ឧទ្ធរណ៍សម្រេច​ជាថ្មី​​​ឲ្យ​ត្រាំបន្ត​ដាក់​ពន្ធ​នាំចូល ខណៈត្រាំ​​ហៅថា​ជា«ជ័យជម្នះ​​ដ៏អស្ចារ្យ»​

ការដំឡើងពន្ធ​របស់ត្រាំ នឹង​មាន​​ជា​ធរមាន​សម្រាប់​មួយ​រយៈពេល​ទៀត​រហូត​ដល់​ចុង​ខែ​កក្កដា​​ ដែល​នឹង​ត្រូវ​សម្រេច​ជាថ្មី​ម្តងទៀត ​ខណៈលោក​ដូណាល់ ត្រាំ ប្រឈម​​បញ្ហា​ផ្ទៃក្នុងប្រទេសដ៏ខ្លាំង​​​... The post ឧទ្ធរណ៍សម្រេច​ជាថ្មី​​​ឲ្យ​ត្រាំបន្ត​ដាក់​ពន្ធ​នាំចូល ខណៈត្រាំ​​ហៅថា​ជា«ជ័យជម្នះ​​ដ៏អស្ចារ្យ»​ appeared first on Kampuchea Thmey Daily.

ឧទ្ធរណ៍សម្រេច​ជាថ្មី​​​ឲ្យ​ត្រាំបន្ត​ដាក់​ពន្ធ​នាំចូល ខណៈត្រាំ​​ហៅថា​ជា«ជ័យជម្នះ​​ដ៏អស្ចារ្យ»​

តុលាការ​​សាលា​ឧទ្ធរណ៍​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​បានសម្រេច​ជាថ្មី​​អនុញ្ញាត​ឲ្យ​​ការ​យក​ពន្ធ​​​គយ​ជា​សកល​របស់​​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) បន្ត​មាន​​ជា​ធរមាន​សម្រាប់​មួយ​រយៈពេល​ទៀត​រហូត​ដល់​ចុង​ខែ​កក្កដា​​ ដែល​នឹង​ត្រូវ​សម្រេច​ជាថ្មី​ម្តងទៀត ​ខណៈលោក​ដូណាល់ ត្រាំ ប្រឈម​​បញ្ហា​ផ្ទៃក្នុងប្រទេសដ៏ខ្លាំង​​​។

ប្រធាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។​ Reuters

រដ្ឋបាល​​​​ប្រធានាធិបតី​ ដូណាល់ ត្រាំ ត្រូវ​បាន​រារាំង​ដោយ​តុលាការ​​​ដំបូង​ (តុលាការ​ជាន់ទាប) ក្នុងការ​​យកពន្ធ​​ដ៏ទូលំទូលាយ​​ដែល​​​រដ្ឋបាល​របស់​លោក ត្រាំ​ បានធ្វើឡើង​​​​ជា​​​​​​​ការ​ប្រឆាំង​ចំពោះ​ឱនភាព​​ពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែ​​ប្រទេសជាច្រើន រួមទាំងប្រទេសចិន​បាន​ប្រឆាំង​តបត​វិញ ដោយ​វិធានការសងសឹក​។

ការសម្រេចចិត្ត​​របស់​តុលាការ​​​​សាលាឧទ្ធរណ៍​​អាមេរិក​ កាលពីថ្ងៃអង្គារ​ទី​​​​​១០​ខែមិថុនា បាន​ពង្រីកការ​ធូរស្រាល​​ជា​បណ្តោះអាសន្នសម្រាប់រដ្ឋបាល​ក្នុង​អំឡុង​ពេលនេះ​ ដែល​លោក ប្រឈម​​ការ​តវ៉ា​​ផ្ទៃ​ក្នុង​ប្រទេសដ៏ខ្លាំង​ ជាពិសេស​ការ​តវ៉ា​​នៅ​ទីក្រុង​​ Los Angeles ​និង​ការ​តវ៉ារីករាលដាល​ទៅកាន់ទៅក្រុង​​ផ្សេងៗ​ទៀត។ ​

​​លោក ដូណាល់ ត្រាំ កំពុង​ប្រឈម​​​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​​​យ៉ាងខ្លាំង មិនត្រឹមតែ​គោលនយោបាយ​​ការបរទេស​​តាមរយៈ​ការបង្កើន​ការ​​ដាក់​ពន្ធ​គយ​ប៉ុណ្ណោះទេ ប៉ុន្តែ​គោលនយោបាយ​និរទេស​ជន​អន្តោរប្រវេស​​​ន៍​​ដែលមិនគ្រប់​លក្ខខណ្ឌ​ ក៏កំពុងធ្វើឲ្យ​លោក ត្រាំ បាត់​បង់​​អំណាច​ដោយសារ​ការបញ្ជា​ឲ្យ​មានការ​បង្រ្កាប​យ៉ាងចាស់​ដៃ។

​​ម្យ៉ាងវិញ​ទៀត ជម្លោះ​​​​​​រហូត​ដល់​ចែក​ផ្លូវគ្នា រវាងលោក ដូណាល់ ត្រាំ និង​ មហាសេដ្ឋី​ Elon Musk ក៏កំពុង​ធ្វើ​ឲ្យ​លោក​ត្រាំ​បាត់​បង់​ការ​គាំទ្រ​​នៅ​ក្នុង​ជួរបក្ស​របស់​លោកដែរ​។

​ក្រោយ​ការ​សម្រេច​នេះ ប្រធានាធិបតី​ ត្រាំ ​នៅ​ថ្ងៃពុធ បាននិយាយថា សាលាឧទ្ធរណ៍បានសម្រេចថា សហរដ្ឋអាមេរិកអាចប្រើប្រាស់ពន្ធដើម្បី «ការពារខ្លួនប្រឆាំងនឹងប្រទេសផ្សេងទៀត» និងបានសាទរចំពោះការសម្រេចចិត្តនេះ ដោយ​ហៅ​ថា​វាថា ជា «ជ័យជម្នះដ៏អស្ចារ្យ និងសំខាន់សម្រាប់សហរដ្ឋអាមេរិក»​។

ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងប្រធានាធិបតីក្នុងខែមករា ប្រធានាធិបតី​​ ដូណាល់ ត្រាំ បានផ្លាស់ប្តូរទំនាក់ទំនង​ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកឡើងវិញជាមួយពិភពលោក ខណៈពេលដែលប្រើប្រាស់ពន្ធគយជាយុទ្ធសាស្ត្រចរចា​ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលបរទេស។

នៅដើមខែមេសា លោកបានបង្ហាញពីការយកពន្ធលើដៃគូពាណិជ្ជកម្មភាគច្រើន ដោយដាក់កម្រិតពន្ធមូលដ្ឋាន ១០ ភាគរយ។ ជាមួយគ្នា​នោះ លោក​បានដាក់​​ការគំរាមកំហែង​ដាក់​ពន្ធដ៏ខ្ពស់​​លើសេដ្ឋកិច្ច​នៃ​ប្រទេស​ជាច្រើន​ពី​អាស៊ីអាគ្នេយ៍ រួមទាំង​សហភាពអឺរ៉ុបផងដែរ។

​​​សេចក្តីសម្រេច​បណ្តោះអាសន្ន​របស់​សាលាឧទ្ធរណ៍​នេះ ត្រូវបាន​មើល​ឃើញ​ថា ​ជា​ការ​រារាំងមិនឱ្យចូលជាធរមាន បន្ទាប់ពីតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបានសម្រេចកាលពីខែឧសភាថា ប្រធានាធិបតីអាមេរិកបាន​ធ្វើ​ហួសពីអំណាចរបស់ខ្លួន​ជាមួយនឹងពន្ធលើសកលលោកក្នុងឆ្នាំនេះ។

សេចក្តីសម្រេចរបស់តុលាការពាណិជ្ជកម្មក៏បានលុបចោលកាតព្វកិច្ចដែលលោក ត្រាំ​ បានដាក់លើប្រទេសកាណាដា ចិន និងម៉ិកស៊ិក ដោយប្រើអំណាចគ្រាអាសន្ន។

ការសម្រេច​របស់​តុលាការ​សាលា​ឧទ្ធរណ៍​នេះ​នឹងមានរយៈពេលរហូតដល់​ចុង​ខែ​កក្កដា ដែល​នឹង​មានការជំនុំជម្រះថ្មី និង​មានអំណាងថ្មី​ទៀត៕

ដោយ រ៉ាន់ រើយ​

The post ឧទ្ធរណ៍សម្រេច​ជាថ្មី​​​ឲ្យ​ត្រាំបន្ត​ដាក់​ពន្ធ​នាំចូល ខណៈត្រាំ​​ហៅថា​ជា«ជ័យជម្នះ​​ដ៏អស្ចារ្យ»​ appeared first on Kampuchea Thmey Daily.