កម្ពុជារកចំណូលបានជាង២,៥ ពាន់លានដុល្លារពីពន្ធគយកាលពីឆ្នាំ២០២៤

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា (GDCE) បានរាយការណ៍ថា ខ្លួនបានរកចំណូលជាង២,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងជិត១៤ភាគរយធៀបនឹងឆ្នាំ២០២៣ The post កម្ពុជារកចំណូលបានជាង២,៥ ពាន់លានដុល្លារពីពន្ធគយកាលពីឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.

កម្ពុជារកចំណូលបានជាង២,៥ ពាន់លានដុល្លារពីពន្ធគយកាលពីឆ្នាំ២០២៤

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា (GDCE) បានរាយការណ៍ថា ខ្លួនបានរកចំណូលជាង២,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងជិត១៤ភាគរយធៀបនឹងឆ្នាំ២០២៣ ទោះបីជាមានបញ្ហា​ប្រឈមួយចំនួនដូចជាការអនុវត្ត​នូវកិច្ច​ព្រមព្រៀងពាណិជ្ចកម្មសេរីដែលធ្វើឱ្យ​ប៉ះពាល់​ដល់ការកៀរគរចំណូលពន្ធគយក្តី។

លោកគុណ ញឹម ​ អគ្គនាយក GDCE បានថ្លែងនៅក្នុងកិច្ច​ប្រជុំសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ​កាលពីថ្ងៃទី១០​ ខែកុម្ភៈថា ​​ក្នុងឆ្នាំ២០២៤ GDCE បានប្រមូលចំណូលពន្ធនិងអាករចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,៥៩ ពាន់លានដុល្លារ​) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។

លោកបានថ្លែងថា៖« ការប្រមូលចំណូលក្នុងឆ្នាំ២០២៤ នេះជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញ​ការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ»។

លោកបានថ្លែងពន្យល់ថា បើគិតជាសមាសភាគចំណូលតាម​ប្រភេទពន្ធនិង​អាករធៀបនឹងចំណូលសរុប អាករលើ​តម្លៃ​បន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងកាតមានប្រមាណ ៤,៤% និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមានប្រមាណ ៤,២%។

ចំពោះសមាសភាគនៃចំណូល​តាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។

លោកថា សម្រាប់ទំហំពាណិជ្ជកម្មនាំចូលមានចំនួនជាង ២៨,៥៤៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ខណៈទំហំពាណិជ្ជកម្មនាំចេញមានចំនួនជាង ២៦,៤៧៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិច​ត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពី​ឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗ​ទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦%៕

The post កម្ពុជារកចំណូលបានជាង២,៥ ពាន់លានដុល្លារពីពន្ធគយកាលពីឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.