អាជ្ញាធរខណ្ឌមានជ័យដាក់គ្រឿងចក្រ ចុះប្រមូលសំរាមនៅប្រឡាយស្ទឹងមានជ័យ
រដូវវស្សាបានខិតជិតមកដល់អាជ្ញាធរខណ្ឌមានជ័យបានដាក់គ្រឿងចាក់ស្ដារសំរាមចេញពីក្នុងប្រឡាយលូស្ទឹងមានជ័យ ដើម្បីឱ្យលំហូរទឹកភ្លៀងដែលហូរចូលមកបានលឿន The post អាជ្ញាធរខណ្ឌមានជ័យដាក់គ្រឿងចក្រ ចុះប្រមូលសំរាមនៅប្រឡាយស្ទឹងមានជ័យ appeared first on Kampuchea Thmey Daily.

ភ្នំពេញ ៖ រដូវវស្សាបានខិតជិតមកដល់អាជ្ញាធរខណ្ឌមានជ័យបានដាក់គ្រឿងចាក់ស្ដារសំរាមចេញពីក្នុងប្រឡាយលូស្ទឹងមានជ័យ ដើម្បីឱ្យលំហូរទឹកភ្លៀងដែលហូរចូលមកបានលឿន និងបញ្ចៀសការជនលិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅត្រង់ចំណុចមួយចំនួន។

លោកពូ រ៉េត សុវណ្ណម៉ានដេ ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបានលើកឡើងថា ជារៀងរាល់ថ្ងៃគាត់តែឃើញមានពលរដ្ឋមួយចំនួនតូច រស់នៅអមសងខាងប្រឡាយលូនេះ បានប្រមូលសំរាម តាមខ្នងផ្ទះរៀងៗខ្លួនមកដាក់ក្បែរមាត់លូ នឹងខ្លះទៀតឆ្លៀតឱកាសស្ងាត់ បោះចូលក្នុងប្រឡាយលូតែម្តង ដែលធ្វើឱ្យសំរាមអណ្តែតពាសពេញផ្ទៃទឹកលូ។

ពលរដ្ឋបន្តថា ដោយពលរដ្ឋមួយចំនួន នៅខ្វះការយល់ដឹង ពីការវេចខ្ចប់កាកសំណល់លាយលំចូលគ្នា ធ្វើឱ្យសំរាមសាយភាយក្លិនមិនល្អ ប្រសិនជាក្រុមហ៊ុនប្រមូលសំរាមឯកជនមានការយឺតយ៉ាវ ប្រមូលមិនទាន់ សំរាមនឹងជះផលប៉ះពាល់ទៅដល់ការរស់នៅរបស់ពលរដ្ឋ។

បើយោងតាមកិច្ចសម្ភាសន៍ជាមួយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានលើកឡើងថា ដើម្បីសម្រួលប្រព័ន្ធផ្លូវទឹក ឱ្យហូរបានលឿន និងត្រៀមសម្រាប់រដូវវស្សាចូលមកដល់ អាជ្ញាធរបានធ្វើការសហការជាមួយនឹងមន្ទីរសាធារណៈរាជធានីភ្នំពេញ ធ្វើការប្រមូលសំរាមចេញពីក្នុងប្រឡាយលូស្ទឹងមានជ័យ។
ក្នុងនោះសំរាមភាគច្រើនជាប្លាស្ទិក ប្រអប់ស្នោ ជាដើមនៅក្នុងប្រឡាយ ដោយសារតែការយល់ដឹងពាក់ព័ន្ធបញ្ហាទុកដាក់សំរាមនេះពលរដ្ឋមានការយល់ដឹងតិចនៅមានកម្រិតដូចនេះហើយ ទើបសំរាមមួយចំនួនចោលពាសវាលពាសកាលធ្វើឱ្យមានសត្វពាហនៈខាំបណ្ដាលឱ្យដាច់ថង់ធ្វើឱ្យសំរាមហូរមកតាមទឹក ឬក៏ចូលមកតាមមាត់លូ។

លោកបានបន្តទៀតថា អាជ្ញាធរ តែងតែចុះស្តារសំរាមតាមប្រឡាយនេះ ១ដង ទៅ២ដង ក្នុងមួយឆ្នាំ ទៅតាមបរិមាណសំរាម។ យើងសំអាតរហូតព្រោះប្រឡាយហ្នឹង ឱ្យតែមានសំរាមរៀងច្រើន យើងសំអាតហើយ។ រដូវប្រាំងមិនសូវអីប៉ុន្មានទេ ប៉ុន្តែរដូវវស្សា គឺយើងត្រូវប្រយ័ត្នប្រយែងហើយ ព្រោះថាសំរាមច្រើន ធើ្វឱ្យទឹកហូរយឺត នាំឱ្យមានការជនលិចនៅផ្នែកមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ជាចុងក្រោយក្នុងនាមជាអាជ្ញាធរមូលដ្ឋានក៏សូមសំណូមពរទៅដោយបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងបញ្ចេញសំរាមតាមម៉ោងកំណត់ដែលក្រុមហ៊ុនប្រមូលសំរាមនីមួយៗមកប្រមូល៕
អត្ថបទ ៖ ម៉េង

The post អាជ្ញាធរខណ្ឌមានជ័យដាក់គ្រឿងចក្រ ចុះប្រមូលសំរាមនៅប្រឡាយស្ទឹងមានជ័យ appeared first on Kampuchea Thmey Daily.