លោក ត្រាំ នឹងបញ្ចេញឯកសារសម្ងាត់ចំនួន ៨០ ០០០ទំព័រ ពាក់ព័ន្ធនឹងរឿងក្ដីធ្វើឃាតលោក Kennedy
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកគ្រោងនឹងចេញផ្សាយឯកសារប្រហែល ៨០ ០០០ទំព័រ ដែលទាក់ទងនឹងការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy (JFK)... The post លោក ត្រាំ នឹងបញ្ចេញឯកសារសម្ងាត់ចំនួន ៨០ ០០០ទំព័រ ពាក់ព័ន្ធនឹងរឿងក្ដីធ្វើឃាតលោក Kennedy appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកគ្រោងនឹងចេញផ្សាយឯកសារប្រហែល ៨០ ០០០ទំព័រ ដែលទាក់ទងនឹងការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy (JFK)។ ឯកសារទាំងនេះ នឹងដាក់បង្ហាញជាសាធារណៈនៅថ្ងៃអង្គារទី១៨ខែមីនានេះ ដោយបំពេញតាមការសន្យាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ដើម្បីបំភ្លឺអំពីព្រឹត្តិការណ៍ជុំវិញការធ្វើឃាតលោក Kennedy ក្នុងទីក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣។

ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌល Kennedy ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា៖ «មនុស្សម្នារង់ចាំរាប់ទសវត្សរ៍សម្រាប់រឿងនេះ»។ លោកបានបន្ថែមថា ការចេញផ្សាយនេះនឹងមានលក្ខណៈ«គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់»។
ការកត់សម្គាល់របស់លោក ត្រាំ អនុវត្តតាមបទបញ្ជាប្រតិបត្តិខែមករា ដែលអំពាវនាវឲ្យមានការចេញផ្សាយនូវកំណត់ត្រាដែលនៅសេសសល់ទាំងអស់ស្តីពីការធ្វើឃាតអតីតប្រធានាធិបតីទី៣៥របស់អាមេរិក ក៏ដូចជាឯកសារទាក់ទងនឹងការធ្វើឃាតលោក Robert F Kennedy និងទស្សនវិទូនយោបាយនិងជាសកម្មជនល្បីឈ្មោះ លោក Martin Luther King Jr.។
នៅក្រោមបទបញ្ជានេះ លោក ត្រាំ បានណែនាំឲ្យនាយកស៊ើបការណ៍ជាតិ លោក Tulsi Gabbard បង្ហាញផែនការក្នុងរយៈពេល ១៥ថ្ងៃសម្រាប់ «ការចេញផ្សាយពេញលេញ និងទាំងស្រុង» នៃឯកសារស្តីពីការធ្វើឃាត JFK។

ការស្លាប់របស់ JFK បានធ្វើឲ្យសង្គមអាមេរិកមានមន្ទិលអស់ជាច្រើនទស្សវត្សមកហើយ ជាមួយនឹងការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិកភាគច្រើននៅតែសង្ស័យពីការពន្យល់ជាផ្លូវការនៃករណីនេះ។
នៅក្នុងការស្ទង់មតិរបស់ Gallup ឆ្នាំ២០២៣ ប្រជាជនអាមេរិក ៦៥ភាគរយ បាននិយាយថា ពួកគេមិនទទួលយកការរកឃើញរបស់គណៈកម្មការ Warren ដែលថា លោក Lee Harvey Oswald ដែលជាទាហានជើងចាស់ម៉ារីនអាមេរិកដែលត្រូវបានចាប់ខ្លួនជុំវិញការស្លាប់របស់ JFK បានធ្វើសកម្មភាពតែម្នាក់ឯងនៅក្នុងការសម្លាប់ប្រធានាធិបតីឡើយ។
២០ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិផ្សេងទៀត បានប្រាប់ថា ពួកគេជឿថា លោក Oswald បានឃុបឃិតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈ ១៦ភាគរយ យល់ឃើញថា លោក Oswald បានបម្រើការឲ្យ CIA៕
ដោយ៖ ឈាង
The post លោក ត្រាំ នឹងបញ្ចេញឯកសារសម្ងាត់ចំនួន ៨០ ០០០ទំព័រ ពាក់ព័ន្ធនឹងរឿងក្ដីធ្វើឃាតលោក Kennedy appeared first on Kampuchea Thmey Daily.