អារម្មណ៍រំជើបរំជួល Odawara ប្តេជ្ញាយកពានជូនលោកគ្រូ Monuz ចុងក្រោយ
ខ្សែការពារ Takashi Odawara បានបង្ហាញអារម្មណ៍រំជើបរំជួលចំពោះការចាកចេញរបស់លោក Pep Monuz ពីតួនាទីជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង The post អារម្មណ៍រំជើបរំជួល Odawara ប្តេជ្ញាយកពានជូនលោកគ្រូ Monuz ចុងក្រោយ appeared first on Kampuchea Thmey Daily.

ខ្សែការពារ Takashi Odawara បានបង្ហាញអារម្មណ៍រំជើបរំជួលចំពោះការចាកចេញរបស់លោក Pep Monuz ពីតួនាទីជាគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ប៉ុន្តែរូបគេបានប្តេជ្ញាស្វែងរកពានរង្វាន់ចុងក្រោយជូនលោកគ្រូ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៨ កីឡាករ Takashi Odawara បាននិយាយថា ៖«ថ្ងៃស្អែកគឺជាពេលវេលាដ៏រំភើបរីករាយសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពីព្រោះយើងមានការប្រកួតជាច្រើននៅក្នុងរដូវកាលនេះ។ ជារដូវកាលមួយដ៏មមាញឹក ប៉ុន្តែយើងបានរួមគ្នាបង្ហាញសមត្ថភាពដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយសម្រាប់ការប្រកួតថ្ងៃស្អែក ហើយយើងនឹងលើកពាន»។

កីឡាករបានបន្តថា ៖«ដូចយើងដឹងហើយ ការប្រកួតនេះគឺជាពេលវេលាចុងក្រោយរបស់លោកគ្រូ Pep។ ខ្ញុំបានគិតថា លោកបានផ្តល់ឲ្យក្លិបច្រើនណាស់នៅក្នុងពីររដូវកាល។ ជាអារម្មណ៍ផ្ទាល់ខ្លួន ខ្ញុំពិតជាកោតសរសើរលោកខ្លាំងណាស់។ លោកបានផ្តល់ច្រើនណាស់ដល់ការប្រកួតនៅលើទីលាន ហើយខ្ញុំក៏ជឿថា កីឡាករផ្សេងៗទៀតក៏មានអារម្មណ៍ដូចខ្ញុំដែរ។ ដូច្នេះសម្រាប់ថ្ងៃស្អែក ខ្ញុំនឹងយកពានមួយនេះសម្រាប់ក្លិប ប៉ុន្តែជាពានពិសេសសម្រាប់ជូនលោកគ្រូ Pep ដែរ»។

ក្រោយចប់ការនិយាយដោយមានសំដីមួយៗ និងសំឡេងហាក់រំជើបរំជួល លោក Pep Monuz បានយល់ពីអារម្មណ៍ដោយបានយកដៃស្ទាបអង្អែលក្បាលរបស់កីឡាករ Odawara។

ក្នុងរយៈពេលពីររដូវកាលនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានរួមចំណែកយ៉ាងធំធេងឲ្យក្លិប ព្រះខ័នរាជស្វាយរៀង ទទួលបានជោគជ័យទាំងការប្រកួតពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ។ លោកបានជួយក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជាពីររដូវកាលជាប់គ្នា (២០២៣-២៤ និង២០២៤-២៥, ឈ្នះពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់២០២៤, ឈ្នះពានសម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ និងទទួលបានចំណាត់ថ្នាក់លេខ២ពានរង្វាន់អាស៊ី AFC Challenge League រដូវកាល២០២៤-២៥។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកបានដឹកនាំព្រះខ័នរាជស្វាយរៀងចំនួន ៨៨ប្រកួត គឺឈ្នះ ៦៧ប្រកួត ស្មើ៨ប្រកួត និងចាញ់១៣ប្រកួត។ ក្នុងចំណោមការប្រកួតទាំងអស់នេះមានភាពរំជើបរំជួល រំភើបរីករាយ និងអស្ចារ្យជាច្រើនរវាងក្រុមការងារគ្រូបង្វឹក ក្រុមកីឡាករ ថ្នាក់ដឹកនាំ និងអ្នកគាំទ្រ៕


អត្ថបទ៖ វីរបុត្រ
The post អារម្មណ៍រំជើបរំជួល Odawara ប្តេជ្ញាយកពានជូនលោកគ្រូ Monuz ចុងក្រោយ appeared first on Kampuchea Thmey Daily.