សំបុកត្រចៀកកាំកម្ពុជា រំពឹងមានទីផ្សារល្អ បន្ទាប់​ពី​ចិនអនុញ្ញាតឱ្យនាំចូល

លោក ស៊ុយ កុកធាន បញ្ជាក់ថា ទោះជាយ៉ាងណានេះជាជំហានដ៏ជោគជ័យ ដែលកសិករ​រង់ចាំយូរហើយ... The post សំបុកត្រចៀកកាំកម្ពុជា រំពឹងមានទីផ្សារល្អ បន្ទាប់​ពី​ចិនអនុញ្ញាតឱ្យនាំចូល appeared first on Kampuchea Thmey Daily.

សំបុកត្រចៀកកាំកម្ពុជា រំពឹងមានទីផ្សារល្អ បន្ទាប់​ពី​ចិនអនុញ្ញាតឱ្យនាំចូល

លោក ស៊ុយ កុកធាន ប្រធាន​សមាគម​ត្រចៀក​កាំ​កម្ពុជាបានលើកឡើងនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ថា កាលដែលប្រទេ​ស​កម្ពុជា និងប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាជំហានមួយធំ ក្នុងការបើកផ្លូវឱ្យ​សំបុក​ត្រចៀកកាំកម្ពុជាអាចនាំទៅចិនបាន។

លោក ស៊ុយ កុកធាន បញ្ជាក់ថា៖ «ប៉ុន្តែយើងត្រូវសិក្សាពីនីតិវិធីមួយចំនួនទៀត អញ្ចឹង​ហើយ​បានជាខាងសមាគម ក៏ដូចជាអ្នកអភិរក្សត្រចៀកកាំ អ្នកដែលធ្វើការកែច្នៃ និងនាំចេញហ្នឹង ទៅជជែក​ពិភាក្សាជាមួយអ្នកជំនាញរបស់ក្រសួងកសិកម្ម ដើម្បីបញ្ជាក់ថា តើនីតិវិធីដែល​យើងត្រូវធ្វើបន្តបន្ទាប់ទៀតនោះ មានលក្ខណៈយ៉ាងម៉េច»។

លោក ស៊ុយ កុកធាន បញ្ជាក់ថា ទោះជាយ៉ាងណានេះជាជំហានដ៏ជោគជ័យ ដែលកសិករ​រង់ចាំយូរហើយ។

សូមជំរាបថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង មក​ប្រទេស​កម្ពុជា មាន​ការ​ចុះ​ហត្ថលេខា​លើឯកសារ​​ពិធីសារ​ចំនួន ៣ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ចំនួន ៣ មុខ របស់​កម្ពុជាទៅ​ទីផ្សារ​ប្រទេស​ចិន។

ក្នុង​នោះ​មាន​ពិធីសារស្តីពី​លក្ខខណ្ឌ​តម្រូវក្នុងការ​ធ្វើអធិការកិច្ច ចត្តាឡីស័ក និង​អនាម័យ​សម្រាប់​នាំចេញសំបុក​ត្រចៀក​កាំ​ដែល​មិន​ទាន់សម្អាត និង​សំបុក​ត្រចៀកកាំ​ដែលបានសម្អាត​ពី​កម្ពុជាទៅចិន។

លោក ​ស៊ុយ ​កុកធាន បានបន្ថែមថា ការអភិរក្សសំបុកត្រចៀក​កាំមានលក្ខណៈល្អ សម្រាប់​​ប្រជាកសិករខ្មែរ ដែលមិនសូវមានពេល គាត់ចិញ្ចឹមត្រចៀកកាំគឺល្អ ពីព្រោះត្រចៀកកាំមិនត្រូវការថែទាំច្រើន ខណៈការចំណាយទៅលើប្រតិបត្តិការក៏តិច ដែលជា​ចំណូល​បន្ថែម។

បើតាមលោក ​ស៊ុយ ​កុកធាន ទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជានៅមានសក្ដានុពល ដោយ​សារតែ​ ​ចិន តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ជាពិសេសប្រទេសចិន គឺជាប្រទេសដែលមានចំណង​មិត្ត​ភាព​ធំ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនជាមួយកម្ពុជា ដូច្នេះសំបុកត្រចៀកកាំមានសក្ដានុពល​ខ្ពស់​ក្នុងការ​នាំ​ចេញទៅប្រទេសចិន។

តម្លៃសំបុកត្រចៀកកាំបច្ចុប្បន្ន ៣០០ ទៅ ៤៥០ ដុល្លារ សម្រាប់សំបុកមិនទាន់កែច្នៃ ប៉ុន្តែ​បើ​កែច្នៃហើយចន្លោះពី ៩០០ ទៅ ១៥០០ ក្នុងមួយគីឡូក្រាម។

ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត ខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបន្ត បច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។

តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

The post សំបុកត្រចៀកកាំកម្ពុជា រំពឹងមានទីផ្សារល្អ បន្ទាប់​ពី​ចិនអនុញ្ញាតឱ្យនាំចូល appeared first on Kampuchea Thmey Daily.