបចំ​មហោស្រព ដោយ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ និង​ជា​ប្រធាន លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា វីដេអូ​បង្ហាញ​ពី​សកម្មភាព ​នៃ​ការបណ្តុះបណ្តាល សកម្មភាព​ នៃ​ការរៀបចំ មហោស្រព វីដេអូ​បង្ហាញ​ពី​សមាសភាព​គណៈមេប្រយោគ វគ្គ​ជម្រុះ​។ ក្រៅពីនេះ​ក៏មាន​ការចាក់​បញ្ចាំង​ភាពយន្ត​ខ្នាត​ខ្លី​របស់​ជ័យលាភី​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី កម្ពុជា​លើក​ទី​ ១ ឆ្នាំ ​២០១៦ លើក​ទី​ ២ ឆ្នាំ​ ២០១៨ និង​លើក​ទី​ ៣ ឆ្នាំ ​២០២២​ ផងដែរ។

មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​ ៤ ឆ្នាំ​ ២០២៤ រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​លើក​ទឹកចិត្ត​ដល់​យុវជន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ការបញ្ចេញ​គំនិត​ច្នៃប្រឌិត តាមរយៈ​អេក្រង់ ឬ​ផ្ទាំងសំពត់ស ដែលជា​ជំហាន​ក្លាយ​ជា​ផលិតករ​ភាពយន្ត ព្រមទាំង​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ភាពយន្ត​ជាតិ។

មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី ៤ នេះ​ នឹង​ជ្រើសរើស​ខ្លឹមសារ​គោល​សម្រាប់​ការ ចូលរួម​ប្រកួតប្រជែង​រួមមាន ​៖ ទី១.​វប្បធម៌ ការ​អភិវឌ្ឍ​សង្គម ដោយ​ខ្លឹមសារ​ នៃ​សាច់រឿង​ ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សង្គម និង​បង្កប់​ដោយ​អត្តសញ្ញាណ​ជាតិ រួមមាន​ ៖ ចំណេះដឹង ជំនឿ​សាសនា សិល្បៈ​ប្រពៃណី​ទំនៀមទម្លាប់ ដែល​ទាក់ទង​ទៅនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន។ រីឯ ទី​២.​ភាព​ច្នៃប្រឌិត​ និង​ការ​បង្កើត​ថ្មី ផ្តោតលើ​ភាព​ស្រមើស្រមៃ បំណង​ប្រាថ្នា អារម្មណ៍​ផ្លូវចិត្ត ការ​ស្រឡាញ់ និង​ទំនាក់ទំនង​ក្នុង​សង្គម ដោយ​បង្កប់​នូវ​គំនិត​ទស្សនវិជ្ជា និង​បច្ចេកវិជ្ជា​ថ្មីៗ។

ចំពោះ​គោលការណ៍​វិនិច្ឆ័យ​ជ្រើសរើស និង​សិទ្ធិ​ចាក់​បញ្ចាំង ​៖ ទី​១.​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ទាំងអស់ ដែល​ត្រូវ​បានប្រកាស​ជ្រើសរើស​បឋម ​នឹងត្រូវ​ដាក់​បញ្ចាំង​ជា​សាធារណៈ នៅ​សាលសន្និសីទ​ចតុម្មុខ និង​រោងភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​ ៥​ ថ្ងៃ ចាប់ពី​ថ្ងៃទី ​២៥ ​ដល់​ថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៤។ ទី​២.​ស្នាដៃ​ភាពយន្ត​ដែល​បានដាក់​ចូលរួម​ប្រកួតប្រជែង នឹងត្រូវ​វិនិច្ឆ័យ​ជ្រើសរើស​បឋម ដោយ​គណៈកម្មការ មេ​ប្រយោគ​វគ្គ​ជម្រុះ ដើម្បី​ជ្រើស​យក​ស្នាដៃ​ភាពយន្ត​ចំនួន ​០៥ ចំណងជើង បន្ត​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ទី​៣.​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ នឹង​ប្រព្រឹត្តទៅ​នៅ​រាត្រី​ថ្ងៃទី ​២៩ ខែវិច្ឆិកា ឆ្នាំ ​២០២៤ នៅ​សាលសន្និសីទ​ចតុម្មុខ។ គណៈកម្មការ​មេ​ប្រយោគ​វគ្គ​ផ្ដាច់ព្រ័ត្រ​ នឹង​ប្រកាស​ជ្រើសរើស​ស្នាដៃ​ភាពយន្ត​ដែល​ល្អផ្ដាច់គេ ដើម្បី​ប្រគល់​ពានរង្វាន់។ ទី​៤.​គណៈកម្មការ​រៀបចំ​មហោស្រព​មាន​សិទ្ធិ​ប្រើប្រាស់​ផ្នែក​ខ្លះ នៃ​ភាពយន្ត​ខ្នាត​ខ្លី (​មិន​លើសពី ​៣០ វិនាទី​) និង​រូបភាព​សម្រាប់​ប្រើប្រាស់​ក្នុងការ​ផ្សព្វផ្សាយ​របស់​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី លើក​ទី ៤ និង​ប្រើប្រាស់​ភាពយន្ត ខ្នាត​ខ្លី​នេះ (Full Length) សម្រាប់​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​ក្នុងឱកាស​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​ ៤ ឆ្នាំ​ ២០២៤។ ទី​៥.​ស្នាដៃ​ភាពយន្ត​ដែល​បាន​ជ្រើសរើស​ចូលរួម​មហោស្រព គណៈកម្មការ​រៀបចំ​មហោស្រព​អាច​ធ្វើការផ្សព្វផ្សាយ​ភាពយន្ត (Full Length) តាមរយៈ​គេហទំព័រ​របស់​មហោស្រព ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ឬ​បញ្ជូនទៅ ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់​តំបន់ និង​អន្តរជាតិ ក្រោយពី​ទទួលបាន​ការយល់ព្រម​ពី​ម្ចាស់​សិទ្ធិ។

ពានរង្វាន់​ក្នុង​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​ ៤ រួមមាន​ ៖ ពាន​ជ័យលាភី​លេខ ​១ (Gold Award) ទទួលបាន​ពានមាស អមដោយ​ថវិកា​, ពាន​ជ័យលាភី​លេខ​ ២ (Silver Award) ទទួល​បាន​ពានប្រាក់ អមដោយ​ថវិកា​, ពាន​ជ័យលាភី​លេខ​៣ (Bronze Award) ទទួលបាន​ពាន​សំរឹទ្ធ អម​ដោយ​ថវិកា​, ពានរង្វាន់​របស់​មេ​ប្រយោគ (Special Jury Award) ទទួលបាន​ពាន អមដោយ​ថវិកា និង​ពានរង្វាន់​ទស្សនិកជន (Audience Award) ទទួលបាន​ពាន៕

អត្ថបទ ៖ សំអឿន

The post កម្ពុជា នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី ៤ ឆ្នាំ ២០២៤ រយៈពេល ៦ ថ្ងៃ appeared first on Kampuchea Thmey Daily.