អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន... The post អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ១៦​ មិថុនា​ នេះ​ថា ​បច្ចុប្បន្ននេះ​ ការ​ផ្តល់​សេវា​ជូន​សមាជិក​ ប​.​ស​.​ស នៅតាម​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃ​គូ ប​.​ស​.​ស មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ច្រើន។

លោក​បណ្ឌិត​ បាន​បន្តថា ​«​ការផ្តល់សេវា​ជូន​សមាជិក​ ប​.​ស​.​ស ភាពល្អប្រសើរ​នេះ​ ដោយសារ​យើង​បាន​ប្រជុំ​ជាមួយ​ដៃគូ​សុខាភិបាល​ទាំង​រដ្ឋ​ និង​ឯកជន នៅពេល​បញ្ហា​យើង​រួមគ្នា​ដោះស្រាយ​ជា​បន្ទាន់។ ជាក់ស្ដែង កន្លងមក​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង មាន​ការ​កកស្ទះ នៃ​ការប្រើប្រាស់​សេវា​គឺ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​ជួបពិភាក្សា​គ្នា​រក​យន្តការ​បំពាក់​នូវ​ភ្នាក់ងារ​ ប​.​ស​.​ស ឱ្យ​ច្រើនជាង​មុន​ ហើយ​ការត្រួតពិនិត្យ​សុពលភាព​រហ័ស​ជាង​មុន​ដូចជា​ការបន្ថែម​នូវ​កៅអីអង្គុយ​រង់ចាំ​ ដើម្បី​ចៀសវាង​ការ​កកស្ទះ​ នៃ​ការប្រើប្រាស់​សេវា​ ហើយ​យើង​នឹង​បន្តធ្វើ​នៅ​តាម​មន្ទីរពេទ្យ​ផ្សេងៗ ​ទៀត​ ទៅ​លើ​បញ្ហា​នេះ​»។

លោក​សាស្ត្រាចារ្យ គុយ វ៉ាន់​នី រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​មាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាល​ បាន​ជំរុញ​ឱ្យ​មន្ត្រី​មណ្ឌល​សុខភាព ​និង​មន្ទីរពេទ្យបង្អែក​ស្រុក-​ខេត្ត​ ត្រូវខិតខំ​ទទួល​ស្រូបយក​អ្នកជំងឺ​ឱ្យបាន​ច្រើន ​និង​ឱ្យ​អស់ពី​សមត្ថភាព​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​កកស្ទះ​របស់​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ។

លោក​សាស្ត្រាចារ្យ​ បាន​បន្តថា «បើកាលណា​ស្រូប​បាន​ច្រើន ​ក៏​អាច​កាត់បន្ថយ​ការធ្វើដំណើរ ក៏​ដូចជា​ការចំណាយ​រប​ស់​អ្នកជំងឺ​មួយចំនួន​មកកាន់​ថ្នាក់​ខេត្ត​ ឬ​ថ្នាក់ជាតិ​ដែរ​។ នេះ​ជា​អ្វី​ដែល​ទាំងអស់​គ្នា​ចង់បាន ​ដើម្បី​ជួយ​ចែករំលែក​បងប្អូន​អ្នកជំងឺ​ទៅតាម​កម្រិត​នីមួយៗ​ ជាមួយ​នឹង​គុណភាព​ប្រសិទ្ធភាព​ការ​ទុកចិត្ត​ និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​»។

យ៉ាងណាក៏ដោយ លោក​សាស្ត្រាចារ្យ​ បានបង្ហាញ​ការគាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ស្រាលៗ គួរតែ​អញ្ជើញ​ទៅពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅតាម​មណ្ឌល​សុខភាព ​ឬ​មន្ទីរពេទ្យបង្អែក​ដើម្បី​ជួយ​កាត់​បន្ថយ​ការកកស្ទះ​របស់​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ បាន​បញ្ជាក់​ថា «​ទាក់ទិន​នឹង​ការ​កកស្ទះ​របស់​សមាជិក ​ប​.​ស​.​ស ទៅ​ទទួល​សេវា​នៅតាម​មន្ទីរពេទ្យ​ជា​ដៃគូ​នេះ​ តាម​យោបល់​ខ្ញុំ គឺថា​នៅពេលដែល​បងប្អូន​ជា​សមាជិក ប​.​ស​.​ស​ ទាំងអស់ ឈឺ​ចូលទៅ​ប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​។ ក្នុង​ករណី​បងប្អូន​មាន​ជំងឺ​ស្រាលៗ ដូចជា ជំងឺ​ផ្តាសាយ​តិចតួច ឬ​ឈឺក្បាល សូម​អញ្ជើញ​ទៅ​ប្រើប្រាស់​សេវា​នៅតាម​មន្ទីរពេទ្យ​ឯកជន ឬ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​កម្រិត ១ និង​កម្រិត ២ ជាដើម​ ដើម្បី​ទុក​លទ្ធភាព​ដល់​សមាជិក ប​.​ស​.​ស ផ្សេងទៀត​ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ជំងឺ​រ៉ាំរ៉ៃ សង្គ្រោះ​បន្ទាន់​ករណី​វះកាត់​បន្ទាន់​ទៅ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ នៅតាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​»។

លោក​បណ្ឌិត ហេង សុផាន់ណា​រិទ្ធ បាន​បញ្ជាក់​ទៀត​ថា ការអនុវត្ត​បែបនេះ ​វា​អាច​កាត់បន្ថយ​បាន​ច្រើន​។ ប៉ុន្តែ​ក្នុងករណី​សមាជិក ប​.​ស​.​ស មាន​ជំងឺ​ស្រាលៗ​ នាំគ្នា​សម្រុក​ទៅ​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ទាំងអស់គ្នា​នោះ ​នឹង​បន្ត​ការ​កកស្ទះ​ហើយ។

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ បាន​បន្ថែមថា បច្ចុប្បន្ន ប​.​ស​.​ស មាន​មូលដ្ឋាន​សុខាភិបាល ដែល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស ចំនួន ១ ៥៩៩ កន្លែង​ នៅ​ទូទាំង​ប្រទេស ក្នុងនោះ​ សាធារណៈ ១ ៤៣៤​ កន្លែង និង​ ឯកជន ១៦៥​ កន្លែង ដោយបាន​ផ្តល់​សេវា​ព្យាបាល​ថែទាំ​វេជ្ជសាស្ត្រ​ដល់​សមាជិក​ប្រមាណ​ជាង ២៤,៨ លាន​ដង បើ​គិត​ពី​ការ​អនុវត្ត​មកដល់​បច្ចុប្បន្ន៕

អត្ថបទ ៖ សំអឿន

The post អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន appeared first on Kampuchea Thmey Daily.